(ឧត្តរមានជ័យ)៖ លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ បានថ្លែងថា មកដល់ម៉ោងនេះ បងប្អូនពលករដែលកំពុងធ្វើចត្តាឡីស័កក្នុងខេត្តមានចំនួន២២៨០នាក់ ដោយផ្តល់ការហូបចុកក្នុងមួយថ្ងៃ ៣ពេល ក្នុងនោះចំណាយថវិកាប្រមាណ១០០០០ដុល្លារក្នុងមួយថ្ងៃ។
ការថ្លែងរបស់លោកអភិបាលខេត្តឧត្តរមានជ័យ ក្នុងឱកាសដែលលោកចូលរួមក្នុងពិធីតែងតាំងមន្ត្រីគ្រប់គ្រង នាយក នាយករងវិទ្យាល័យ អនុវិទ្យាល័យនិងបឋមសិក្សា ក្រោមឱវាទមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការជាច្រើនរូបទៀត នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១នេះ។
លោក ប៉ែន កុសល្យ បានថ្លែងថា ខេត្តតាមបណ្តោយព្រំដែនរួមមាន៖ ខេត្តប៉ៃលិន ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ កំពុងប្រឈមជំងឺកូវីដ១៩ ហើយខេត្តខ្លះមានពលករខ្លះមកពីប្រទេសថៃ មានផ្ទុកមេរោគកូវីដ១៩ ចំណែកខេត្តឧត្តរមានជ័យមានភព្វ័វាសនា មិនមានពលករណាម្នាក់មានផ្ទុកជំងឺកូវីដ១៩នោះទេ។
លោកអភិបាលខេត្ត បានថ្លែងការគោរពដ៍ខ្ពង់ខ្ពស់ចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានផ្តល់ថវិកា និងឃីតសម្រាប់ឧបត្ថម្ភពលករដែលកំពុងធ្វើចត្តាឡីស័កនៅក្នុងខេត្ត។
ករណីនេះអភិបាលខេត្តក៏បានថ្លែងអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ពិសេសបងប្អូនប្រជាពលរដ្ឋ ដែលមានបងប្អូនមកពីក្រៅប្រទេស ត្រូវធ្វើការណែនាំឲ្យទៅធ្វើចត្តាឡីស័ក ចៀសវាងគេចវេសសម្ងំនៅក្នុងផ្ទះ ដែលបណ្តាលឲ្យពាក់ព័ន្ធដល់យើង ក្រុមគ្រួសារយើង និងសហគមន៍របស់យើង។
លោកអភិបាលបញ្ជាក់ថា ក្នុងភូមិមួយបើមានបងប្អូនកើតជំងឺកូវីដ១៩ ហើយមិនបានទៅពិនិត្យព្យាលឲ្យបានត្រឹមត្រូវទេនោះ ភូមិនោះអាចប្រឈមការបិទតែម្តង។
លោក ប៉ែន កុសល្យ ក៏បានថ្លែងណែនាំដល់លោកនាយក នាយករង ដែលទទួលបានការតែងតាំងនៅពេលនេះ ត្រូវខិតខំបំពេញភារកិច្ចឲ្យអស់ពីលទ្ធភាព និងសមត្ថភាព ដើម្បីជំនះការលំបាកនានា ពិសេសត្រូវពង្រឹងការ សាមគ្គីភាពគ្នាឲ្យបានល្អជាមួយថ្នាក់ដកនាំ និងមន្ត្រីក្រោមឱវាទដើម្បីធ្វើឲ្យអង្គភាពកាន់តែមានការប្រែប្រួលមុខមាត់ថ្មីថែមទៀត៕