Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រវត្តិដ៏យូរលង់របស់វត្តស្វាយជ្រំ ខេត្តស្វាយរៀង ដែលពលរដ្ឋទូទៅល្បីល្បាញពេញប្រទេស ធ្លាយដល់ក្រៅប្រទេស (Video inside)

14-01-2021 19:31

(ស្វាយរៀង)៖ ចាប់កំណើតឡើងនៅក្នុងសម័យឧដុង្គ វត្តស្វាយជ្រំ ត្រូវបានកសាងឡើងដំបូងនៅឆ្នាំ១៧៧០ ជាមួយនឹងការគោរពបូជាយ៉ាងជឿជាក់ពីសំណាក់ពុទ្ធបរិស័ទ និងប្រជាពលរដ្ឋទាំងក្នុងប្រទេស និងក្រៅប្រទេស។

បច្ចុប្បន្ន វត្តស្វាយជ្រំមានទីតាំងស្ថិតនៅភូមិបឹងវែង ឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ពោលគឺខាងជើងផ្លូវជាតិលេខ១ ចម្ងាយ ១០គីឡូម៉ែត្រពីទីរួមខេត្ត។

បើតាមលោកគ្រូអាចារ្យនាម អិន សន អាយុ៨៨ឆ្នាំ បានរៀបរាប់ថា វត្តស្វាយជ្រុំ គឺជាវត្តដ៏ចំណាស់មួយប្រចាំខេត្តស្វាយរៀង។ ជារៀងរាល់ថ្ងៃ មានប្រជាពលរដ្ឋទាំងទីជិតឆ្ងាយបានមកបន់ស្រន់នូវបំណងប្រាថ្នារបស់ពួកគេរៀងៗខ្លួន ក្នុងនោះមានទាំងការសុំឲ្យមានកូន លក់ដីដាច់ ស្បថស្បែរជាដើម ហើយការបន់ស្រន់ទាំងនោះ អ្នកខ្លះក៏ទទួលបានផលតាមបំណងប្រាថ្នាដែរ ហេតុនេះហើយធ្វើឲ្យប្រជាពលរដ្ឋមួយចំនួនធំមានជំនឿជឿជាក់លើបារមីវត្តស្វាយជ្រុំនេះ។

បើតាមលោក ទីវ សុភា ប្រធានមន្ទីរធម្មការ និងសាសនាខេត្តស្វាយរៀង បានប្រាប់ភ្ញាក់ងារ Fresh News ឲ្យដឹងថា វត្តស្វាយជ្រំនេះត្រូវបានកសាងឡើងតាំងពីឆ្នាំ១៧៧០ ដោយព្រះតេជគុណព្រះនាម កឹ ជាព្រះគ្រូចៅអធិការដំបូងបង្អស់ រួមជាមួយពុទ្ធបរិស័ទចំណុះជើងវត្ត។

លោក ទីវ សុភា បានបញ្ជាក់ថា ហេតុដែលនាំឲ្យហៅថា វត្តស្វាយជ្រំ ដោយសារទីវត្តនេះសម្បូរទៅដោយដើមស្វាយ ដែលអ្នកស្រុកដាំដុះឡើងជាច្រើនដើម ទើបគេដាក់ឈ្មោះថា វត្តស្វាយជ្រំ រហូតដល់សព្វថ្ងៃ។

ហេតុដែលនាំឱ្យពុទ្ធបរិស័ទមានជំនឿស័ក្តិសិទ្ធិចំពោះបារមីព្រះអង្គធំក្នុងវត្តនេះ ដោយសារមានដំណាលថា មានសម័យថ្ងៃមួយ ពុទ្ធបរិស័ទបានឃើញព្រះកេសព្រះពុទ្ធបានអណ្តែតបញ្ច្រាសទឹកតាមទន្លេដែលនៅក្បែរទីនោះ ទើបនាំគ្នាស្រង់មកតម្កល់ ហើយកសាងវត្តទុកជាទីសក្ការៈមកទល់ពេលបច្ចុប្បន្ន។

លោកប្រធានមន្ទីរបានបន្តថា នៅមុនឆ្នាំ១៩៧៥ ដោយវត្តស្វាយជ្រំនេះដឹកនាំគ្រប់គ្រងដោយព្រះតេជគុណ ដុក ផង់ ជាព្រះគ្រូចៅអធិការ និងជាអនុគណស្រុកស្វាយជ្រំ រួមជាមួយលោកអាចារ្យ គណៈកម្មការ និងពុទ្ធបរិស័ទ កសាងបានកុដិថ្ម ២ជាន់ ២ខ្នង កុដិឈើ ៤ខ្នង ឧបត្ថម្ភសាលាថ្មជាន់ក្រោម ១ខ្នង ព្រះវិហារថ្ម ១ខ្នង ហោត្រ័យថ្ម ១ខ្នង ស្រះទឹក ២កន្លែង ដាំដើមឈើជាច្រើនដើម ហើយបាននិមន្តយាងសម្តេចព្រះសុមេធាធិបតី ជូន ណាត ជោតញ្ញាណោ ព្រះសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា ជាព្រះអធិបតីក្នុងពិធីបុណ្យឆ្លងសមិទ្ធផលផ្សេងៗ។

លោកបានបន្ថែមថា ចាប់ពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ ត្រូវបានពួកខ្មែរក្រហម ប៉ុល ពត បំផ្លាញចោលខ្លះ នៅសល់ឧបដ្ឋានសាលាជាន់ក្រោម ហោត្រ័យ ១ និងកុដិថ្ម ២ជាន់ ២ខ្នង ដោយកន្លែងនេះជាកន្លែងធ្វើការរបស់អង្គការខ្មែរក្រហម។

លុះដល់ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ ព្រះពុទ្ធសាសនាត្រូវបានរស់ឡើងវិញ រីឯទីអារាមស្វាយជ្រំនេះក៏ត្រូវបានកសាងឡើងវិញនៅឆ្នាំ១៩៨០ ដឹកនាំដោយព្រះភិក្ខុនាម ប្រាជ ឡឹង ព្រះគ្រូចៅអធិការ និងជាអតីតអនុគណស្រុកស្វាយជ្រំ ព្រះគ្រូចៅអធិការព្រះនាម គង់ ស៊ុ ព្រះគ្រូចៅអធិការព្រះនាម រស់ ឆុន ព្រះចៅអធិការព្រះនាម សៅ ភឿន និងព្រះគ្រូចៅអធិការព្រះនាម ញ៉ែម សុភារម្យ ដោយមានការជួយឧបត្ថម្ភពីប្រមុខថ្នាក់ដឹកនាំជាតិគ្រប់លំដាប់ថ្នាក់ និងថ្នាក់ដឹកនាំខេត្ត ក្រុង ស្រុក ក្រុមការងារចុះថ្នាក់ចុះជួយស្រុកស្វាយជ្រំគ្រប់លំដាប់ថ្នាក់ រួមជាមួយពុទ្ធបរិស័ទចំណុះជើងវត្ត ពុទ្ធបរិស័ទក្នុងនិងក្រៅប្រទេស បានជួយកសាងអភិវឌ្ឍវត្តស្វាយជ្រំឲ្យមានការរីកចម្រើនជាបន្តបន្ទាប់រហូតដល់សព្វថ្ងៃ៕