(ភ្នំពេញ)៖ លោក មុត ចន្ថា នាយកខុទ្ទកាល័យរបស់ លោក កឹម សុខា នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១នេះ បានប្រាប់ដល់ព្រះតេជគុណ្យ ប៊ុត ប៊ុនតិញ ឱ្យលាចាកសិក្ខាបទ ដើម្បីកុំឱ្យប៉ះពាល់ និងខូចដល់ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋរបស់កម្ពុជា។
តាមរយៈបណ្តាញសង្គម Facebook លោក មុត ចន្ថា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «តើព្រះសង្ឃ ប៊ុត ប៊ុនតិញ គួរបន្តគ្រងស្បង់ព្រះពុទ្ធសាសនាបន្លំខ្លួនទៀតទេ? គួរតែលាចាកសក្ខាបទ ដើម្បីកុំឱ្យប៉ះពាល់ និងខូចដល់ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ នៃព្រះរាជាណាចក្រកម្ពុជា»។
ការព្រមានរបស់នាយកខុទ្ទកាល័យលោក កឹម សុខា បានធ្វើឡើងបន្ទាប់ពី ព្រះតេជគុណ ប៊ុត ប៊ុនតិញ បានបង្ហោះរូបភាពរបស់ លោក កឹម សុខា កំពុងអាំងពោត នាថ្មីៗនេះ ហើយសរសេរឌឺដងរំលឹកអំពីទំនាក់ទំនង លោក កឹម សុខា និងស្រមុំ។ ទំនាក់ទំនង លោក កឹម សុខា និងកញ្ញា ខុម ចាន់តារាទី ហៅស្រីមុំត្រូវ បានគេទម្លាយតាមបណ្តាញសង្គម កាលពីដើមឆ្នាំ២០១៦ ដោយបានក្លាយជារឿងអាស្រូវមួយ វាយប្រហារទៅលើនយោបាយលោក កឹម សុខា រហូតដល់មានក្តីក្តាំនៅតុលាការជាបន្តបន្ទាប់។
ជុំវិញរឿងអាស្រូវនេះ លោក កឹម សុខា ក៏ត្រូវបានតុលាការផ្តន្ទាទោស៥ខែនិងពិន័យជាប្រាក់ចំនួន៨សែនរៀល ក្រោមការចោទប្រកាន់ពីបទ «បដិសេធក្នុងការចូលខ្លួន» តាមមាត្រា៥៣៨ នៃក្រមព្រហ្មទណ្ឌ ដែលតុលាការចាត់ទុកថា ជាបទល្មើសព្រហ្មទណ្ឌជាក់ស្តែងផងដែរ បន្ទាប់ពីលោកពុំបានចូលខ្លួនបំភ្លឺក្នុងនាមជាសាក្សី ក្នុងសំណុំរឿងស្រីមុំ។ ក្រោយមកក្នុងសំណុំរឿងនេះ លោកបានទទួលការលើកលែងទោសពីព្រះមហាក្សត្រ តាមសំណើរបស់សម្តេចតេជោ ហ៊ុន សែន។
លោក មុត ចន្ថា បានបញ្ជាក់បន្ថែមថា ការបង្ហោះសារឌីដងរបស់ ព្រះតេជគុណ ប៊ុត ប៊ុនតិញ ចំពោះលោក កឹម សុខា នាពេលនេះ គឺជាទង្វើរបស់ជនពាលអវិជ្ជា គ្មានសីលធម៌ និងគុណធម៌ជាព្រះសង្ឃ។
លោកបញ្ជាក់ថា៖ «សំណេរនេះបង្ហាញពីសារធាតុពិតនៃជនពាលអវិជ្ជា គ្មានសីលធម៌ និងគុណធម៌របស់ព្រះសង្ឃក្លែងខ្លួន។ ខ្ញុំជាពុទ្ធសាសនជនដែលគោរពបដិបត្តិសាសនាព្រះពុទ្ធ ដែលជាសាសនារបស់រដ្ឋ ហើយខ្ញុំក៏កាន់ជើងធូបគោរពជារៀងរាល់ថ្ងៃឧបោសថសីលជាប្រចាំ ហើយខ្ញុំក៏មិនដែលបានឃើញព្រះសង្ឃព្រះពុទ្ធសាសនាអង្គណាប្រើសំណេរដោយភាសាអសីលធម៌បែបនេះឡើយ»។
ចាប់តាំងពីគណបក្សសង្គោះជាតិ ត្រូវបានរំលាយ កាលពីខែវិច្ឆិកា ឆ្នាំ២០១៧ លោក កឹម សុខា និង លោក សម រង្ស៉ី បានវាយប្រហារគ្នាទៅវិញទៅមក។ លោក កឹម សុខា ក៏ចេញសារជារឿយៗ មិនគាំទ្រចំពោះសកម្មភាពរបស់ លោក សម រង្ស៉ីផងដែរ។ កន្លងទៅ លោកបានរិះគន់ចំពោះ ផែនការវិលត្រឡប់របស់ លោក សម រង្ស៉ី និងការរំលោភរដ្ឋធម្មនុញ្ញជាដើម៕