(ភ្នំពេញ)៖ បុរសម្នាក់មានប្រពន្ធ២ ប៉ុន្តែប្រពន្ធទី១ បានលែងលះគ្នា ហើយក្រោយមកគាត់ក៏បានយកប្រពន្ធម្នាក់ទៀត លុះក្រោយពីរស់នៅជាមួយគ្នាមួយរយៈពេលស្រាប់តែ ប្រពន្ធក្រោយនេះបានរត់ចោលគាត់បាត់ទៀត។
ដោយសារតែជួបវិបត្តគ្រួសារផ្ទួនៗគ្នាបែបនេះ បានធ្វើឱ្យគាត់ខូចចិត្តយ៉ាងខ្លាំង ហើយក៏ផឹកថ្នាំពុលសម្លសប់ខ្លួនឯង ប៉ុន្តែមិនស្លាប់ បណ្ដាលឱ្យរងរបួសធ្ងន់ធ្ងរ និងត្រូវបាននគរបាលហៅរថយន្តសង្រ្គោះដឹកយកទៅសង្រ្គោះបន្ទាន់។
ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១៖២០នាទីរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ នៅក្បែរមាត់ស្រះទឹកមួយកន្លែង ក្នុងភូមិកាកាប២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។ បុរសរូបនេះមិនត្រូវបានគេស្គាល់ឈ្មោះនោះទេ ប៉ុន្តែមិត្តភក្ដិបានហៅគាត់ថា នាគៗ មានអាយុប្រហែល៤០ឆ្នាំ មុខរបរជាកម្មករសំណង់នៅការដ្ឋានជិតនោះដែរ។
មិត្តភក្ដិរួមការងារជាមួយបុរសនេះបានប្រាប់ថា បុរសនេះធ្លាប់បានប្រាប់ពួកគាត់ពីវិបត្តផ្លូវចិត្ត ដែលបសនកើតឡើងលើខ្លួនគាត់ ជាបន្តបន្ទាប់ដែលធ្វើឲ្យគាត់លែងចង់រស់នៅតទៅទៀត ដោយមានប្រពន្ធ២ ប៉ុន្តែប្រពន្ធដើមបានលែងលះគ្នា ក្នុងពេលកន្លងមក។ ក្រោយពីលែងប្រពន្ធដើមបុរសនេះ បានយកប្រពន្ធទី២ម្នាក់ទៀត ដើម្បីសាងគ្រួសារថ្មី ប៉ុន្តែអ្វីដែលនឹកស្មានមិនដល់ ក្រោយពីការរួមរស់ជាមួយគ្នាបានមួយរយៈប៉ុណ្ណោះ ក៏ស្រាប់តែប្រពន្ធទី២នេះ បានរត់ចោលគាត់ទៀត។
ប្រភពដដែលបានបន្តថា ព្រោះតែវិបត្តគ្រួសារនេះហើយទើបនៅថ្ងៃ ពេលទៅរកត្រីធ្វើម្ហូបនៅចំណុចស្រះទឹកជិតកន្លែងកើតហេតុ បុរសនេះបានយកថ្នាំពុល១ដបទឹកសុទ្ធ ទៅតាមដើម្បីផឹកសម្លាប់ខ្លួន ហើយត្រូវបសនមិត្តភក្ដិទាំងអស់នាំគ្នាហាមឃាត់ និងយកថ្នាំពុលនោះបោះចោល ប៉ុន្តែពុំបាននឹកឃើញថាបើកគម្របដបចាក់ចោលទាល់តែសោះ។ បន្ទាប់មកក៏បានបែកគ្នាទៅរកត្រីជាធម្មតា លុះមួយសន្ទុះក្រោយមកស្រាប់តែឃើញជនរងគ្រោះដើរសុខៗ ស្រាប់តែដួលប្រកាច់បែកពពុះមាត់ក៏នាំគ្នារត់ទៅមើល ហើយបានឃើញដបថ្នាំពុល ដែលយកទៅចោលនោះស្ថិតនៅក្បែរខ្លួនគាត់ទើបដឹងថា បុរសនោះបានទៅរើសយកថ្នាំពុលមកវិញ ហើយផឹកសម្លាប់ខ្លួនឯង។
ក្រោយពេលកើតហេតុនគរបាល បានចុះទៅពិនិត្យមើល និងបានហៅរថយន្តពេទ្យដឹកយកបុរសខាងលើ ទៅកាន់មន្ទីរពេទ្យ ដើម្បីសង្រ្គោះបន្ទាន់ ហើយក៏បានរកឃើញនៅក្នុងទូរស័ព្ទបុរសនោះមានវីដេអូរឃ្លីប១ ដែលបុរសនោះថតដោយខ្លួនឯងមុនពេលផឹកថ្នាំធ្វើអត្តឃាត ដោយបានសុំឱ្យប្រពន្ធខមាទោស សុំឱ្យមិត្តភក្ដិជួយយកសាកសពគាត់បូជាក្នុងវត្ត ព្រមទាំងបញ្ជាក់ថា គ្មាននរណាសម្លាប់គាត់ទេ គឺគាត់សម្លាប់ខ្លួនឯង៕