(ភ្នំពេញ)៖ កម្លាំងនគរបាលចរាចរណ៍ បានឃាត់ខ្លួនអ្នកបើកបរស្រវឹងចំនួន១១នាក់ទៀតហើយ នៅក្នុងប្រតិបត្តិការត្រួតពិនិត្យអ្នកបើកបរ ក្រោមឥទ្ធពលគ្រឿងស្រវឹង នៅយប់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៦ បន្ទាប់ពីពិនិត្យឃើញថា ក្នុងខ្លួនរបស់ពួកគេ មានជាតិអាល់កុលធ្ងន់ធ្ងរ ហើយនៅតែប្រឹងបើកបរយានយន្តទៀត។
យោងតាមរបាយការណ៍ អំពីលទ្ធផលនៃការត្រួតពិនិត្យ អ្នកបើកបរក្រោមឥទ្ធិពល នៃគ្រឿងស្រវឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៦ យានយន្ត ដែលបានធ្វើការត្រួតពិនិត្យ មានចំនួន១២៨១គ្រឿង (ម៉ូតូចំនួន៨២២គ្រឿង និងរថយន្ត៤៥៩គ្រឿង) យានយន្តដែលបានចេញប័ណ្ណពិន័យ បទល្មើសចំនួន៤០០គ្រឿង (ម៉ូតូ២៩៣គ្រឿង និងរថយន្ត១០៧គ្រឿង) អប់រំអ្នកបើកបរដែលមាន អត្រាជាតិស្រវឹងក្រោម ០.២៥ចំនួន ១០នាក់ (ម៉ូតូចំនួន៥នាក់ និងរថយន្តចំនួន៥នាក់) ពិន័យអ្នកបើកបរដែលមាន អត្រាជាតិស្រវឹងចាប់ពី០.២៥ ដល់០.៣៩ មីលីក្រាម១៣នាក់ (ម៉ូតូចំនួន៥នាក់ និងរថយន្តចំនួន៨នាក់)។
របាយការណដដែលបានបញ្ជាក់ថា ក្នុងប្រតិបត្តិការត្រួតពិនិត្យនេះ សមត្ថកិច្ចបានឃាត់អ្នកបើកបរស្រវឹងចំនួន១១នាក់ក្នុងនោះអ្នកបើកម៉ូតូ ចំនួន៧នាក់ មានអត្រាជាតិអាល់កុលពី០.៤៦ ដល់ ០.៩៦MgL /ខ្យល់ និងអ្នកបើកបររថយន្ត៤នាក់ មានអត្រាជាតិអាល់កុលពី០.៥០ ដល់១.០២ MgL/ខ្យល់។
គួរបញ្ជាក់ថា លទ្ធផលត្រួតពិនិត្យរយៈពេល២២លើក សមត្ថកិច្ចបានឃាត់អ្នកបើកបរយានយន្តចំនួន១៨៧នាក់ក្នុងនោះអ្នកបើកបររថយន្ត ចំនួន៤៧នាក់ និងអ្នកបើកបរម៉ូតូចំនួន១៤០នាក់៕