(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃសៅរ៍ ទី២០ ខែកុម្ភៈនេះ បានអញ្ជើញទៅលេងកីឡាវាយកូនគោល ដែលជាកីឡាសម្តេចចូលចិត្ត ដើម្បីសុខភាពផង និងការកម្សាន្តសប្បាយផងដែរ បន្ទាប់ពីសម្តេចបានបញ្ចប់នូវ បំណុលដែលជំពាក់ គឺការពិនិត្យ និងចុះហត្ថលេខាលើឯកសាររួចរាល់នៅថ្ងៃម្សិលមិញ។
តាមរយៈ Facebook Page សម្តេចបានបញ្ជាក់ពីអនុស្សាវរីយ៍ នៅលើទឹកដីអាមេរិក ក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិកថា សម្តេច និងមេដឹកនាំអាស៊ានផ្សេងទៀត ត្រូវបានលោកប្រធានធិបតី អូបាម៉ា អញ្ជើញឲ្យទៅវាយកូនគោល ហើយលោករដ្ឋមន្ត្រីការបរទេសអាមេរិក ជាអ្នករៀបចំឲ្យសម្តេច ប៉ុន្តែដោយសារសម្តេចងងុងដេកពេក ព្រោះទម្លាប់តាមម៉ោងនៅកម្ពុជានោះ ទើបមិនអាចចូលរួមលេងបាន។
សម្តេចតេជោ ហ៊ុន សែន សរសេរក្នុង Facebook Page ថា «រយៈពេល៥ថ្ងៃដែលសម្តេចចេញទៅប្រជុំកំពូល ពិសេសមេដឹកនាំអាស៊ាន-អាមេរិកដែល ផ្តល់ផលប្រយោជន៏យ៉ាងច្រើន ដល់ភាគីទាំងពីរអាស៊ាន-អាមេរិក និងដល់រដ្ឋសមាជិកអាស៊ាននិមួយៗ។ នៅជាប់សណ្ឋាគារខ្ញុំស្នាក់នៅ និងទីក្រុងដែលប្រជុំ មានតារាងវាយកូនគោលយ៉ាងច្រើន ហើយមានភ្លើងសំរាប់វាយយប់ទៀតផង។ ប្រធានាធិបតីអាមេរិក អូបាម៉ា បាននិយាយ ក្នុងអង្គប្រជុំថា សូមអញ្ជើញថ្នាក់ដឹកនាំអាស៊ាន លេងកូនគោល»។
សម្តេចតេជោបញ្ជាក់ទៀតថា «ដោយឡែករដ្ឋមន្ត្រីការបរទេសអាមេរិក ដែលធ្លាប់ស្គាល់ និងធ្វើការជាមួយខ្ញុំ ប្រមាណជិត៣០ឆ្នាំមកហើយនោះ បានខិតខំជំរុញខ្ញុំឲ្យ វាយកូនគោលដោយគាត់ជួយរៀបចំឲ្យ។ តែគួរឲ្យស្តាយខ្ញុំងងុយដេកពេក ព្រោះពេលនោះខ្ញុំទម្លាប់តាមម៉ោងកម្ពុជា។ ពេលនេះមកដល់កម្ពុជាវិញ តែបែរជានៅទម្លាប់ តាមម៉ោងអាមេរិក។ មានតែវាយកូនគោលទេ នៅព្រឹកនេះទើបមិនងងុយដេក។ ឯកសារដែលខ្ញុំនៅជំពាក់មិនទាន់បានពិនិត្យសំរេច និងចុះហត្ថលេខា ត្រូវបានបញ្ចប់រួចរាល់ ពីម្សិលមិញទៅហើយ។ ថ្ងៃនេះជាថ្ងៃកីឡា ដើម្បីសុខភាពនិងការកំសាន្តសប្បាយ»៕