(ស្វាយរៀង)៖ លោកឱសថការី បាន បុត្តា ប្រធានក្រុមប្រឹក្សាគណៈឱសថការីកម្ពុជា បានក្រើនរំលឹកដល់ឱសថការីទទួលបន្ទុកបច្ចេកទេសឱសថស្ថាន ត្រូវពង្រឹង ក្រមសីលធម៌របស់ខ្លួនឯងឲ្យបានល្អ ព្រោះក្រមសីលធម៌ គឺជាត្រីវិស័យសម្រាប់ដាស់តឿនការអនុវត្តតួនាទីវិជ្ជាជីវៈរបស់ខ្លួនកុំឱ្យខុសច្បាប់។
លោកឱសថការី បាន បុត្តា បានថ្លែងបែបនេះនាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១នេះ នៅក្នុងសិក្ខាសាលាផ្សព្វផ្សាយក្របខណ្ឌនិយ័តកម្ម គោលការណ៍ណែនាំស្តីពី ការអភិវឌ្ឍវិជ្ជាជីវៈបន្តសម្រាប់ឱសថការីកម្ពុជា ដោយពិធីនេះមានការចូលរួមពីលោក កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង និងលោក លោកស្រី ជាសមាជិកឱសថការីជាច្រើនរូបទៀតផងដែរ។
លោកឱសថការី បាន បុត្តា បានបន្តថា ដើម្បីពង្រឹងគុណភាពវិជ្ជាជីវៈ ក្រមសីលធម៌វិជ្ជាជីវៈ និងការអនុវត្តលិខិតបទដ្ឋានច្បាប់ ឬគោលការណ៍នានាដែលពាន់ព័ន្ធ ដល់សមាជិក សមាជិការបស់ខ្លួន ក្រុមប្រឹក្សាគណៈឱសថការីខេត្ត ត្រូវមានទិសដៅអនុវត្តក្នុងការប្រជុំប្រចាំត្រីមាស ដើម្បីពិនិត្យតាមដាន និងដោះស្រាយបញ្ហានានា ចែករំលែកបទពិសោធន៍គ្រប់សកម្មភាពចូលរួមវគ្គអភិវឌ្ឍសមត្ថភាព ឬសិក្ខាសាលា ឬកិច្ចប្រជុំនានា។
លោកបានបន្ថែមថា ត្រូវរៀបចំផែនការសកម្មភាពការងាររបស់ក្រុមប្រឹក្សាគណៈឱសថការី លើកគម្រោងផ្សព្វផ្សាយនៅតាមថ្នាក់មូលដ្ឋានសុខាភិបាលស្រុកប្រតិបត្តិ ស្តីពីផលប៉ះពាល់នៃការប្រើប្រាស់ថ្នាំ Antibiotique ឬប្រើសេរ៉ូម ដោយសហការជាមួយមន្ទីរសុខាភិបាល ជូនដល់ប្រជាជនឱ្យបានយល់ផងដែរ។
ជាមួយគ្នានេះត្រូវលើកគម្រោងវគ្កបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រងឱសថស្ថាន/រង ឱ្យបានល្អ (GPP) ដល់ឱសថការី ទទួលខុសត្រូវបច្ចេកទេសដោយរួមសហការ នឹងមន្ទីរសុខាភិបាលខេត្ត លើកគម្រោងចំណាយថវិកាសមស្រប ដោយមានផែនការលម្អិតប្រចាំឆ្នាំនីមួយៗ ដើម្បីមានថវិកាគាំទ្រដល់ការចំណាយសម្រាប់ សម្ភារៈការិយាល័យ សម្រាប់ទីតាំង និងកម្មវិធីប្រជុំសម្រាប់សកម្មភាពចុះផ្សព្វផ្សាយជាដើម ហើយត្រូវលើកកម្មវិធីប្រជុំរួមប្រចាំឆ្នាំរវាងគណៈទាំង៥ ក្នុងគោលបំណង ពង្រឹងសាមគ្គីភាព និងដោះស្រាយបញ្ហាមួយចំនួនដែលអាចកើតមានឡើងពាក់ពន្ធ័និងការប្រកបវិជ្ជាជីវៈ។
លោកឱសថការី បាន បុត្តា ក៏បានថ្លែងអំណរគុណ និងសង្ឃឹមយ៉ាងមុតមាំថា សមាជិកឱសថការីទាំងអស់នឹងចូលរួមពិភាក្សា ផ្តល់គំនិតយោបល់ល្អៗ និងចែករំលែក បទពិសោធន៍ឲ្យគ្នាទៅវិញទៅមក ប្រកបដោយភាពស្និទស្នាល និងសំដៅលើកកំពស់ការអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់ និងការទទួលខុសត្រូវក្នុងពេលអនុវត្ត ការងារឲ្យកាន់ តែទទួលបានលទ្ធផលជោគជ័យថ្មីៗបន្ថែមទៀត ក្រោយពីបញ្ចប់សិក្ខាសាលានេះទៅផងដែរ។
បើតាមលោក កែរ រដ្ឋា បានឲ្យដឹងថា ខេត្តស្វាយរៀងមាន៨ស្រុក ក្រុង ស្មើ៨០ឃុំ សង្កាត់ ៦៩០ភូមិ ប្រជាពលរដ្ឋសរុប ៦៤៣,៧៥៣នាក់ មានស្រុកប្រតិបត្តិចំនួន៤, មន្ទីរពេទ្យខេត្ដ១ ,មន្ទីរពេទ្យបង្អែក៥ មណ្ឌលសុខភាពសរុបចំនួន៤៧ និងប៉ុស្តិ៍សុខភាព២។ មន្រ្តីសុខាភិបាលកំពុងបំរើការងារសរុប ៧៣៧នាក់ ស្រ្តី៣៦៦នាក់ ក្នុងនោះមានបណ្ឌិត អនុបណ្ឌិត ៤នាក់ វេជ្ជបណ្ឌិត៧០នាក់ គ្រូពេទ្យ១៤នាក់ ទន្តបណ្ឌិត៨នាក់ ឱសថការី១៣នាក់ បរិញ្ញាបត្រគិលានុប្បដ្ឋាក៩នាក់ គិលានុប្បដ្ឋាក យិកាមធ្យម ១៩២នាក់ គិលានុប្បដ្ឋាក យិកាបឋម១៣៧នាក់ មន្ទីរសោធន៍ មធ្យម២៥នាក់ បរិញ្ញាបត្រឆ្មប៧នាក់ ឆ្មបមធ្យម១៥២នាក់ ឆ្មបបឋម៦២នាក់ វិទ្យុសាស្ត្រ២នាក់ ព្យាបាលដោយចលនា៦នាក់ បច្ចេកទេសរដ្ឋបាល៨នាក់ ព័ត៌មានវិទ្យា៣នាក់ផ្សេងៗ៧នាក់។
លោក កែរ រដ្ឋា បានឲ្យដឹងទៀតថា មានគណៈគ្រប់គ្រងវិជ្ជាជីវៈទាំង៥ ក្នុងនោះគណៈគ្រូពេទ្យ និងគណៈឱសថការីមានទីតាំងនៅមន្ទីរសុខាភិបាល ដោយឡែក ក្រុមប្រឹក្សា គណៈឱសថការីខេត្តស្វាយរៀង បានបង្កើតនៅឆ្នាំ២០១៦ ដែលមានសមាសភាព៨រូប ក្នុងនោះមានសមាសភាពការិយាល័យក្រុមប្រឹក្សាគណៈឱសថការី ៥រូប ហើយបច្ចុប្បន្នមានសមាជិកគណៈឱសថការីចំនួន ៥១រូប ឱសថការីឧត្តម ៤២រូប មធ្យម៨រូប ក្នុងនោះស្រី ៣១រូប ផ្ទេរចូល២រូប ១រូបមកពីខេត្តកំពត ១រូប មកពីរាជធានីភ្នំពេញផងដែរ៕