(ភ្នំពេញ)៖ សាច់ជ្រូកជាម្ហូបដែលបងប្អូនពលរដ្ឋ តែងតែជាវសម្រាប់ធ្វើម្ហូបទទួលទានរាល់ថ្ងៃ ហាក់មានការឡើងថ្លៃជាងមុខបន្ដិច នៅប្រមាណជា៣-៤ថ្ងៃនេះ បើធៀបនឹងតម្លៃពីមុន ដោយក្នុងមួយគីឡូក្រោមឡើងដល់ចន្លោះ២៥,០០០រៀល ផ្សារខ្លះឡើងដល់២៨,០០០រៀល និងផ្សារខ្លះទៀតឈានដល់តម្លៃ៣០,០០០រៀល ខណៈតម្លៃពីមុនមានចន្លោះ១៨,០០០រៀល, ២០,០០០រៀល ឬ២៣,០០០រៀលតែប៉ុណ្ណោះ។
អាជីវករលក់នៅក្នុងផ្សារដើមស្កូវ បានថ្លែងឲ្យដឹងថា ៣ថ្ងៃមកនេះតម្លៃនៃសាច់ជ្រូក គឺឡើងថ្លៃជាប់គ្នា៣ថ្ងៃ ដោយក្នុងមួយថ្ងៃឡើង៥០០រៀល ប៉ុន្ដែអាជីវកររូបនេះមិនបានបញ្ជាក់ អំពីតម្លៃនៃការនាំចូលនោះទេ ដោយបញ្ជាក់តែអំពីតម្លៃលក់រាយតែប៉ុណ្ណោះ។
អាជីវកររូបនេះឲ្យដឹងទៀតថា សម្រាប់សាច់ជ្រូក៣ជាន់ និងសាច់ជ្រូកសុទ្ធលក់លើទីផ្សារ កំពុងឡើងថ្លៃ គឺមានតម្លៃដូចគ្នា១គីឡូក្រាមតម្លៃ២៥,០០០រៀល ដែលពីមុនតម្លៃចន្លោះត្រឹមតែ២០,០០០រៀល និងជាង២ម៉ឺនតិចតួចតែប៉ុណ្ណោះ។
ដូចគ្នានេះដែរអាជីវកលក់ក្នុងផ្សារសាមគ្គី អ្នកស្រី សារ៉ន បានឲ្យដឹងថា «សាច់ជ្រូកឡើងថ្លៃ ប៉ុន្ដែសម្រាប់តូបខ្ញុំលក់បានក្នុងចន្លោះ២៥,០០០រៀល សម្រាប់សាច់សុទ្ធ និងសាច់បីជាន់ ប៉ុន្ដែកន្លែងខ្លះទៀតលក់បានក្នុងតម្លៃ២៨,០០០រៀល កន្លែងខ្លះទៀតលក់បានរហូតដល់៣០,០០០រៀលទៀតផង»។
អ្នកស្រីបន្ដថា សាច់ជ្រូកឡើងថ្លៃបែបនេះ បរិមាណនៃការនាំចូលមកលក់ ក៏មានការកាត់បន្ថយដូចគ្នាមានន័យថា ប្រសិនបើពីមុនយកមកលក់ ក្នុងចន្លោះ២០គីឡូក្រោមក្នុងមួយថ្ងៃ ពេលនេះត្រូវកាត់បន្ថយមកត្រឹមតែ១០-១៥គីឡូប៉ុណ្ណោះ ព្រោះយកមកច្រើនខាតក៏ច្រើនផងដែរ។
អាជីវករនៅក្នុងផ្សារដើមគរ ក៏បញ្ជាក់ស្រដៀងគ្នានេះដែរជុំវិញបញ្ហានៃ ការឡើងថ្លៃនៃតម្លៃសាច់ជ្រូកនេះ ដោយបញ្ជាក់ថា សាច់ជ្រូកសាច់សុទ្ធអាចលក់បាន ក្នុងតម្លៃ២៣,០០០រៀលក្នុងមួយគីឡូក្រាម ប៉ុន្ដែសាច់ជ្រូកបីជាន់ឡើងថ្លៃ ដល់២៥,០០០រៀលក្នុងមួយគីឡូក្រាម។
ជុំវិញបញ្ហានៃការឡើងថ្លៃនៃតម្លៃសាច់ជ្រូកនេះ លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានថ្លែងថា ដោយសារតែខាងសមាគមមានការរវល់ ដូច្នេះខាងសមាគមមិនបានលម្អិតអំពីព័ត៌មានសាច់ជ្រូកឡើងថ្លៃនេះឡើយ។
អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ធ្លាប់បានបញ្ជាក់ឲ្យដឹងថា ក្នុងមួយថ្ងៃៗកម្ពុជា មានតម្រូវការសត្វជ្រូកប្រមាណ១ម៉ឺនក្បាល ក្នុងនោះការចិញ្ចឹមក្នុងស្រុកមានលទ្ធភាពផ្គត់ផ្គង់បានចំនួន ៥៨០០ក្បាល និងមានការនាំចូលបំពេញបន្ថែម ចន្លោះពីចំនួន ២,៣៥០ក្បាល ទៅ ៤,៤០០ក្បាល/ថ្ងៃ ទៅតាមតម្រូវការតិច ឬច្រើន៕