(ព្រុចសែល)៖ មេដឹកនាំនៃប្រទេសសមាជិកសហភាពអឺរ៉ុប (EU) ទាំងអស់ បានឈានទៅរកការសម្រេចថ្មី មួយទៀតហើយ គឺការធ្វើ កំណែទម្រង់ក្នុងសហភាពទាំងមូល តបតាមការស្នើសុំរបស់លោកនាយករដ្ឋមន្ត្រីអង់គ្លេស ដេវីដ ខាមេរ៉ូន (David Cameron) នៅក្នុងកិច្ច សន្ទនាដ៏រហ័សមួយ។ នេះបើតាមសារព័ត៌មានស៊ិនហួរ ដកស្រង់សម្តីរបស់ លោក ដូណាល់ តាសក៍ (Donald Tusk) ប្រធានក្រុមប្រឹក្សា សហភាពអឺរ៉ុប នៅថ្ងៃសៅរ៍ ទី២០ ខែកុម្ភៈ ឆ្នាំ២០១៦។
នៅក្នុងបណ្តាញទំនាក់ទំនងសង្គម ធ្វីតធើ (Tweeter) របស់លោក តាសក៍ បានសរសេរដូច្នេះថា «ដំណោះស្រាយ ត្រូវបានគាំទ្រទំាងស្រុង ដើម្បីធ្វើឲ្យចក្រភពអង់គ្លេស រក្សាសមាជិកភាពបន្តទៀតនៅក្នុង សហភាពអឺរ៉ុប»។ រហូត មកដល់យប់ថ្ងៃសុក្រ កន្លងទៅនេះ មេដឹកនាំ ទាំងអស់ បានព្រមព្រៀងគ្នាជាផ្លូវការ ក្នុងការធ្វើកំណែទម្រង់មួយ ចំនួនក្នុងសហភាព ដើម្បីរក្សាសមាជិករបស់ខ្លួនទាំងអស់ ២៨ ប្រទេសឲ្យនៅដដែល។
គួរបញ្ជាក់ថា ការធ្វើកំណែទម្រង់ដែលលោក ដេវីដ កាមេរ៉ូន បានទាមទារកន្លងមកនោះ គឺស្ថិតក្នុងន័យផ្តល់ផល ប្រយោជន៍ដល់ប្រជាជន ទាំងអស់ ដែលបានបម្រើការងារដើម្បីអភិវឌ្ឍន៍សហគមន៍ទាំងមូល ជាពិសេស អ្នកដែលកំពុងបម្រើការងារនៅក្នុងប្រទេសអង់គ្លេស ផ្ទាល់។ ដោយឡែកបញ្ហាជនភៀសខ្លួន និង ទំនាក់ទំនងជាមួយបណ្តា ប្រទេសមហាសេដ្ឋកិច្ចនៅអាស៊ី គឺជារឿងបន្ទាប់បន្សំ៕