(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១នេះ បានដឹកនាំកិច្ចប្រជុំ ស្ដីពីបច្ចុប្បន្នភាពនៃកិច្ចសហប្រតិបត្តិការបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងនាវាដែលលិចក្នុងទន្លេ ស្ថិតនៅក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
កិច្ចប្រជុំនេះមានការចូលរួមពី នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារអន្តរក្រសួង ដើម្បីចុះសិក្សា និងដោះស្រាយករណីរកឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងនាវាដែលលិចក្នុងទន្លេ ព្រមទាំងរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រសួង ស្ថាប័នពាក់ព័ន្ធ អគ្គស្នងការនគរបាលជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានពាក់ព័ន្ធចំណុះក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំខេត្តកំពង់ចាមផងដែរ។
ថ្លែងនៅក្នុងអង្គពិធីនេះ នាយឧត្តមសេនីយ៍ នាង ផាត បានលើកឡើងថា ក្នុងនាមជាប្រធានក្រុមការងារអន្តរក្រសួង លោកតែងតែដឹកនាំក្រុមការងារចម្រុះរួមមានអាជ្ញាធរខេត្ត ស្រុក ចុះត្រួពិនិត្យដោយផ្ទាល់ ដើម្បីសិក្សា ស្វែងរកដោះស្រាយការស្តារនាវាចម្បាំងដែលបានកប់លិចនៅក្នុងផ្ទៃទឹកនេះ ឱ្យកាន់តែឆាប់រហ័សដេីម្បីបញ្ចប់បញ្ហាព្រួយបារម្ភឱ្យបានឆាប់នៅថ្ងៃខាងមុខនេះ។
ជាមួយគ្នានេះនឹងការចុះត្រួតពិនិត្យដោយផ្ទាល់នៅទីតាំងនាវម៉ារីន លិចខាងលើនេះដែរ នាយឧត្តមសេនីយ៍ នាង ផាត ក៏បានជំរុញ និងលើកទឹកចិត្តដល់ក្រុមការងារជំំនាញឱ្យខិតខំប្រឹងប្រែងបំពេញភារកិច្ចនេះឱ្យបានម៉ឺងម៉ាត់ ដើម្បីឈានទៅបញ្ចប់បេសកកម្មស្តារនាវាលិចនេះប្រកបដោយជោគជ័យ ទៅតាមអ្វីដែលដែលបានកំណត់ជាដើម។
បើតាមរបាយការណ៍ បានឱ្យដឹងថា ការចុះសិក្សាស្រាវជ្រាវនៅទីតាំងនាវាលិច នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០ ក្រោយពីទទួលបានសេចក្តីសម្រេចរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រុមជំនាញរបស់មជ្ឈមណ្ឌលជាតិបានចុះទៅកាន់ទីតាំងភូមិសាស្ត្រ ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ទីតាំងដែលមាននាវាចម្បាំងលិច និងមានបន្សល់ទុកគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅ អំឡុងសង្គ្រាមឆ្នាំ១៩៧០-១៩៧៥ ដើម្បីធ្វើការសិក្សាស្រាវជ្រាវលម្អិត ស្តីពីប្រវត្តិសង្គ្រាមនៅតំបន់នោះ មូលហេតុនៃការលិចនាវា ការគំរៀមកំហែងដោយគ្រាប់មិនទាន់ផ្ទុះ និងបញ្ហាផ្សេងៗ។
ផែនការពង្រាយកម្លាំងប្រតិបត្តិការ ដើម្បីអនុវត្តតាមបទបញ្ជាដ៏មានសារសំខាន់របស់រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម រួមសហប្រតិបត្តិការជាមួយបញ្ជាការដ្ឋានទ័ពពិសេស កងទ័ពជើងគោក បានបង្កើតកងអនុសេនាធំ បោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្រោមទឹក ក្នុងគោលដៅចុះអនុវត្តកិច្ចប្រតិបត្តិការរុករកនាវាចម្បាំងលិច និងធ្វើការបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះជាច្រើនតោន ដែលបានបន្សល់ទុកកាលពីអំឡុងសង្គ្រាមឆ្នាំ១៩៧០-១៩៧៥ និងមានសមាសភាពកម្លាំងជំនាញសរុប ចំនួន៥៥រូប រួមមាន៖
កម្លាំងជំនាញបច្ចេកទេស បោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ មកពីមជ្ឈមណ្ឌលជាតិចំនួន ៤០រូប, កម្លាំងជំនាញមុជទឹក (ឆ្លាមសមុទ្រ) មកពីបញ្ជាការដ្ឋានកងទ័ពពិសេសចំនួន ០៥ រូប, កម្លាំងជំនាញមុជទឹក និងអ្នកបច្ចេកទេសស្តារនាវាឡើងគោក ចំនួន ១០រូប។
បន្ថែមពីនេះកិច្ចប្រតិបត្តិការរុករកនាវា និងបោសសម្អាតគ្រាប់ កងអនុសេនាធំមានតួនាទីយ៉ាងសំខាន់ក្នុងការប្រមូលផ្តុំកម្លាំង និងបានបង្កើតទីបញ្ជាការស្រាល នៅក្នុងវត្តមាន់ដប់ ចាប់ពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២០ ដើម្បីធ្វើការហ្វឹកហ្វឺន ធ្វើសមាហរណកម្មជំនាញបញ្ចូលគ្នា ត្រៀមបើកកិច្ចប្រតិបត្តិការរួមគ្នា ដោយធ្វើការសិក្សាស្រាវជ្រាវ រុករក និងធ្វើការបោសសម្អាតគ្រាប់យោង យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងនាវាលិចក្នុងទន្លេ នៅលើវិសាលភាពនៃផ្ទៃទន្លេ បណ្តោយ១៥០០ម៉ែត្រ និងទទឹង ១០០០ម៉ែត្រ (១៥០ហិកតា) និងបានបែងចែកជា៣តំបន់ រួមមាន៖ តំបន់ហានិភ័យខ្ពស់ ទំហំ២០០ម៉ែត្រ គុណ ២០០ម៉ែត្រ ចំណុចនាវាលិច តំបន់មានហានិភ័យមធ្យម ទំហំ៥០០ម៉ែត្រ គុណ១០០០ម៉ែត្រ និងតំបន់នៅសល់មានហានិភ័យទាប។
រហូតមកដល់ពេល បច្ចុប្បន្ននេះ ដំណើរការប្រតិបត្តិការបានរុករកឃើញទីតាំងនាវាលិចហើយ និងកំពុងប្រតិបត្តិការបូមខ្សាច់បណ្តើរ ធ្វើការរុករកនិងស្រង់យកគ្រាប់ចេញពីនាវា ព្រមទាំងកិច្ចការ ស្តារស្រង់គល់ឈើ និងគល់ឫស្សី ដែលនៅជាប់គាំងជុំវិញនាវា ដែលជាឧបសគ្គរាំងស្ទះដល់ ប្រតិបត្តិការស្រង់យកគ្រាប់ចេញពីនាវា។
លទ្ធផលសម្រេចបានកិច្ចប្រតិបត្តិការរយៈពេល ០៣ខែកន្លងមកនេះ កម្លាំងជំនាញបានធ្វើការបោសសម្អាតគ្រាប់ក្រោមទឹក និងនៅតាមភូមិឋានប្រជាពលរដ្ឋរស់នៅជុំវិញតំបន់ប្រតិបត្តិការ បានចំនួនសរុប ៩១២គ្រាប់។ គ្រាប់ទាំងនេះត្រូវបានស្តុកទុកនៅទីតាំងសុវត្ថិភាពឆ្ងាយពីទីប្រជុំជន នៅជាប់មាត់ទន្លេ និងមានការយាមការពារ២៤ លើ២៤ម៉ោង។ កិច្ចប្រតិបត្តិការនេះនឹងត្រូវខិតខំប្រឹងប្រែង រិះរកគ្រប់មធ្យោបាយ ដើម្បីឱ្យទទួលបានជោគជ័យទាំងស្រុង នាដើមខែឧសភាខាងមុខនេះ គឺមុនរដូវវស្សាមកដល់។
តើតាមរបាយការណ៍ដដែល បានគូសបញ្ជាក់ថា មធ្យោបាយ និងសម្ភារបំពាក់បម្រើឱ្យប្រតិបត្តិការ រថយន្តតូចចល័ត ចំនួន ០៧គ្រឿង, រថយន្តធំដឹកជញ្ជូនចំនួន ០២គ្រឿង ទូកអូប័រចំនួន ០៣គ្រឿង, សាឡង់បូមខ្សាច់ចំនួន ០២គ្រឿង, ម៉ាស៊ីនបូមខ្សាច់ធុនតូច ចំនួន ០២គ្រឿង, ម៉ាស៊ីនរាវរកគ្រាប់ក្រោមទឹក ចំនួន០២គ្រឿង, ឧបករណ៍ស្កេនក្រោមទឹកចំនួន ០១គ្រឿង ម៉ាស៊ីនបញ្ចូលខ្យល់ ០២គ្រឿង, ឧបករណ៍ Drone ក្រោមទឹក ចំនួន ០១គ្រឿង, ឧបករណ៍មុជទឹកចំនួន មានឧបករណ៍ចាំបាច់ជាច្រើនទៀត។
សម្រាប់ប្រតិបត្តិការណ៍ស្តារនាវាម៉ារីន លិចកប់នៅក្នុងផ្ទៃទន្លេទន្លេជម្រៅ២៧ម៉ែត្រនេះ គឺធ្វើឡើងដោយកម្លាំងបោសសម្អាតគ្រាប់មិនទាន់ផ្ទុះ នៃមជ្ឈមណ្ឌលជាតិគ្រប់គ្រង កងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម ហើយប្រតិបត្តិការប្រកបដោយភាពស្មុគ្រស្មាញ និងប្រឈមមុខចំពោះការគ្រោះថ្នាក់នេះ កិច្ចការប្រតិបត្តិរុករក និងបោសសម្អាតគ្រាប់មិនទាន់ផ្ទុះនៅក្រោមទឹកនេះ ត្រូវបានបែងចែកយ៉ាងយកចិត្តទុកដាក់បំផុតទៅតាមអនុសាសន៍របស់ថ្នាក់ដឹកនាំ។
នាវាចម្បាំងដឹកគ្រាប់យុទ្ធភ័ណ្ឌនេះ បានប្រវែង ៨ម៉ែត្រ គុណ៤០ម៉ែត្រ និងមានទម្ងន់ជាងរយតោន។ បើតាមការប៉ានស្មាន មានគ្រាប់យុទ្ធភណ្ឌមិនតិចជាងរយតោននោះទេ ឬអាចមានគ្រាប់បែកគីមីថែមទៀតផង។
ប្រតិបត្តិការបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះដែលបានកប់នៅក្រោមផ្ទៃទឹក នៅចំណុចនេះ បានបង្ហាញថាកម្ពុជា មានសមត្ថភាពគ្រប់គ្រាន់មិនត្រឹមតែបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅលើដីគោកនោះទេ ដូច្នេះវា ជាមោទនភាពមួយទៀតសម្រាប់ប្រជាជាតិកម្ពុជា។
សូមបញ្ជាក់ថា កាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចនគរបាល នៃអធិការដ្ឋាននគរបាលស្រុកស្រីសន្ធរ បានមុជទឹកពិនិត្យទីតាំងបូមខ្សាច់ ដែលបូមបានគ្រាប់ចំនួន០៣ ប្រភេទ មានដូចជាគ្រាប់ AK57 ចំនួន៣គីឡូ, គ្រាប់៦០មីលីម៉ែត្រចំនួន ១៦គ្រាប់ និងគ្រាប់៨០មីលីម៉ែត្រ ចំនួន១គ្រាប់ ដែលស្ថិតនៅចំណុចបូមខ្សាច់ ក្នុងទន្លេមេគង្គ ក្នុងភូមិវាល ឃុំមានជ័យ ស្រុកស្រីសន្ធរ ដោយពេលនោះសមត្ថកិច្ច បានមុជទឹកជម្រៅ១៩ម៉ែត្រ ហើយបានប្រទះឃើញទ្រង់ទ្រាយជានាវាមួយគ្រឿង ដែលផ្ទុកដោយយុទ្ធភណ្ឌ៕