(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ខ្សែក្នុងក្រុងសៀមរាប សម្រេចបាន ១៤.២៧%ហើយ ដែលរួមបញ្ចូលការងារ សាងសង់រួច និងសម្ភារដែលបានបញ្ជូនដល់ការដ្ឋាន។
នេះបើយោងតាមខ្លឹមសារនៃកិច្ចប្រជុំចង្អៀត ដើម្បីពិភាក្សាលទ្ធផលការងារអនុវត្តគម្រោងស្ថាបនា ហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប ក្រោមអធិបតីភាពសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការអន្តរក្រសួង នាថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ នៅទីស្តីការគណ:រដ្ឋមន្ត្រី។
កិច្ចប្រជុំនេះមានការចូលរួមពីលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ និងជាអនុប្រធានគណៈកម្មការអន្តរក្រសួង, លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការអន្តរក្រសួងព្រមទាំងមន្ត្រី ជាន់ខ្ពស់ពាក់ព័ន្ធ ជាច្រើនរូបទៀតផងដែរ។
យោងតាមជាខ្លឹមសារនៃកិច្ចប្រជុំចង្អៀតនេះ ជាជំហានបន្ទាប់គណៈកម្មការអន្តរក្រសួង នឹងធ្វើការបន្តការត្រួតពិនិត្យតាមដានការងារ ព្រមទាំងធ្វើការដោះស្រាយ កែតម្រូវចំណុចខ្វះចន្លោះ ដើម្បីធានាថាការស្ថាបនានឹងពិតជាមានគុណភាពតាមបទដ្ឋាបច្ចេកទេសផ្លូវថ្នល់ និងសៀវភៅបន្ទុក ព្រមទាំងជំរុញដោះស្រាយនូវផលប៉ះពាល់ ដែលនៅសេសសល់មួយចំនួនតូចឱ្យបានចង់សព្វគ្រប់។
សូមបញ្ជាក់ថា គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ខ្សែក្នុងក្រុងសៀមរាបនេះ គ្រោងប្រើប្រាស់រយៈពេល ១៣ខែក្នុងការសាងសង់ ដែលគ្រោងនឹងបញ្ចប់នៅចុង ឆ្នាំ២០២១ខាងមុខនេះ។ ផ្លូវទាំង៣៨ខ្សែនេះ ត្រូវបានបែងចែកជា ៤ប្រភេទរួមមាន៖
ប្រភេទទី១៖ ជាផ្លូវដែលស្ថិតក្នុងតំបន់ភ្ញៀវទេសចរធ្វើដំណើរច្រើន និងមានកម្រាលផ្លូវល្អ ត្រូវជួសជុលដោយអ៊ុតក្រាលបេតុងកៅស៊ូ AC (Asphalt Concrete) កម្រាស់ ៥ ស.ម ឡើងវិញ (Overlay)។
ប្រភេទទី២៖ ជាផ្លូវដែលស្ថិតក្នុងតំបន់ភ្ញៀវទេសចរធ្វើដំណើរច្រើន និងមានកម្រាលផ្លូវមិនល្អ ត្រូវសាងសង់ថ្មី ដោយចាក់ក្រាលបេតុងសរសៃដែកម្រាស់២០ ស.ម រួចក្រាលបេតុង កៅស៊ូAC កម្រាស់ ៧ស.ម ពីលើ។
ប្រភេទទី៣៖ ជាផ្លូវដែលមិនស្ថិតនៅតំបន់មានភ្ញៀវទេសចរធ្វើដំណើរច្រើន នឹងត្រូវសាងសង់ថ្មី ដោយចាក់ក្រាលបេតុងសរសៃដែកកម្រាស់ ២០ស.ម។
ប្រភេទទី៤៖ ជាផ្លូវវាងក្រុង ដោយកំណាត់ផ្លូវដែលមានតួផ្លូវនៅល្អ នឹងត្រូវជួសជុលអ៊ុត ក្រាលបេតុងកៅស៊ូ AC ឡើងវិញ ចំណែកកំណាត់ផ្លូវដែលមានតួផ្លូវ មិនល្អនឹងត្រូវសាងសង់ថ្មី ដោយចាក់ក្រាលបេតុងសរសៃដែក កម្រាស់២៥ស.ម។
ខ្សែផ្លូវទាំង ៣៨ខ្សែនេះ នឹងមានរៀបចំបណ្តាញលូទឹកភ្លៀង លូទឹកកខ្វក់ ប្រព័ន្ធការពារទឹកជំនន់បញ្ចៀសការជន់លិចទីក្រុង រៀបខឿនចិញ្ចើមផ្លូវ និងបង្គោលភ្លើងបំភ្លឺផ្លូវ ហើយព្រមទាំងបាន គិតគូរពីទិដ្ឋភាពផ្សេងៗទៀតមានជាអាទិ៍ដូចជា៖ បណ្តាញខ្សែកាប ប្រព័ន្ធបញ្ជូនអគ្គិសនី ផ្លូវថ្មើជើង, ផ្លូវសម្រាប់ជនពិការ, ផ្លូវជិះកង់, ចំណតរថយន្ត, ផ្លាកសញ្ញា និងគំនូសសញ្ញាចរាចរណ៍, ប្រព័ន្ធកាមេរ៉ាសុវត្ថិភាព, សួនច្បារ និងការដាំដើមឈើលម្អផ្លូវជាដើម។
គម្រោងសាងសង់ខ្សែផ្លូវទាំង ៣៨ខ្សែ និងការងាររៀបចំស្ថាបនាប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ ដែលនៅក្រៅគម្រោងសាងសង់ខ្សែផ្លូវទាំង៣៨នេះ នឹងត្រូវអនុវត្ត ការសាងសង់ដោយអង្គភាពចំនួន០៨ រួមមាន៖ កងវិស្វកម្ម លេខ ១៧៨ស្ពាន-ថ្នល់នៃនាយកដ្ឋានវិស្វកម្ម, កងវិស្វកម្មសម្តេចតេជោខេត្តសៀមរាប, កងវិស្វកម្មតេជោ ហ៊ុន សែន សៀមរាប, អគ្គនាយកដ្ឋានសាធារណការ, អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់, នាយកដ្ឋានគ្រឿងចក្រ និងស្ថាបនាផ្លូវ, នាយកដ្ឋានជួសជុលនិងថែទាំផ្លូវថ្នល់ និងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប៕