(ភ្នំពេញ)៖ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៦ ក្រុមចោរប្លន់ប្រដាប់អាវុធ៨នាក់ ដែលសកម្មក្នុងការធ្វើសកម្មភាពប្លន់នារីៗពេលយប់ ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេច ឃុំខ្លួនដាក់ពន្ធនាគារ ដើម្បីរង់ចាំការស៊ើបអង្កេតរកបក្ខពួកកំពុងរត់គេចខ្លួន បន្ថែមទៀត។
សមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឲ្យដឹងថា ក្រោយមានអំពើប្លន់កើតឡើងរួចមក កម្លាំងអាវុធហត្ថរាជធានីភ្នំពេញបានស្រាវជ្រាវចាប់ខ្លួន មុខសញ្ញាប្លន់ជាបន្តបន្ទាប់ កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៦។
ក្នុងនោះកម្លាំងកងរាជអាវុធហត្ថខណ្ឌចំការមន បានឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចមុខផ្ទះលេខ១៩BE0 ផ្លូវលេខ៣០៤ សង្កាត់បឹងកេងកង ក្រោយពីក្រុមនេះបានភ្ជង់គំរាមប្លន់យកម៉ូតូ ស្កុបពី ពណ៌ស ស្លាកលេខកណ្ដាល 1R-0950 របស់ជនរងគ្រោះ ឈ្មោះ អ៊ិន គឹមស្រ៊ាន។ ក្រោយពេលឃាត់ខ្លួន ជនសង្ស័យសារភាពថា ក្រុមពួកគេមានគ្នា៤នាក់ បានគេចខ្លួនអស់ហើយ រីឯម៉ូតូមួយគ្រឿង របស់ជនរងគ្រោះសមត្ថកិច្ច បានប្រគល់ឲ្យម្ចាស់ដើមវិញ។
នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៦ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យបាន៧នាក់ផ្សេងទៀត ជាបន្តបន្ទាប់ ក្នុងនោះ៣នាក់ ឃាត់ខ្លួនបាននៅខណ្ឌពោធិ៍សែនជ័យ ២នាក់ឃាត់ខ្លួនបាននៅខណ្ឌចំការមន និង២នាក់ទៀតឃាត់ខ្លួន បាននៅខណ្ឌឫស្សីកែវ។
តាមចម្លើយសារភាពរបស់ក្រុមនេះ ពួកវាតែងតែធ្វើសកម្មភាពចេញប្លន់ក្នុងរាជធានីភ្នំពេញ សរុបមិនតិចជាង២០ដងរួចមកហើយ ភាគច្រើនគឺពួកវាតែង ធ្វើសកម្មភាពភ្ជង់ប្លន់យកកាបូបលុយ ទូរស័ព្ទពីស្ត្រីដែលដើរម្នាក់ឯង ឬចុះពីរថយន្តបើកទ្វារចូលផ្ទះ៕