(ភ្នំពេញ)៖ សម្រាប់ឆ្នាំ២០២០ កន្លងទៅ ទោះបីជួបបញ្ហានៃការរីករាលដាលជំងឺកូវីដ-១៩ ក៏ដោយ ក៏អ្នកតំណាងរាស្ត្រនៅកម្ពុជា នៅតែបង្កើនសកម្មភាពចុះជួយប្រជាពលរដ្ឋនៅតាមមូលដ្ឋានញឹកញាប់ជាងឆ្នាំមុន ដោយទទួលបានសំណូមពរពីប្រជាពលរដ្ឋក៏ច្រើនណាស់ដែរ។
លោក ឈាង វុន ប្រធានគណៈកម្មការឃោសនា និងកិច្ចការបរទេស នៃរដ្ឋសភា បានថ្លែងប្រាប់ Fresh News នាថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១នេះថា នៅពេលចន្លោះសម័យប្រជុំពេញអង្គនៃរដ្ឋសភា អ្នកតំណាងរាស្ត្រតែងតែចុះជួយប្រជាពលរដ្ឋនៅតាមមូលដ្ឋានទូទាំងប្រទេស ធ្វើយ៉ាងណាក្ដាប់ឱ្យបាននូវតម្រូវការ សំណូមពរ និងការខ្វះខាតនានារបស់ប្រជាពលរដ្ឋ ហើយលើកយកសំណូមពរទាំងនោះមកពិភាក្សានៅក្នុងរដ្ឋសភា ដើម្បីដោះស្រាយជូនពួកគាត់ភ្លាមៗ។ លោកថា សម្រាប់ឆ្នាំ២០២០ កន្លងទៅ សកម្មភាពចុះមូលដ្ឋានគឺញឹកញាប់ច្រើនជាងមុន ទោះបីជាមានបញ្ហាជំងឺកូវីដ-១៩ រាតត្បាតក៏ដោយ។
លោកបានថ្លែងយ៉ាងដូច្នេះថា «តំណាងរាស្ត្រយើងតែងតែចុះមូលដ្ឋានជានិច្ច គឺយើងបានទៅច្រើនណាស់នៅតាមមូលដ្ឋាន ហើយក្នុងបរិបទជំងឺកូវីដ យើងក៏សកម្មណាស់ដែរ»។
លោក ឈាង វុន បានបន្តថា ការបង្កើនសកម្មភាពចុះមូលដ្ឋានញឹកញាប់បែបនេះ ក៏ដោយសារព្រួយបារម្ភខ្លាចក្រែងប្រជាពលរដ្ឋមានការខ្វះខាត ស្របពេលដែលឆ្នាំ២០២០នោះ កម្ពុជាជួបនូវវិបត្តិ និងគ្រោះមហន្តរាយផ្ទួនៗ ដូចជាវិបត្តិនៃការរីករាលដាលជំងឺកូវីដ-១៩ និងគ្រោះទឹកជំនន់ទៀតផង។ ធ្វើបែបនេះ គឺដើម្បីធានាកុំឱ្យប្រជាពលរដ្ឋមានការខ្វះខាតស្បៀង ឬមានគ្រោះថ្នាក់ផ្សេងៗ។
លោកបានបន្ថែមថា នៅពេលទទួលបានសំណូមពរពីប្រជាពលរដ្ឋ តំណាងរាស្ត្រទាំងឡាយបានលើកយកមកជជែកគ្នានៅក្នុងរដ្ឋសភា ដោយគិតពីតម្រូវការអភិវឌ្ឍន៍ថ្នាក់ក្រោមជាតិខ្លាំងក្លាមែនទែន ដោយសម្របសម្រួលទៅតាមថវិកាដែលកំណត់នៅក្នុងរដ្ឋសភា តាមការស្នើសុំរបស់រាជរដ្ឋាភិបាល ដើម្បីផ្ដត់ផ្គង់ទៅដល់អាជ្ញាធរថ្នាក់ក្រោមជាតិ។
លោកបានបញ្ជាក់ថា បញ្ហាដែលពលរដ្ឋស្នើមកកាន់តំណាងរាស្ត្រ ភាគច្រើនពាក់ព័ន្ធនឹងវិស័យសង្គមកិច្ច សុខមាលភាព ដីធ្លី ហេដ្ឋារចនាសម្ព័ន្ធ និងបញ្ហាមួយចំនួនទៀត ហើយរដ្ឋសភាតែងតែលើកមកយកជជែកគ្នា និងបានឆ្លើយតបទៅកាន់ប្រជាពលរដ្ឋវិញភ្លាមៗទៅតាមលទ្ធភាព ដូចជាការសាងសង់និងជួសជុលផ្លូវ សង់សាលារៀន ហេដ្ឋារចនាសម្ព័ន្ធនានា។
សូមជម្រាបថា ពេញមួយឆ្នាំ២០២០ កន្លងទៅ កម្ពុជាបានរងគ្រោះផ្ទួនៗពីការរីករាលដាលជំងឺកូវីដ-១៩ ដែលដំបូងឡើយគឺបាននាំចូលពីក្រៅប្រទេស បន្ទាប់មកក៏មានការផ្ទុះឡើងនៅក្នុងសហគមន៍ចំនួន ២ លើក ដែលគេឱ្យឈ្មោះថា «ព្រឹត្តិការណ៍ ៣ វិច្ឆិកា» និង «ព្រឹត្តិការណ៍ ២៨ វិច្ឆិកា»។ ម្យ៉ាងទៀតនៅអំលុងខែតុលា ឆ្នាំ២០២០ ស្ទើរតែទូទាំងប្រទេសកម្ពុជាក៏បានជួបនូវគ្រោះទឹកជំនន់ធំៗទៀត ដោយបានលិចលង់ផ្ទះសម្បែង សាលារៀន វត្តអារាម ខូចខាតស្រែស្រូវ ផលដំណាំ ដាច់ផ្លូវ និងហេដ្ឋារចនាសម្ពន្ធជាច្រើនទៀត។
នៅចំពោះមុខបញ្ហានេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានបញ្ជាទៅកាន់ថ្នាក់ដឹកនាំ មន្ត្រីរាជការ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី-ខេត្តទាំង ២៥ ព្រមទាំងអង្គភាព ស្ថាប័នទាំងឡាយ ត្រូវចុះជួយប្រជាពលរដ្ឋនៅតាមមូលដ្ឋានឱ្យបានសកម្មភាព និងត្រូវដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័សតាមដែលអាចធ្វើបាន៕