(ភ្នំពេញ)៖ សាលដីកាអង្គជំនុំជម្រះរបស់តុលាការកំពូលលើសំណុំរឿង០០២/០១ ដែលជាសវនាជំនុំជម្រះទោសឧក្រិដ្ឋប្រល័យមនុស្សជាតិរបស់មេដឹកនាំខ្មែរក្រហម នួន ជា ខៀវ សំផន ត្រូវបានរំពឹងថា នឹងប្រកាសនៅពាក់កណ្តាលឆ្នាំ២០១៦នេះ។ ក្តីរំពឹងនេះ ត្រូវបានរំលេចឡើងនៅក្នុងជំនួបរវាងឧបនាយករដ្ឋមន្រ្តី សុខ អាន រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមការ ងាររាជរដ្ឋាភិបាលទទួលបន្ទុកសាលាក្តីខ្មែរក្រហម ជាមួយឯកអគ្គរដ្ឋទូត ដេវីត សេហ្វ័រ អ្នកជំនាញការពិ សេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ទទួលបន្ទុកសាលាក្តីខ្មែរក្រហម នាថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៦។
ជំនួបពិភាក្សារវាងឧបនាយករដ្ឋមន្រ្តី សុខ អាន និង លោក ដេវីត សេហ្វ័រ ធ្វើឡើងដើម្បីពិនិត្យទៅលើការវិវឌ្ឍន៍ថ្មីៗ នៅអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក)។ ក្នុងជំនួបពិភាក្សានេះ ភាគីទាំងពីរ បានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះកិច្ចការរបស់សាលាក្តីកូនកាត់មួយនេះ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍រួមរបស់ស្តីពីលទ្ធផល នៃជំនួប ដែល Fresh News ទទួលបាននៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៦។
សេចក្តីថ្លែងការណ៍រួមនេះ បានគូសបញ្ជាក់ថា លោកឧបនាយករដ្ឋមន្រ្តី សុខ អាន និង លោក ដេវីត សេហ្វ័រ បានកត់សម្គាល់ថា សា លាក្តីបានបោះជំហានទៅមុខយ៉ាងច្រើនជំហាននៅក្នុងប៉ុន្មានខែថ្មីៗនេះ ពាក់ព័ន្ធនឹងនីតិវិធី នៃសំណុំរឿង០០៣ និង០០៤ ហើយបានបង្ហាញការរំពឹងទុកផងដែរថា ការជំនុំជម្រះរបស់សាលដំបូងក្នុងសំណុំរឿង ០០២/០២ អាចនឹងបញ្ចប់នៅត្រឹមត្រីមាសទី០៤ ឆ្នាំ២០១៦ ខណៈដែលសាលដីការបស់អង្គជំនុំជម្រះតុលាការកំពូលលើសំណុំរឿង ០០២/០១ នឹងចេញនៅពាក់កណ្តាលឆ្នាំ២០១៦នេះ។
សំណុំរឿង០០២/០០១ គឺជាការជំនុំជម្រះប្រឆាំងនឹង លោក ខៀវ សំផន អតីតប្រមុខរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យ និង លោក នួន ជា អតីតអនុលេខាបក្សកុម្មុយនីស្តកម្ពុជា។ បទចោទក្នុងសំណុំរឿង ០០២/០០១ ផ្តោតលើបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ ដែលរងការចោទប្រកាន់អំឡុងពេលជម្លៀសប្រជាជននៅរាជធានីភ្នំពេញ ក្នុងខែមេសា ឆ្នាំ១៩៧៥ និងការផ្លាស់ទីដោយបង្ខំបន្តបន្ទាប់ពីតំបន់ដទៃទៀត រួមទាំងការកាប់សម្លាប់ ដែលរងការចោទប្រកាន់នៅទួលពោធិ៍ជ្រៃ ក្នុងខេត្តពោធិ៍សាត់។
សំណុំរឿង ០០២/០១នេះ ត្រូវបានអង្គជំនុំជម្រះសាលាដំបូងរកឃើញថា ជនជាប់ចោទមានពិរុទ្ធភាពពីបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ និង បានសម្រេចដាក់ពន្ធនាគារជនជាប់ចោទទាំងពីរអស់មួយជីវិត នៅថ្ងៃទី ៧ ខែសីហា ឆ្នាំ២០១៤។ ការប្រកាសសាលក្រមរបស់អង្គជំនំជម្រះសាលាដំបូង ត្រូវបានបដិសេធដោយជនជាប់ចោទ នួន ជា និង ខៀវ សំផន ហើយក៏បានធ្វើបណ្តឹងសាទុក្ខផងដែរ។ សវនាការលើបណ្តឹងសាទុក្ខនេះ បានបើកធ្វើឡើងកាលពីថ្ងៃ១៧-១៩ វិច្ឆិកា ឆ្នាំ២០១៥ តែត្រូវបានផ្អាកដោយសារអវត្តមានមេធាវីការពារក្តីរបស់លោក នួន ជា។ តុលាការកំពូល នៃអង្គជំនុំជម្រះសាលាក្តីខ្មែរក្រហមការ បានលើកបណ្តឹងសាទុក្ខនេះ មកជំនុំជម្រះបន្តនៅថ្ងៃទី១៦-១៨ ខែកុម្ភៈ ឆ្នាំ២០១៦។
តាមរយៈសវនាការ នៃបណ្តឹងសាទុក្ខនេះ មេធាវីការពារក្តីរបស់ជនជាប់ចោទ នួន ជា នៅតែអវត្តមាន ខណៈមេធាវីរបស់ ខៀវ សំផនបានហៅការការផ្តន្ទាទោសកូនក្តីរបស់ខ្លួនដាក់ពន្ធនាគារមួយជីវិតថា ជារឿងអយុត្តិធម៌។
បើទោះបីជាយ៉ាងណា សាលដីកាលើសំណុំរឿង០០២/០០១ នេះ ត្រូវបានគេរំពឹងថា នឹងប្រកាសនៅពាក់កណ្តាលឆ្នាំ២០១៦នេះ៕