Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋបាលរាជធានីភ្នំពេញ ដាក់ផែនការស្ដារប្រឡាយមេនៅខណ្ឌដង្កោ កំបូល និងពោធិ៍សែនជ័យ ដើម្បីរំដោះជំនន់ទឹកភ្លៀងនារដូវវស្សាខាងមុខ

14-01-2021 18:19

(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ បានដាក់ផែនការចុះស្តារប្រឡាយបង្ហូរទឹកឱ្យបានធំទូលាយជាងមុននៅក្នុងខណ្ឌចំនួន ៣ គឺនៅខណ្ឌដង្កោ ខណ្ឌកំបូល និងខណ្ឌពោធិ៍សែនជ័យ ដើម្បីរំដោះជំនន់ទឹកភ្លៀងឱ្យបានកាន់តែលឿនពីមូលដ្ឋានប្រជាពលរដ្ឋ នារដូវវស្សាខាងមុខ។

ការលើកឡើងរបស់លោក ឃួង ស្រេង យ៉ាងដូច្នេះ បានធ្វើឡើងនៅក្នុងអង្គប្រជុំពិភាក្សាជាមួយមន្ត្រីក្រោមឱវាទ នារសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ ដើម្បីស្ដារប្រឡាយមេធំមួយគឺប្រឡាយទួលពង្រ១ ខណៈដែលតំបន់នេះតែងតែរងការលិចលង់ដោយជំនន់ទឹកភ្លៀង កាលពីពេលកន្លងទៅ។

ក្នុងកិច្ចប្រជុំនោះបានលើកឡើងពីគម្រោងនៃការស្ដារប្រឡាយទួលពង្រ១ ដែលមានប្រវែងជាង ៤,០០០ម៉ែត្រ ហើយការស្តារប្រឡាយធំនេះ លោក ឃួង ស្រេង បានជំរុញឲ្យមន្ទីរពាក់ព័ន្ធ ដូចជា មន្ទីរធនធានទឹក មន្ទីរសាធារណការ និងដឹកជញ្ជូន និងអាជ្ញាធរខណ្ឌ ដើម្បីអញ្ជើញប្រជាពលរដ្ឋដែលពាក់ព័ន្ធនឹងប្រឡាយនេះ មកប្រជុំដោះស្រាយជាមួយគ្នា ធ្វើយ៉ាងណាជំរុញការងារនេះឱ្យបានលឿនទាន់ពេលវេលា។

ប្រធានមន្ទីរសាធារណការរាជធានីភ្នំពេញ លោក សាំ ពិសិដ្ឋ បានបញ្ជាក់ឲ្យដឹងថា ប្រឡាយទួលពង្រ១ ដែលគ្រោងស្តារឡើងវិញនេះមានលក្ខណៈរួមតូច ដោយសារមានគេចាក់ដីបិទមុខទឹកហូរ ដែលត្រូវស្ដារប្រឡាយនេះជាបន្ទាន់ ហើយការសាងសង់ប្រឡាយនេះ ត្រូវសាងសង់ឡើងជាប្រឡាយបេតុង ដែលមានទទឹង ៨ម៉ែត្រ បណ្ដោយ ៤,៥៤៥ម៉ែត្រ ចាប់ពីភូមិព្រៃព្រីងខាងត្បូង ដល់បុរីលំនៅដ្ឋាន ជីប ម៉ុង ក្នុងនោះក៏ត្រូវដាក់លូប្រអប់ទំហំ ២.៦៥ម៉ែត្រ គុណនឹង ២.៦៥ម៉ែត្រ មានចំនួន ៣ជួរ ប្រវែង ៤៤៥ម៉ែត្រ ចាប់ពីបុរី ជីប ម៉ុង ដល់ប្រឡាយបឹងហា។

ដាក់លូប្រអប់ស្របតាមផ្លូវជាតិលេខ៣ ទំហំ ៦ម៉ែត្រ គុណនឹង ២ម៉ែត្រ ប្រវែង ១,២២០ម៉ែត្រ ចាប់ពីបុរី Green Vill ដល់ដើមប្រឡាយទួលពង្រ និងដាក់លូជ្រុង ចំណុចផ្លូវឆ្លងកាត់មានចំនួន ៧កន្លែងផងដែរ។

ទោះជាយ៉ាងណា ក្នុងកិច្ចប្រជុំលើកនេះមិនទាន់មានដំណោះស្រាយឱ្យបានល្អនៅឡើយទេ ដោយរដ្ឋបាលរាជធានីភ្នំពេញនឹងបើកការប្រជុំនៅសប្តាហ៍ក្រោយទៀត ដើម្បីធ្វើយ៉ាងណាអនុវត្តការងារស្ដារប្រឡាយនេះឲ្យបានជោគជ័យ បញ្ចៀសនូវការលិចលង់លំនៅដ្ឋានប្រជាពលរដ្ឋ៕