(ភ្នំពេញ)៖ នាយទាហានម្នាក់ បានស្លាប់ក្រោយពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ នៅវេលាថ្ងៃត្រង់ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១នេះ ក្រោយពេលលោតឆត្រយោងសម្តែង នៅសាលាហ្វឹកហ្វឺនទ័ពពិសេស តេជោសែន (ឱរ៉ាល់) ហើយត្រូវខ្យល់គួចបណ្តាលឱ្យខ្សែឆត្រវ័ណ្តជាប់គ្នាជាមួយនឹងទាហានឆត្រយោមួយទៀតធ្លាក់ចុះមកក្រោម។
នាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថានាយទាហានរូបនោះមានឈ្មោះ លឹម សាយ ឋានន្តរសក្តិវរសេនីយ៍ត្រី ដែលមានតួនាទីជាគ្រូយុទ្ធវិធីបច្ចេកទេស ឆត្រទម្លាក់។ ចំណែកទាហានម្នាក់ទៀត ដែលវ័ណ្តខ្សែជាមួយគ្នា បានរងរបួស។
ទាហានខាងលើ ត្រូវបានរាយការណ៍ថា បានលោតសម្តែងក្នុងពិធីបញ្ចុះបឋមសីលា សម្ពោធសមិទ្ធផលនានា បិទវគ្គហ្វឹកហ្វឺនជំនាញកុម្មង់ដូជំនាន់ទី១០ វគ្គហ្វឹកហ្វឺនជំនាញឆ័ត្រយោងជំនាន់ទី២៩ និងបើកវគ្គហ្វឹកហ្វឺនជំនាញឆ័ត្រយោងជំនាន់ទី៣០ នៅសាលាហកវឹកហ្វឺនទ័ពពិសេស តេជោសែន (ឱរ៉ាល់) នាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១នេះ ។
នាយឧត្តមសេនីយ៍ ឈុំ សុជាត បានចូលរួមមរណទុក្ខជាមួយក្រុមគ្រួសារសព។ លោកបានសម្តែងការសោកស្តាយប្រកបដោយភាពក្រៀមក្រំបំផុតចំពោះការបាត់បង់យុទ្ធជនដែលជាធនធានក្នុងវិស័យកងទ័ពដ៏សំខាន់មួយរូប៕