(កំពង់ឆ្នាំង)៖ ដោយសារតែបង្គោលភ្លើងពុកផុយបានរលំដួលធ្លាក់ដី ធ្វើឲ្យខ្សែភ្លើងធ្លាក់រាយប៉ាយកាត់ផ្លូវ បណ្ដាលឲ្យបុរសម្នាក់ជិះម៉ូតូទាក់ត្រូវបំពង់ក រងរបួសធ្ងន់។ ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ ស្ថិតក្នុងភូមិទឹកចេញ ឃុំជើងគ្រាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
ជនរងគ្រោះឈ្មោះ មាន សុផៃ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១នេះថា មុនពេលកើតហេតុ លោកបានជិះម៉ូតូមួយគ្រឿង មានគ្នាពីរនាក់ (លោកជាអ្នកជិះខាងក្រោយ) លុះជិះផ្លូវក្នុងភូមិ ក៏ស្រាប់តែត្រូវខ្សែភ្លើងទាក់កបណ្ដាលឲ្យផ្ងាកក្រោយធ្លាក់ពីលើម៉ូតូរងរបួសត្រង់ក ធ្ងន់ធ្ងរ តែសំណាងល្អខ្សែភ្លើងនោះបានទាក់ក ពីចំហៀង ប្រសិនបើទាក់ចំបំពង់ខ្យល់វិញ ប្រហែលជាខ្លួនមិនមានជីវិតនោះឡើយ។
ក្រោយពេលកើតហេតុ មិត្តភ័ក្រដែលជាអ្នកឌុបម៉ូតូជនរងគ្រោះ ក៏បានដឹកទៅព្យាបាលនៅផ្ទះគ្រូពេទ្យឯកជន ក្នុងភូមិភ្លាមៗដែរ មកដល់ពេលនេះ មុខរបួសរបស់ជនរងគ្រោះនៅឈឺយ៉ាងខ្លាំង ដោយងាកកមិនរួច។
ជនរងគ្រោះបានបញ្ជាក់ថា ករណីខាងលើនេះបណ្ដាលមកពីអ្នកប្រើប្រាស់ភ្លើងក្នុងភូមិ ដាំបង្គោលឬស្សីតូចៗ ហើយបង្គោលខ្លះពុកផុយទៀតផង ជាហេតុនាំបាក់បង្គោលធ្លាក់ខ្សែលើផ្លូវ។ ជនរងគ្រោះ ក៏ដូចជាប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន បានអំពាវនាវដល់អ្នកប្រើប្រាស់ភ្លើង ពេលតខ្សែភ្លើងចូលផ្ទះសូមមេត្តាប្រើបង្គោលឲ្យបានរឹងមាំ ដើម្បីធានាសុវត្ថិភាពទាំងអស់គ្នា កុំឲ្យមានគ្រោះថ្នាក់ដូចខាងលើនេះ។
អាជ្ញាធរមូលដ្ឋានបានបញ្ជាក់ថា ករណីខាងលើនេះ ប្រសិនបើជនរងគ្រោះប្ដឹងផ្តល់នោះ អ្នកដាំបង្គោលភ្លើងពិត ជាត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាក់ជាមិនខានឡើយ។ ប៉ុន្ដែជនរងគ្រោះ បញ្ជាក់ថា ខ្លួនមិនចង់វែងឆ្ងាយនោះទេ គឺគ្រាន់តែសំណូមពរដល់ប្រជាពលរដ្ឋ គិតដល់សុវត្ថិភាពអ្នកផ្សេងនៅពេលតភ្លើងប្រើប្រាស់៕