(ភ្នំពេញ)៖ ប្រទេសកម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ាន និងជាប់ចំណាត់ថ្នាក់លេខ៥ ក្នុងពិភពលោក ក្នុងការនាំចេញកង់។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោក ស៊ាង ថៃ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ប្រាប់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១។

លោក ស៊ាង ថៃ បានបញ្ជាក់ឲ្យដឹងទៀតថា ក្នុងរយៈពេលពេញមួយឆ្នាំ២០២០ កម្ពុជាទទួលបានប្រាក់ចំណូលពីការនាំចេញកង់ សរុបចំនួន ៥២៧,០៨២,២២៨ដុល្លារអាមេរិក កើនឡើង២៧.៧៨ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០១៩។

លោក ស៊ាង ថៃ បានបន្ដថា ទីផ្សារគោលដៅ ដែលកម្ពុជានាំចេញ រួមមាន៖ សហរដ្ឋអាមេរិក, អាល្លឺម៉ង់, ចក្រភពអង់គ្លេស, ប៊ែលហ្ស៊ិក, ហូឡង់, អូទ្រីស, ស៊ុយអែត, ដាណឺម៉ាក, អូស្ត្រាលី, សាធារណរដ្ឋឆែក, អ៊ីតាលី, កូឡុំប៊ី, សាធារណរដ្ឋកូរ៉េ, អេស្ប៉ាញ, ស្លូវេនី និងកាណាដា -ល-។

ជាមួយគ្នានេះ លោក ស៊ាង ថៃ ក៏បានលើកឡើងផងដែរថា ការដែលមានកំណើនប្រាក់ចំណូល លើការនាំចូលកង់នេះ ដោយសារតែស្ថេរភាពនយោបាយ រួមទាំងគោលនយោបាយកែទម្រង់មុតស្រួច (ផ្នែកសេដ្ឋកិច្ច) Pro Business របស់កម្ពុជា, ច្បាប់វិនិយោគ មានលក្ខណៈទូលាយ, ការសន្យាផ្នែកសេវាកម្ម និងវិនិយោគក៏មានលក្ខណៈសេរី និងម៉្យាងទៀតកត្ដាភូមិសាស្ត្រ។ លើសពីនេះកម្ពុជា ក៏ជាសមាជិកនៃអង្គការពាណិជ្ជកម្មពិភពលោក និងមានកិច្ចព្រមព្រៀងតំបន់ អនុតំបន់ ព្រមទាំងកំពុងចរចារ បង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងពលកម្មអំណោយផលផងដែរ។

ចំពោះការនាំចូលកង់ ត្រូវបានលោក ស៊ាង ថៃ ប្រាប់ឲ្យដឹងថា ភាគច្រើនកម្ពុជា នាំចូលពីប្រទេសជប៉ុន, ចិន, ជប៉ុន, តៃវ៉ាន់, វៀតណាម, សហរដ្ឋអាមេរិក, ថៃ, អូស្ត្រាលី និងបារាំង -ល-។ ទឹកប្រាក់នៃការនាំចូលកង់ ពេញមួយឆ្នាំ២០២០ សរុបចំនួន៨,៣៨៦,៥៧២ដុល្លារ ថយចុះ -១៩.៣៣ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០១៩។

គូសបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាមានរោងចក្រ សម្រាប់ដំឡើងកង់ចំនួន៥ រួមមាន៖

* ទី១៖ A AND J (CAMBODIA) CO.,LTD.
* ទី២៖ SPEEDTECH INDUSTRIAL CO., LTD.
* ទី៣៖ SMART TECH (CAMBODIA) CO.,LTD.
* ទី៤៖ XDS BICYCLE (CAMBODIA) CO.,LTD
* ទី៥៖ EVERGRAND BICYCLE (CAMBODIA) CO., LTD៕