(កំពង់ឆ្នាំង)៖ សត្វសុនខចំនួន៧ក្បាល ជាភ្នាក់ងារហិតរាវរកគ្រាប់មីននៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ ត្រូវបានកងទ័ពពិសេសមួយក្រុមរបស់ក្រសួងការពារជាតិ បានធ្វើការហ្វឹកហាត់ ជាក់ស្តែងដើម្បីឱ្យចេះរាវមីនអត់គីប ដែលក្រុមការងារបានកប់នៅក្នុងសួនច្បារវិមានឯករាជ្យ ស្ថិតនៅក្នុងសង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ដើម្បីពង្រឹងកិច្ចការពារសន្តិសុខរបស់ជាតិ ។
មន្ត្រីយោធាម្នាក់បានឱ្យដឹងថា ក្រុមអន្តរាគមន៍ពិសេសរបស់ក្រសួងការពារជាតិ បានសហការជាមួយគ្រូបង្វឹក របស់មជ្ឈមណ្ឌលស៊ីមាកប្រចាំខេត្តកំពង់ឆ្នាំង នាំយកសត្វ សុនខចំនួន៧ក្បាល មកធ្វើការហ្វឹកហាត់ជាក់ស្ដែង ឱ្យឆ្កែទាំងនោះចេះហិតក្លិនរកមីន ដែលក្រុមការងារបានលួចកប់តាមគុម្ពផ្កាក្នុងសួនច្បារ ដើម្បីពង្រឹងសមត្ថភាព ក៏ដូចជាបង្រៀនសុនខទាំងអស់នោះឱ្យចេះហិតរាវរកគ្រាប់មីន ក្នុងគោលបំណងពង្រឹង សមត្ថភាពរបស់សត្វឆ្កែក្នុងគោលដៅការពារសន្តិសុខរបស់ជាតិ។
មន្ត្រីយោធារូបនោះបានបន្តថា មកដល់ពីនេះកងយោធពលខេមរភូមិន្ទ ក៏ដូចជាមន្ត្រីស៊ីម៉ាក់បានខិតខំហ្វឹកហ្វឺនដល់មន្ត្រីរបស់ខ្លួនដើម្បីធ្វើការដោះមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដើម្បីរំដោះទឹកដីជូនប្រជាពលរដ្ឋ ប្រកបការងារផ្នែកកសិកម្ម។
ដោយឡែក ក្នុងប្រតិបត្តិការខាងលើនេះក៏ប្រើសត្វសុនខមួយចំនួនផងដែរ ដើម្បីជួយដល់កម្លាំងមន្ត្រីក្នុងការរាវរកមីន ព្រោះសត្វសុនខដែលយកមកហ្វឹកហាត់នេះសុទ្ធតែមានពូជល្អនាំយកមកពីបរទេស ដែលវាអាចចេះរកមីនបានល្អដូចមន្ត្រីផងដែរ៕