(ភ្នំពេញ)៖ លោកស្រី គឹម សុវណ្ណា សមាជិការដ្ឋសភា និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខណ្ឌបឹងកេងកង លោកស្រី ស៊ុយ សែនសករាជ ភរិយា លោកអភិបាល និងជាប្រធានអនុសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខណ្ឌបឹងកេងកង, លោកស្រី ស៉ិន រតនា អភិបាលរងខណ្ឌ និងជាអនុប្រធានអនុសាខាសមាគមនារីខណ្ឌ នៅរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១នេះ បានចុះសួរសុខទុក្ខ និងនាំយកនូវអំណោយមួយចំនួនដល់លោកស្រី ជី ឃីម និងលោកស្រី អ៊ួន សុភាព ដែលជាជនចាស់ជរា ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង។
លោកស្រី ស៊ុយ សែនសករាជ និងជាប្រធានអនុសាខាសមាគមនារីខណ្ឌ បឹងកេងកង បានថ្លែងថា ដោយលោកស្រីទទួលសេចក្តីរាយការណ៍ពីលោកស្រី ស៊ិន រតនា និងបានពិនិត្យឃើញបញ្ហាខ្វះខាតរបស់អំស្រី២នាក់នេះ ទើបលោកស្រី រួមនឹងក្រុមការងារ ចុះមកសួរសុខទុក្ខ និងនាំយកអំណោយជួយឧបត្ថម្ភបន្ទាន់ជូនគាត់ភ្លាមៗ ដើម្បីដោះស្រាយជីវភាព ដោយមិនចាំបាច់ឱ្យពួកគាត់ឡើង មកដល់សាលាខណ្ឌរឿងស្បៀងអាហារនោះទេ។
លោកស្រីបានបញ្ជាក់ថា សកម្មភាពនេះ មិនមែនជាលើកទី១នោះទេ ដែលកន្លងមក សមាគមនារីខណ្ឌ បានចុះដោះស្រាយជូនប្រជាជន ដែលខ្វះខាតជាច្រើននៅក្នុងមូលដ្ឋានខណ្ឌបឹងកេងកងនេះ។
លោកស្រី បានឱ្យដឹងថា នេះគឺជាការអនុវត្តន៍អនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជានិច្ចកាលសម្តេចទាំងទ្វេរ តែងតែមានប្រសាសន៍ក្រើនរំឮកដល់មន្រ្តីមូលដ្ឋាន ត្រូវយកចិត្តទុកដាក់លើកបញ្ហាជីវភាពរបស់ប្រជាជន ដោយមិនទុកឱ្យប្រជាជនណាម្នាក់រងគ្រោះ ឬស្លាប់ដោយយើងមិនបានដឹងមិនបានដោះស្រាយនោះទេ។
លោកស្រីបានបន្តថា បើទោះបីជាក្នុងដំណាក់កាល ដែលពិភពលោកកំពុងតែរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារជំងឺកូវីដ-១៩ យ៉ាងណាក៏ដោយ រដ្ឋាភិបាលមានចំណាត់ការ និងវិធានការណ៍យ៉ាងតឹងរឹង ក្នុងការទប់ស្កាត់បានទាន់ពេលវេលាក្នុងការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅកម្ពុជា។ ជាពិសេសការជួបជុំថ្ងៃនេះក៏បានបង្ហាញអំពីប្រទេសជាតិមានសុខសន្តិភាព និងការយកចិត្តទុក្ខដាក់របស់រាជរដ្ឋាភិបាល តាមរយៈសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ អនុសាខាសមាគមន៍នារីគ្រប់លំដាប់ថ្នាក់ និងក្រុមការងាររាជរដ្ឋាភិបាលចុះជួយរាជធានី និងក្រុមការងារចុះជួយសង្កាត់ ដែលតែងចុះជួបសំណេះសំណាល និងនាំយកនូវអំណោយមកឧបត្ថម្ភដល់គ្រួសារដែលជួបការលំបាកក្នុងអំឡុងពេលកូវីដ-១៩ ផងដែរ។
លោកស្រី ស៉ិន រតនា បានបញ្ជាក់ថា អំណោយដែលសមាគមនារី យកមកផ្តល់ជូននាពេលនេះ ក្នុងមួយគ្រួសាររួមមាន៖ ថវិកា ១៥០,០០០រៀល, អង្ករ ៣០គីឡូក្រាម, មី ១កេស, ទឹកផ្លែឈើ ១កេស, ទឹកសុទ្ធ ១កេស, ទឹកស៊ីអ៉ីវ ១យួរ, ម៉ាស ១ដុំ និងជែល ១ដប៕