(កំពង់ឆ្នាំង)៖ អគ្គរដ្ឋទូតអូស្ត្រាលីលោក ផាប្លូ កាង និងលោកសាស្រ្តាចារ្យ ងី ម៉េង ប្រធាន កម្មវិធីជាតិសុខភាពភ្នែកនៅរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ បានធ្វើទស្សនកិច្ច និងបាននាំយកសម្ភារឧបត្ថម្ភដល់មន្ទីរសុខាភិបាល ខេត្តកំពង់ឆ្នាំង សម្រាប់ការពារ និងទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ១៩ ដើម្បីចែកជូនគ្រប់មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពក្នុងខេត្ត។
សម្ភារទាំងអស់នេះ បានរៀបចំឡើងដោយកម្មវិធីជាតិសុខភាពភ្នែកក្រោមជំនួយឧបត្ថម្ភពីរដ្ឋាភិបាលអូស្ត្រាលី តាមរយៈមូលនិធិ ហ្វេតហ្វូឡូ រួមមាន៖ ម៉ាសចំនួន៤៦ ១០០ម៉ាស, អាកុលចំនួន ១៥៦០លីត្រ, ឧបករណ៍វាស់កំដៅ ចំនួន៥៤គ្រឿង, សាប៊ូលាងដៃចំនួន៥០៥ដប, ស្រោមដៃចំនួន១៥,៧០០រៀល និងរបាំងមុខចំនួន៤០២សន្លឹក។ ក្រៅពីនេះកម្មវិធីជាតិសុខភាពភ្នែក តាមរយៈជំនួយអូស្ត្រាលីនេះដែរ ក៏បានរៀបចំសម្ភារបន្ថែមជូនដល់មន្ទីរពេទ្យ និងមន្ទីរសុខាភិបាលខេត្តផងដែរ។
នៅក្នុងពិធីនេះអគ្គរាជទូតបានលើកឡើងថា រដ្ឋាភិបាលកម្ពុជា បានការពារ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ បានយ៉ាងល្អប្រសើរ ហើយយើងត្រូវតែខិតខំបន្តការប្រុងប្រយ័ត្ននេះតទៅទៀត។ ក្នុងនាមជាមិត្តជិតស្និទ្ធ ប្រទេសអូស្ត្រាលីបន្តការយកចិត្តទុកដាក់ជួយគាំទ្រដល់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតនេះ និងកំពុងខិតខំប្រឹងប្រែងជួយកម្ពុជាឲ្យទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ១៩ រួមមាន៖ តាមរយៈថវិកាជំនួយឥត សំណងចំនួន៥០០លានដុល្លារអូស្ត្រាលី ដើម្បីទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ១៩ ដ៏មានប្រសិទ្ធភាព និងសុវត្ថិភាព ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងអាស៊ីអាគ្នេយ៍។ គម្រោងមួយទៀតមានថវិកាចំនួន៨០លានដុល្លារអូស្ត្រាលីសម្រា ប់កម្មវិធី ប្រទេសកំពុងអភិវឌ្ឍន៍ដែលក្នុងនោះមានកម្ពុជាផងដែរ។
លោកសាស្ត្រាចារ្យ ងី ម៉េង ប្រធានកម្មវិធីជាតិសុខភាពភ្នែក និងជានាយកមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានថ្លែងថា សម្ភារទាំងនេះបាន និងកំពុងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជួយដល់ រាជរដ្ឋាភិបាលកម្ពុជា ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ នៅកម្ពុជា។ ជាពិសេសជួយសម្រួលដល់គ្រូពេទ្យក្នុងការផ្ដល់សេវាសុខភាពភ្នែកជូនដល់ប្រជាពលរដ្ឋ ដោយមានទំនុកចិត្ត លោកបានលើកទឹកចិត្តឲ្យប្រជាពលរដ្ឋដែលមាន បញ្ហាគំហើញរួសរាន់មកទទួលសេវាពិនិត្យ និងព្យាបាលភ្នែកនៅមណ្ឌលសុខភាពឬនៅមន្ទីរពេទ្យដែលនៅជិតឱ្យបានទៀងទាត់។
ដោយឡែកលោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា កន្លងមកមន្ទីរពេទ្យ និងមណ្ឌលសុខភាព នៅទូទាំងខេត្តកំពង់ឆ្នាំងបានផ្ដល់សេវា ពិនិត្យនិងព្យាបាលភ្នែកជូនប្រជាពលរដ្ឋរាប់ ពាន់នាក់នៅក្នុងឆ្នាំ២០២០ ទោះបីពិភពលោកកំពុងប្រឈមនឹងជំងឺកូវីដ១៩ ក៏ដោយ។
លោក អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ស្ថានទូតអូស្ត្រាលី និងប្រធានកម្មវិធីជាតិសុខភាពភ្នែក ដែលបានយកចិត្តទុកដាក់ ពាំនាំនូវជំនួយដ៏មានសារសំខាន់នៅថ្ងៃនេះ ជូនមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង ដើម្បីប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ឆ្នាំង បានប្រើប្រាស់ក្នុងការទប់ស្កាត់ និងការពារការរីករាលដាលជំងឺកូវីដ១៩ ឲ្យបានល្អប្រសើរ។
ជាមួយគ្នានេះដែរ លោកក៏បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅផងដែរដល់មន្ត្រីសុខាភិបាល និងមន្ត្រីនៃមន្ទីរពេទ្យ និងមណ្ឌលសុខភាពទាំងអស់ ដែលបានរួមគ្នាប្រយុទ្ធប្រឆាំង និងការពារព្យាបាលជម្ងឺបានយ៉ាងល្អប្រសើរ ក្នុងរយៈពេលកន្លងមក ដោយមិនឲ្យមានអ្នកជំងឺម្នាក់ណាស្លាប់នោះឡើយ៕