(ភ្នំពេញ)៖ លោកស្រី ញ៉ែម មរកត អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី និងជា ប្រធានសហព័ន្ធកីឡារាំកម្ពុជា នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ នេះ បានទូលថ្វាយនូវសារថ្លែងអំណរព្រះគុណថ្វាយចំពោះសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជទាននូវព្រះរាជទ្រព្យចំនួន ២,០០០ដុល្លារ ដល់សហព័ន្ធកីឡារាំកម្ពុជា ក្នុងដំណើរការការប្រកួតកីឡារាំជ្រើសរជើងឯកថ្នាក់ជាតិ ឆ្នាំ២០២០ កាលពីចុងសប្ដាហ៍មុន។
លោកស្រី ញ៉ែម មរកត បានក្រាបបង្គំទូលថ្វាយសម្ដេចព្រះមហាក្សត្រីថា «ខ្ញុំម្ចាស់ ទូលព្រះបង្គំ ជាថ្នាក់ដឹកនាំ ជាកូនជាចៅកីឡាករ កីឡាការិនី ពិតជាមានសេចក្ដីសោមនស្សរីករាយរំភើបឥតឧបមា ដែលសម្តេច ម៉ែ សម្តេចយាយ ស្តេចបានយកព្រះទ័យទុកដាក់លើកកំពស់វិស័យកីឡារាំ ព្រមទាំងបានព្រះរាជទានអំណោយដ៏ថ្លៃថ្លាលើកទឹកចិត្តកូនចៅ ចៅទួត ធ្វើឲ្យកូនចៅ ចៅទួត កាន់តែមានកម្លាំងចិត្ត ខិតខំអភិវឌ្ឍន៍វិស័យកីឡារាំអន្តរជាតិ ដើម្បីឈានទៅប្រកួតនៅលើឆាកអន្តរជាតិ ក្នុងស៊ីហ្គេម២០២១ នៅប្រទេសវៀតណាម និងត្រៀមខ្លួន។
ខ្ញុំម្ចាស់ ទូលព្រះបង្គំទាំងអស់គ្នាជាកូនជាចៅ នៃសហព័ន្ធកីឡារាំកម្ពុជា សូមលំឱនកាយឧទ្ទិសបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក មានទេវតារក្សាព្រះមហាស្វេតច្ឆត្រ ដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ ពិសេសបំផុត ដួងព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ សូមព្រះមេត្តាប្រោសព្រះរាជទានព្រះសព្ទសាធុការពរជ័យ មហាប្រសើរ ថ្វាយសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គមានព្រះសុខភាពល្អ ព្រះកាយពលមាំមួន ព្រះជន្មាយុយឺនយូរ ដើម្បីគង់ជាម្លប់ដ៍ត្រជាក់បំផុតដល់កូនចៅ ចៅទួតរបស់ព្រះអង្គ»។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១០ ខែមករាកន្លងទៅ សហព័ន្ធកីឡារាំកម្ពុជា បានរៀបចំការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២០ រយៈពេល ១ថ្ងៃពេញ នៅវិមានពហុកីឡដ្ឋានជាតិ ។ ក្នុងឱកាសនោះ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក៏បានចាត់លោកជំទាវ កេ គិមសែ ព្រះរាជលេខាផ្ទាល់ ព្រះរាជតំណាងដ៍ខ្ពង់ខ្ពស់បំផុតនាំយកព្រះរាជទ្រព្យរបស់ព្រះអង្គជាលើកទី២ មកចូលរួមនិងប្រទាន ដល់សហព័ន្ធកីឡារាំកម្ពុជាផងដែរ ។ លើសពីនេះ សហព័ន្ធក៏ទទួលបានព្រះរាជកិត្តិយសពីសម្តេចមហិស្សរា នរោត្តម ចក្រពង្ស់ ឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាសមាជិកក្រុមប្រឹក្សាធម្មនុញ តាមសំណើរសហព័ន្ធដោយចាត់តាំងព្រះនាងតូច នរោត្តម ជេនណា ជាឯកអគ្គរាជទូតសុឆន្ទៈ របស់សហព័ន្ធកីឡារាំកម្ពុជាផងដែរ បន្ទាប់ពីមានការសព្វព្រះរាជហឬទ័យពីព្រះនាងតូច៕