(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១នេះ បានផ្តល់ថវិកា ៨០០លានរៀលទៀត សម្រាប់ខេត្តឧត្តរមានជ័យ និង២០០លានរៀលថែមទៀត សម្រាប់ខេត្តបាត់ដំបង ដើម្បីរៀ បចំទីតាំងសម្រាប់ធ្វើចត្តាឡីស័កជូនពលករខ្មែរ ដែលត្រឡប់មកពីប្រទេសថៃ។ នេះបើតាម លោកស្រី យក់ សម្បត្តិ បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃនេះ។

លោកស្រី យក់ សម្បត្តិ បានពន្យល់បន្ថែមថា ថវិកា ៨០០លានរៀល សម្រាប់ខេត្តឧត្តរមានជ័យ នឹងត្រូវប្រើប្រាស់សម្រាប់រៀបចំទីតាំងធ្វើចត្តាឡីស័ក១០កន្លែង រៀបចំបាយទឹកសម្រាប់ពលករ ក៏ដូចជាប្រើប្រាស់ក្នុងកិច្ចការមួយចំនួនទៀត ដោយសារតែមានពលករជាច្រើន បានសម្រុកចូលមកតាមច្រកខេត្តឧត្តរមានជ័យ។ ដោយឡែកថវិកាបន្ថែម២០០លានរៀល សម្រាប់ខេត្តបាត់ដំបង គឺដើម្បីសម្រួលដល់ការរៀបចំទីតាំងសម្រាប់ធ្វើចត្តាឡីស័ក ដល់ពលករឱ្យកាន់តែប្រសើរឡើងថែមទៀត។

លោកស្រី បានបញ្ជាក់បន្ថែមថា ថវិកាទាំងនេះ កំពុងតែរៀបចំបញ្ជូនឱ្យរដ្ឋបាលខេត្តទាំងពីរភ្លាមៗតែម្តង។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ បានបន្ថែមការឧបត្ថម្ភថវិកាចំនួន៥០០លានរៀល និងជំនួយមួយចំនួនបន្ថែមទៀតដល់ខេត្តបន្ទាយមានជ័យ ដើម្បីរៀបចំការ ធ្វើចត្តាឡីស័កសម្រាប់ពលករខ្មែរ ដែលត្រឡប់មកពីប្រទេសថៃ។

កាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១ កន្លងទៅ សម្តេចតេជោ ហ៊ុន សែន ក៏ទើបតែបន្ថែមថវិកាសរុប៧០០លានរៀលទៀត ដល់ខេត្តជាប់ព្រំដែនចំនួន៤ ដើម្បីរៀបចំធ្វើចត្តាឡីស័ក សម្រាប់ពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ។ ខេត្តជាប់ព្រំដែនចំនួន៤នោះមាន ខេត្តប៉ៃលិនទទួលបានថវិកាបន្ថែម២០០លានរៀល ខេត្តបាត់ដំបងទទួលបាន២០០លានរៀល ខេត្តបន្ទាយមានជ័យទទួលបាន២០០លានរៀល និងខេត្តឧត្តរមានជ័យទទួលបានថវិកាបន្ថែម១០០លានរៀល។ ខេត្តចំនួន៤នេះ ក៏ទទួលបានថវិកាបន្ថែមសរុបចំនួន ៦៥០លានរៀល និងសម្ភារមួយចំនួនទៀត កាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០២១ កន្លងទៅ ដើម្បីធ្វើយ៉ាងណារៀបចំសម្រួលដល់ការធ្វើចត្តាឡីស័កសម្រាប់ពលករដែលមកពីប្រទេសថៃ។

បើតាមក្រសួងសុខាភិបាល, រហូតដល់ពេលនេះ មានពលករជាង១,២ម៉ឺននាក់ បានត្រឡប់ពីប្រទេសថៃ ហើយត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័ក នៅខេត្តជាប់ព្រំដែន ក្នុងប្រទេសកម្ពុជា បន្ទាប់ពីប្រទេសថៃ មានការផ្ទុះរីករាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍យ៉ាងគំហុក នៅខេត្តសាមុតសាខន ហើយបន្តរាលដល់ខេត្តមួយចំនួនជាប់ព្រំដែន៕