(ត្បូងឃ្មុំ)៖ ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានអំពាវដល់ប្រជាពលរដ្ឋស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ឱ្យរួមគ្នាថែរក្សាបឹង ទំនប់ ប្រឡាយ នៅមូលដ្ឋានរបស់ខ្លួន ដើម្បីបង្កបង្កើនផល។ ជាមួយគ្នានេះ លោកបានផ្តល់ជាអនុសាសន៍ដល់កសិករថា កសិករមិនគួរលក់ដីដែលមានជីជាតិរបស់ខ្លួនទេ ពីព្រោះការលក់ដីនេះទទួលបានប្រាក់ត្រឹមមួយពេល តែបើទុកជួល ឬបង្កបង្កើនផល នឹងទទួលបានប្រាក់ចំណូលមួយជីវិត។
លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ថ្លែងបែបនេះ ក្នុងឱកាសដែលលោកដឹកនាំមន្ត្រីជំនាញចុះពិនិត្យ បឹង ប្រឡាយ និងទំនប់ទឹកមួយចំនួន ក្នុងឃុំចំនួន០៤ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ដើម្បីសិក្សាធ្វើយ៉ាងណារក្សា និងទាញយកប្រភពទឹកសម្រាប់ស្រោចស្រពដំណាំផ្សេងៗរបស់ប្រជាកសិករ នារដូវប្រាំង ដោយក្នុងនោះក៏មានការរួមដំណើរដោយ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត រួមទាំងថ្នាក់ដឹកនាំខេត្ត មន្ទីរ អង្គភាពជុំវិញខេត្ត និងអាជ្ញាធរស្រុកក្រូចឆ្មារផងដែរ។
លោកឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ទៅកាន់ប្រជាពលរដ្ឋ ពិសេសអាជ្ញាធរ ភូមិ/ឃុំ ឱ្យសិក្សាឲ្យបានច្បាស់ថា ត្រូវជីកប្រឡាយ ធ្វើទំនប់បែបណាដើម្បីរក្សាទឹកបានច្រើន អាចប្រើប្រាស់គ្រប់គ្រាន់ តាមតំបន់នីមួយៗ ខណៈក្រុមការងារត្រៀមជានិច្ច ក្នុងការជួយតាមសំណូមពររបស់មូលដ្ឋាន។
ឆ្លៀតក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានដោះស្រាយបញ្ហាដីនៅតំបន់ជាប់បឹង ជូនប្រជាពលរដ្ឋដោយប្រើប្រាស់យុទ្ធសាស្ត្រឈ្នះឈ្នះបានយ៉ាងល្អ និងបានលើកទឹកចិត្តជួយសម្រួលប្រជាពលរដ្ឋ ធានាជួយទិញគោ ដែលពលរដ្ឋចិញ្ចឹមផងដែរ។
នៅក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ក៏បានចាត់ឲ្យក្រុមការងារចុះជួយអន្តរាគមន៍ស្តារប្រឡាយមួយចំនួន ដូចជាប្រឡាយវត្តគគីរ និងប្រឡាយទួលតាចក់, ដាក់ម៉ាស៊ីនបូមទឹកចំនួន២ ជួយបូមទឹកពីព្រែកចាមចូលប្រឡាយប្រវែង៤គីឡូម៉ែត្រ បម្រើប្រយោជន៍កសិករ៦ភូមិ លើផ្ទៃដីជាង២០០ហិកតា។ ក្រុមការងារក៏គ្រោងជីកស្រះធំមួយនៅឃុំស្វាយឃ្លាំង បម្រើការស្រោចស្រពលើផ្ទៃដីច្រើនជាង ៣០០ ហិកតា។ ក្រុមការងារបានអន្តរាគមន៍ស្តារប្រឡាយអូឈ្លើង យកទឹកពីបឹងធំ ក្នុងឃុំរការខ្នុរ សម្រាប់ស្រោចស្រពដំណាំថ្នាំជក់ ពោត ប្រជាពលរដ្ឋចំនួន៥ភូមិទៀតផង។
ដោយឡែកនៅឃុំឈូក ក្រុមការងារបានទាញយកទឹក សង្រ្គោះស្រូវនៅចំណុចឃ្លីវ និងបឹងកាដេរ តាមរយ:ការស្តាប្រឡាយទាញយកទឹកពីបឹងការដដែលអាចស្រោចស្រពលើផ្ទៃដីច្រើនជាង ១៥០០ ហិកតាផងដែរ៕