(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបន្តលើកលែងពន្ធប្រថាប់ត្រា សម្រាប់អ្នកទិញផ្ទះ ដែលមានថ្លៃទាបជាង ឬស្មើ៧ម៉ឺនដុល្លារអាមេរិក ដល់ដំណាច់ខែធ្នូ ឆ្នាំ២០២១ ពីក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋាន ដែលចុះបញ្ជីនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង/ឬ នៅតាមមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ការសម្រេចបន្តលើកលែងពន្ធប្រថាប់ត្រា សម្រាប់អ្នកទិញផ្ទះ តម្លៃក្រោម៧ម៉ឺនដុល្លារ រហូតដល់ដំណាច់ឆ្នាំ២០២១នេះ ត្រូវបានអ្នកជំនាញ យល់ឃើញថា គឺជាយុទ្ធសាស្ដ្រល្អ និងធ្វើចំពេលវេលា ស្របពេលដែលពិភពលោក ក៏ដូចជាកម្ពុជា កំពុងជួបវិបត្ដិសេដ្ឋកិច្ច ដោយបញ្ហាកូវីដ-១៩។
លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) ថ្មី សម្រាប់អាណត្តិទី៧ ឆ្នាំ២០២១ បានគូសបញ្ជាក់ថា បន្ទាប់ពីរាជរដ្ឋាភិបាល សម្រេចបន្តលើកលែងពន្ធប្រថាប់ត្រាមួយឆ្នាំទៀត វានឹងធ្វើឲ្យការទិញ-លក់ ផ្ទះតម្លៃក្រោម៧ម៉ឺនដុល្លារ នឹងមានចរន្ដច្រើន។
ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News លោក ច្រឹក សុខនីម បានបញ្ជាក់យ៉ាងដូច្នេះថា «នេះគឺជាយុទ្ធសាស្ដ្រល្អ របស់រាជរដ្ឋាភិបាល និងដាក់ចំពេល ពីព្រោះថា ការកាត់បន្ថយ ការយកពន្ធប្រថាប់ត្រា៤ភាគរយ គឺជាចំណែកមួយ ដើម្បីជួយដោះស្រាយ ឲ្យមានចរន្ដនៅក្នុងការទិញ-លក់ កាន់តែលឿន ហើយច្រើន»។
លោក ច្រឹក សុខនីម បានលើកឡើងថា ក្នុងអំឡុងពេលនេះ គឺជាការប្រឈមរបស់សេដ្ឋកិច្ច បើសិនជាមិនឲ្យចរន្ដការទិញ-លក់ ខ្លាំងនោះទេ។ ទាំងសេដ្ឋកិច្ច និងរាជរដ្ឋាភិបាល នឹងធ្វើឲ្យដំណើរការចរន្ដសេដ្ឋកិច្ច មិនមានដំណើរការល្អប្រសើរនោះទេ។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានបន្ថែមទៀតថា ចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងលើកលែងពន្ធប្រថាប់ត្រា លើការទិញផ្ទះក្រោម៧ម៉ឺនដុល្លារ នឹងធ្វើឲ្យចរន្ដនៃអ្នកដែលមានកម្រិតជីវភាពមធ្យម និងក្រោមមធ្យម កាន់តែមានកំណើនជីវភាពល្អប្រសើរ។
ទន្ទឹមនឹងការបន្តលើកលែងពន្ធប្រថាប់ត្រានេះ, រាជរដ្ឋាភិបាល ក៏បានអំពាវនាវដល់ក្រុមហ៊ុនអភិវឌ្ឍន៍ លំនៅដ្ឋានទាំងអស់ ឲ្យចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការ បញ្ចុះថ្លៃផ្ទះ ទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន។
សូមជម្រាបថា កាលពីខែកុម្ភៈ ឆ្នាំ២០២០កន្លងទៅ សម្តេចតេជោ ហ៊ុន សែន បានប្រកាសលើកលែងពន្ធប្រថាប់ត្រា សម្រាប់ផ្ទះក្នុងតម្លៃក្រោម៧ម៉ឺនដុល្លារ សម្រាប់រយៈពេល១ឆ្នាំនេះ អនុវត្តន៍ចាប់ខែកុម្ភៈ ឆ្នាំ២០២០ ដល់ ខែមករា ឆ្នាំ២០២១។ ប៉ុន្តែនៅពេលនេះ សម្តេចតេជោ ហ៊ុន សែន បានសម្រេចបន្តអនុគ្រោះរយៈពេល១ឆ្នាំថែមទៀត រហូតដល់ដំណាច់ឆ្នាំ២០២១៕