(ភ្នំពេញ)៖ លោក ជៀប សួរ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាត បានថ្លែងឲ្យដឹងថា បើតាមការប៉ាន់ស្មានរបស់ក្រុមហ៊ុន នៅតំបន់អប្សរា ប្លុក A កម្ពុជាអាចទទួលបានប្រេងប្រមាណជាង៣០លានបារ៉ែល ក្នុងកម្រិតបរិមាណផលិតជាមធ្យមចំនួន៧,៥០០បារ៉ែលក្នុងមួយថ្ងៃ ហើយប្រសិនជាដំណើរការគម្រោងទី១នេះបានល្អ នឹងបន្តទៅទីតាំងគម្រោងបន្តៗទៀត។

លោក ជៀប សួរ បានឲ្យដឹងទៀតថា គម្រោងផលិតប្រេងកាតនៅប្លុក A នេះ គឺស្ថិតនៅដែនសមុទ្រកម្ពុជា ដែលមានចម្ងាយប្រមាណជា ១៦០គីឡូម៉ែត្រ ពីក្រុងព្រះសីហនុ។ ក្នុងតំបន់អប្សរាទាំងមូលនេះ អាចឈានដល់ការបូមរយៈពេលពី៨-៩ឆ្នាំ ហើយបរិមាណដែលអាចទទួលបានជាង ៣០លានបារ៉ែល។

លោកបញ្ជាក់ថា សម្រាប់កិច្ចព្រមព្រៀងនៅតំបន់អប្សរាប្លុក A ទាំងមូលនោះមានរយៈពេល២៥ឆ្នាំ ហើយនៅតំបន់នៃដំណាក់កាលទី២ និងទី៣ផ្សេងទៀត គឺត្រូវការវាយតម្លៃបន្តទៀត សម្រាប់រៀបចំផែនការបន្ត។

លោកបន្តថា នៅពេលនេះក្រុមហ៊ុនកំពុងបន្តខួងអណ្ដូងចំនួន៤ផ្សេងទៀត តែដំណើរការនៃការខួងនោះគឺខួងម្ដងមួយៗ ហើយអណ្តូងដែលផលិតប្រេងដំបូងនោះ ក៏កំពុងបន្តផលិតប្រេងបណ្តើរៗដែរ មួយវិញទៀតប្រសិនបើវាដំណើរការអណ្ដូងទាំងអស់នេះ គឺអតិបរិមាដែលនឹងទទួលបានកម្រិតខ្ពស់បំផុត ៧,៥០០បារ៉ែលក្នុងមួយថ្ងៃ។

លោកបញ្ជាក់ទៀតថា «ប្រេងដែលយើងផលិតបានមកនេះ វាជាប្រេងឆៅ ហើយប្រេងឆៅនេះ ប្រសិនបើយើងមានរោងចក្រចម្រាញ់ប្រេងកាត នៅក្នុងប្រទេស នោះយើងអាចចម្រាញ់ ហើយអាចលក់នៅទីផ្សារក្នុងស្រុកយើងបាន តែដោយឡែកការសាងសង់រោងចក្រចម្រាញ់នេះ យើងមានការរអាក់រអួលដោយសារដៃគូវិនិយោគ មានបញ្ហាហិរញ្ញាវត្ថុខ្លះ ធ្វើឲ្យការសាងសង់នៅមិនទាន់បានដំណើរការទៅមុខ ដូច្នេះប្រេងដែលផលិតបានពីប្លុក A បច្ចុប្បន្ននេះមិនមានជម្រើសក្រៅពីលក់ទៅទីផ្សារអន្តរជាតិទេ»។

លោកបញ្ជាក់បន្តថា ប្រេងឆៅនេះ អាចយកទៅចម្រាញ់ទៅដូចជា ប្រេងសាំង, ប្រេងម៉ាស៊ូត, ជាឧស្ម័ន LPG (ហ្គាស) និងអាចមានប្រេងកាតខ្លះដែរ ហើយសំណល់ចុងក្រោយក៏អាចយកមកប្រើប្រាស់បានទៀត ដូចជាធ្វើជាផ្លូវកៅស៊ូ, បំពងទឹក, ដប និងសម្ភារជាជ័រផ្សេងៗ ដែលធ្វើយ៉ាងណាត្រូវប្រើឲ្យអស់ពីលទ្ធភាព។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ បានថ្លែងអំពីដំណឹងដ៏រីករាយ និងជាមោទនភាព សម្រាប់ប្រជាជនកម្ពុជាទាំង គឺដំណក់ប្រេងលើកដំបូងរបស់កម្ពុជា បានដំណើរការបូមបានដោយជោគជ័យ។ សមិទ្ធផលសន្តិភាព កើតចេញពីនយោបាយឈ្នះឈ្នះ បាននាំមកនូវសមិទ្ធផលថ្មី គឺដំណក់ប្រេងជាលើកដំបូង ក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជា។

សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា បញ្ជាក់យ៉ាងច្បាស់ៗថា ដំណក់ប្រេងជាលើកដំបូង ក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជា គឺជាពរជ័យសម្រាប់ប្រជាជន និងប្រទេសជាតិ មិនមែនជាបណ្តាសារ ដូចការលើកឡើងរបស់ជនអគតិមួយចំនួននោះទេ។ ចំណូលថវិកាបានពីការលក់ប្រេងរបស់កម្ពុជា នឹងយកទៅប្រើប្រាស់ក្នុងវិស័យអាទិភាព២ គឺវិស័យអប់រំ និងវិស័យសុខាភិបាល៕