(ភ្នំពេញ)៖ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈនេះ សាលារាជធានីភ្នំពេញ គ្រោងនឹងដាក់ ម៉ាកែតប្លង់គោល នៃការប្រើប្រាស់ដី របស់រាជធានីភ្នំពេញឆ្នាំ២០៣៥ ដែលត្រូវបានរាជរដ្ឋាភិបាល អនុម័តទាំងស្រុង នូវសេចក្តីព្រាងអនុក្រឹត្យ ជូនសាធារណជនចូលទស្សនា។
ប្លង់គោលប្រើប្រាស់ដីរាជធានីភ្នំពេញ ឆ្នាំ២០៣៥ គឺជាប្លង់មេ ដែលសាលារាជធានីភ្នំពេញរៀបចំ ដើម្បីបង្ហាញពីគម្រោង ការអភិវឌ្ឍន៍នានា របស់រាជធានីភ្នំពេញ ហើយប្លង់គោលនេះដែរ ត្រូវបានគណៈរដ្ឋមន្រ្តី បានអនុម័តទាំងស្រុងនូវសេចក្តី ព្រាងអនុក្រឹត្យ កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៥កន្លងទៅ។
តាមរយៈគេហទំព័រ Facebook Page ផ្លូវការ លោកអភិបាលរាជធានីភ្នំពេញ បានសរសេរថា «សមិទ្ធិផលថ្មីមួយទៀត របស់សាលារាជធានីភ្នំពេញ សម្រាប់គណៈអភិបាលរាជធានីភ្នំពេញ អាណត្តិទី២នេះ បន្ទាប់ពីគណៈរដ្ឋមន្រ្តី បានអនុម័តទាំងស្រុង នូវសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការដាក់ឲ្យអនុវត្តប្លង់គោល ប្រើប្រាស់ដីរាជធានីភ្នំពេញឆ្នាំ២០៣៥ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៥ កន្លងទៅ។ ប្លង់ម៉ាកែតលើកដំបូង របស់រាជធានីភ្នំពេញ បានសាងសង់ឡើង ដោយមន្រ្តីរាជការនៃទីចាត់ការៀបចំក្រុង របស់សាលារាជធានីភ្នំពេញ រួមជាមួយនឹងក្រុមនិស្សិតខ្មែរស្ម័គ្រចិត្ត ដោយចំណាយរយៈពេលជាង៥ខែ។ ក្រោយបញ្ជាប់ជាស្ថាពរ ប្លង់ម៉ាកែតរបស់រាជធានីភ្នំពេញ នឹងដាក់ជូនសាធារណជនចូលទស្សនាបាន»៕