(ឧត្តរមានជ័យ)៖ ដើម្បីសុខភាពប្រជាពលរដ្ឋ និងសុវត្ថិភាពម្ហូបអាហារ នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ សាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ខេត្តឧត្តរមានជ័យ លោក លិញ សុវឌ្ឍនា ប្រធានសាខា បានសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត អាជ្ញាធរដែនដី និងគណៈកម្មការផ្សារ បានចុះប្រតិបត្តិការ ការងារ ផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ និងធ្វើការត្រួតពិនិត្យទំនិញដែលជាគ្រឿងឧបភោគ បរិភោគនៅផ្សាថ្មីអន្លង់វែង មានទីតាំងនៅភូមិអូរចិញ្ជៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

លោក លិញ សុវឌ្ឍនា បានថ្លែងថា គោលបំណង នៃការត្រួតពិនិត្យ គឺដើម្បីស្រាវជ្រាវ ទប់ស្កាត់ការចរាចរណ៍ ទំនិញខូចគុណភាព និងមានសារធាតុគីមីហាមឃាត់ ដែលធ្វើអោយប៉ះពាល់ដល់ សុខភាពប្រជាពលរដ្ឋ។

លោកប្រធានសាខា បានបន្តថា នៅក្នុងសកម្មភាព ចុះត្រួតពិនិត្យទំនិញ ដែលជាគ្រឿងឧបភោគបរិភោគ នៅផ្សារថ្មីអន្លង់វែងខាងលើនេះ ក្រុមការងារបានត្រួតពិនិត្យ ទំនិញវេចខ្ចប់រួចជាស្រេច និងធ្វើតេស្តបឋម លើផលិតផលទំនិញ បានចំនួន៧មុខទំនិញ ស្មើនិង១៤គំរូ រួមមាន ៖ ពពុះសណ្ដែក (៦គំរូ) នំបញ្ចុក (២គំរូ) បាញ់កញ់(២គំរូ) មីសួរ (១គំរូ) សរសៃលត (១គំរូ) ណែមសាច់ត្រី (១គំរូ) និងណែមត្រចៀកជ្រូក (១គំរូ) ដើម្បីរកសារធាតុគីមីហាមឃាត់។

ជាលទ្ធផល ក្នុងចំណោមគំរូទាំងអស់ ក្រុមមន្រ្តីជំនាញបានពិនិត្យឃើញ ពពុះសណ្ដែក ៥គំរូ និងបាញ់កាញ់២គំរូ មានសារធាតុគីមីហាមឃាត់ និងបានធ្វើកំណត់ហេតុ ដកហូតទំនិញទាំងនោះ សរុបបានចំនួន១៤.៥០គីឡូក្រាម យកមករក្សាទុកនៅសាខា ដើម្បីកំទេចចោល នៅពេលក្រោយ ដែលក្នុងនោះមាន៖ ពពុះសណ្ដែក ចំនួន ១២ គីឡូក្រាម, បាញ់កាញ់ ចំនួន ២.៥ គីឡូក្រាម។

នៅក្នុងឱកាសនោះ ក្រុមការងារបានបិទ ផ្សព្វផ្សាយ ផ្ទាំងរូបភាព(Poster) បានចំនួន ៥០ផ្ទាំង និងបានពន្យល់ណែនាំដល់អាជីវករ ឲ្យបានយល់ដឹង និងអនុវត្ត ទៅតាមច្បាប់ ស្ដីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផលទំនិញ និងសេវា ដើម្បីជៀសវាងបង្ករផលប៉ះពាល់ ដល់សុខភាពប្រជាពលរដ្ឋ ដែលអាចប្រឈម ចំពោះមុខច្បាប់ថែមទៀតផង៕