(សេអ៊ូល)៖ សំឡេងកាំភ្លើងធំ ត្រូវបានយោធាកូរ៉េខាងត្បូង ឮពីតំបន់ព្រំដែនកូរ៉េខាងជើង ដែលវាស្ថិតនៅក្បែរ កោះមួយ នៅក្នុងដែនទឹកភាគខាងលិចរបស់កូរ៉េខាងត្បូង។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន យ៉ុនហាប់ របស់កូរ៉េខាងត្បូង ដកស្រង់សម្តីមន្ត្រីយោធា នៅថ្ងៃសៅរ៍ ទី២០ ខែកុម្ភៈ ឆ្នាំ២០១៦។
មន្ត្រីយោធាខាងលើនេះ បានបន្តទៀតថា សំឡេងកំាភ្លើងធំនោះ ត្រូវបានគេឮនៅតំបន់កោះ ប៊ែងយឿង (Baengnyeong) ស្ថិតនៅក្បែរព្រំដែនទឹក ភាគខាងលិច។ ជាក់ស្តែង គ្មានគ្រាប់កាំភ្លើងធំណាមួយ បានធ្លាក់មកលើ ដែនទឹករបស់កូរ៉េខាងត្បូងនោះទេ ហើយរហូតមកទល់នឹងពេលនេះ ក៏គ្មានការបាញ់ផ្លោងណាមួយត្រូវបានគេឮ ទៀតដែរ។ កូរ៉េខាងត្បូង កំពុងតែតាមដានយ៉ាងល្អិតល្អន់ ចំពោះសកម្មភាពនានារបស់កូរ៉េខាងជើង។
យោធាកូរ៉េខាងត្បូង បានសន្និដ្ឋានថា កូរ៉េខាងជើង ទំនងជាបានធ្វើសមយុទ្ធយោធា បាញ់គ្រាប់ពិតណាមួយ នៅក្បែរ ព្រំដែនរួមរវាងប្រទេសទាំងពីរ។ ពីដំបូងមានការប្រកាសពីអាជ្ញាធរ ឲ្យប្រជាជនទាំងអស់ដែលរស់នៅលើកោះ ជម្លៀសខ្លួនចេញ ប៉ុន្តែពេលនេះ ពួកគេបានសម្រេចស្នាក់នៅកន្លែងដដែល ព្រោះស្ថានការណ៍ស្ងប់ស្ងាត់៕