(កណ្តាល)៖ មន្រ្តីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ខេត្តកណ្តាល សហការជាមួយមន្រ្តីនៃមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរ ដែនដី ដោយមានការឯកភាពពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ បានចុះបិទសិប្បកម្មផលិត ពពុះសណ្តែក ២ទីតាំងជាបណ្តោះអាសន្ន ដែលស្ថិតនៅភូមិកោះតូច និងភូមិក្បាលកោះ ឃុំកោះឧកញ៉ាតី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដែលបាន ផលិតពពុះសណ្តែកដាក់ សារធាតុគីមីបូរ៉ាក់។
លោក តូច ចៅកុយ ប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ខេត្តកណ្តាល បានឲ្យដឹងថា ជាលទ្ធផល ក្រោយ ពីធ្វើតេស្តបឋម សិប្បកម្មផលិតពពុះសណ្តែក នៅភូមិក្បាលកោះ មានដាក់សារធាតុគីមី បូរ៉ាក់ និងសូដ្យូមអ៊ីដ្រូស៊ុលហ្វីត (ម៉្សៅស) ក្រុមការងារជំនាញ ក៏បានដកហូត ផលិតផលដែលបានផលិតរួចយកមករក្សាទុក និងបានធ្វើកិច្ចសន្យាបញ្ឈប់សិប្បកម្មបណ្តោះអាសន្ន និងបានឱ្យធ្វើការកែប្រែ។
សិប្បកម្មពពុះសណ្តែកមួយទៀតនៅភូមិកោះតូច មានដាក់សារធាតុគីមីដែរ តែដោយហេតុថា ជាថ្ងៃទីមួយនៃការផលិត មន្ត្រីជំនាញក៏បានធ្វើកិច្ចសន្យាឱ្យបញ្ឈប់ការ ដាក់បន្ថែម សារធាតុគីមី។
លោក តូច ចៅកុយ បានឲ្យដឹងទៀតថា ក្នុងករណីដែលសិប្បកម្មទាំងពីរខាងលើ ប្រសិនបើមានជាលើកទី២ នឹងអនុវត្តនីតិវិធីច្បាប់៕