(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានស្នើដល់អាជ្ញាធរខេត្ដ នៅតាមបណ្ដាខេត្ដជាប់ព្រំដែនកម្ពុជា-ថៃ បន្ដយកចិត្ដទុកដាក់ និងពង្រឹងការអនុវត្ដ ក្នុងការគ្រប់គ្រងការធ្វើចត្ដាឡីស័ករបស់ពលករមកពីថៃ ឱ្យបានត្រឹមត្រូវ និងហ្មង់ចត់ជាទីបំផុត ដើម្បីចៀសផុតពីការរាលត្បាតជំងឺកូវីដ-១៩ លក្ខណៈទ្រង់ទ្រាយធំ។
ការថ្លែងបែបនេះ របស់លោកស្រីវេជ្ជបណ្ឌិត ក្នុងឱកាសដឹកនាំគណៈប្រតិភូសុខាភិបាល រួមទាំងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា លោកស្រី លី អាយលែន អញ្ជើញចុះបេសកកម្មការងារ ក្នុងខេត្ដចំនួន៣ គឺខេត្ដបាត់ដំបង ប៉ៃលិន និងបន្ទាយមានជ័យ នៅថ្ងៃទី១១-១២ ខែមករា ឆ្នាំ២០២១។
តាមការបញ្ជាក់របស់លោកស្រី ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១នេះ បានឱ្យបានដឹងថា បន្ទាប់ពីក្រុមការងារ បានចុះត្រួតពិនិត្យសង្កេតឃើញថា រាល់តាមមន្ទីរពេទ្យ គឺមានតម្រូវការចាំបាច់ ក្នុងការរៀបចំទីកន្លែងសម្រាប់ទទួលអ្នកជំងឺកូវីដ១៩បន្ថែមទៀត និងមានទីតាំងចត្ដាឡីស័កឱ្យបានត្រឹមត្រូវ ដោយរក្សាគម្លាតបុគ្គល ទៅតាមលក្ខណៈបច្ចេកទេស។
ដូច្នេះលោកស្រីវេជ្ជបណ្ឌិត បានស្នើដល់មន្ទីរសុខាភិបាលខេត្ដ និងអាជ្ញាធរជាប់ព្រំដែនចំនួន៣ខាងលើនេះ បន្ដយកចិត្ដដាក់ខ្ពស់លើការគ្រប់គ្រងពលករ ដែលធ្វើដំណើរពីប្រទេសថៃ និងត្រូវត្រៀមលក្ខណៈជាស្រេច បើសិនជាមានការរាលត្បាលជំងឺកូវីដ១៩ ទ្រង់ទ្រាយធំណាមួយនោះ។ ការធ្វើបែបនេះ ដើម្បីចៀសផុតពីបញ្ហាផ្សេងៗ និងគ្រប់គ្រងស្ថានការណ៍បាន។
លើសពីនោះ លោកស្រីស្នើសុំឱ្យមានទីកន្លែងគ្រប់គ្រាន់សម្រាប់ដាក់ និងព្យាបាល និងគ្រូពេទ្យសម្រាប់ព្យាបាល អ្នកជំងឺកូវីដផងដែរ និងត្រូវផ្លាស់ប្ដូរ ឬប្រើប្រាស់ពាក្យសំដី (ចាប់មកធ្វើចត្ដាឡីស័ក ទៅជាពាក្យអ្វីផ្សេងវិញ) ឱ្យបានសមរម្យ កុំឱ្យប៉ះពាល់ដល់សតិអារម្មណ៍របស់ពលករយើង ដែលអាចមានការភ័យខ្លាច ឬរត់គេចវេសពីការធ្វើចត្ដាឡីស័ក ចូលទៅក្នុងសហគមន៍។
លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បញ្ជាក់ទៀតថា «សូមអាជ្ញាធរពាក់ព័ន្ធ ត្រូវសហការ និងសាមគ្គីភាពគ្នា ដើម្បីការពារទប់ស្កាត់ជំងឺកូវីដ១៩។ ជាពិសេស ត្រូវអនុវត្ដន៍តាមអនុសាសន៍ណែនាំររបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា ដែលលោកបានប្រគល់នូវភារកិច្ច ជូនដល់អាជ្ញាធរថ្នាក់ក្រោមជាតិ ជាពិសេស អាជ្ញាធរខេត្ដ ដើម្បីឱ្យមានគ្រប់គ្រងឱ្យបានហ្មត់ចត់ ដល់ពលករធ្វើដំណើរពីប្រទេសថៃ»។
ក្នុងឱកាសនោះ លោកវេជ្ជបណ្ឌិត លី អាយលែន ក៏បានក្រើនរម្លឹក និងស្នើសុំទៅដល់អាជ្ញាធរខេត្ដផងដែរ ត្រូវគិតគូរត្រៀមលក្ខណៈ ប្រសិនបើមានអ្នកជំងឺកូវីដ១៩ តាមរយៈពលករធ្វើដំណើរមកប្រទេសថៃច្រើនទៅៗ ត្រូវមានទីតាំងធ្វើចត្ដាឡីស័ក និងកន្លែងព្យាបាលអ្នកជំងឺកូវីដ១៩ ឱ្យបានសមស្រប។
សូមជម្រាបផងដែរថា ក្នុងឱកាសចុះត្រួតពិនិត្យការងារបច្ចេកទេសការងារនេះ ក្រុមការងារក៏បានផ្ដល់ជូនម៉ាស៊ីនចំនួនពីរ ដល់មន្ទីរពេទ្យបង្អែកខេត្ដប៉ៃលិន ដែលមានម៉ាស៊ីន ពិនិត្យចង្វាក់បេះដូងមួយគ្រឿង និងម៉ាស៊ីនជួយផ្លូវដង្ហើមមួយគ្រឿង និងបំពាក់ម៉ាស៊ីនពិនិត្យបេះដូង ទៅដល់មន្ទីរសុខាភិបាលខេត្ដបាត់ដំបងផងដែរ៕