(កំពង់ធំ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ នាំគ្នាលុបបំបាត់អំពើហឹង្សានានា និងការជួញដូរមនុស្ស កុមារ និងគ្រឿងញៀនផ្សេងៗ ដើម្បីភាពសុខសាន្ត របស់ប្រជាពលរដ្ឋនៅកម្ពុជា។
ការលើកឡើងអំពាវនាវរបស់ភរិយាប្រមុខរាជរដ្ឋាភិបាលកម្ពុជា បែបនេះធ្វើឡើងនៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ខណៈដែល សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញចុះសួរសុខទុក្ខសំណេះសំណាល និងនាំយកជាមួយនូវអំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋចាស់ៗក្រីក្រនៅខេត្តកំពង់ធំ។
ក្រៅពីការអំពាវនាវនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតក៏បានក្រើនរំលឹក ដល់បងប្អូនប្រជាពលរដ្ឋឲ្យប្រុងប្រយ័ត្ន គ្រោះធម្មជាតិ ការបំបែបំរួលអាកាសធាតុ ដែលកំពុងមានការព្រួយបារម្មណ៍។ លើសពីនោះទៀតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានជំរុញឲ្យក្រុមការងារកាកបាទក្រហម បន្តជួយចុះដល់ផ្ទះប្រជាពលរដ្ឋ ដែលមានការលំបាកទៅតាមផែនការ ជាបន្តបន្ទាប់។
សូមជំរាបថា នៅវេលាម៉ោងប្រមាណ៩ព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៦នេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ ក្រហមកម្ពុជា បានអញ្ជើញដល់និងចុះសួរសុខទុក្ខ សំណេះសំណាល និងនាំយកជាមួយនូវអំណោយមនុស្សធម៌ របស់កាកបាទក្រហម កម្ពុជា មានដូចជាគ្រឿងឧបភោគ បរិភោគ សម្ភារៈប្រើប្រាស់ និងថវិកាចំនួនមួយ ទៅចែកជូនប្រជាពលរដ្ឋចាស់ៗ គ្មានទីពឹង ចំនួន ២,៧៦៥គ្រួសារ ដែលមកពីស្រុកចំនួន៧ និងក្រុងចំនួន១ នៃខេត្តកំពង់ធំ៕