(ភ្នំពេញ)៖ លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានជាប់ចំណាត់ថ្នាក់ជាថ្នាក់ដឹកនាំធនាគារកណ្តាលឆ្នាំ២០២១ ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលគ្រប់គ្រងប្រព័ន្ធធនាគារបានល្អប្រសើរ និងបានរួមចំណែកជំរុញកំណើន និងរក្សាស្ថិរភាពសេដ្ឋកិច្ច ក្នុងស្ថានភាពដែលកម្ពុជា ទទួលរងផលប៉ះពាល់ពីឥទ្ធិពល នៃការរីករាលដាលនៃជំងឺកូវីដ-១៩។
ការផ្តល់ជូនចំណាត់ថ្នាក់នេះ ត្រូវបានធ្វើឡើងដោយ The Banker ដែលជាភ្នាក់ងារប្រមូលផ្តុំទិន្នន័យ និងផ្សព្វផ្សាយព័ត៌មានផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុសកលលោក ក្រោយពីបានវាយតម្លៃលើសមិទ្ធផល ដែលធនាគារជាតិនៃកម្ពុជា ទទួលបាននាពេលកន្លងមក។
The Banker បានវាយតម្លៃខ្ពស់ថា ក្រោមការដឹកនាំរបស់លោក ជា ចាន់តូ ធនាគារជាតិនៃកម្ពុជា ទទួលបានជោគជ័យក្នុងការគ្រប់គ្រងប្រព័ន្ធធនាគារបានល្អប្រសើរ ក្នុងដំណាក់កាលដែលកម្ពុជា ក៏ដូចជាពិភពលោកកំពុងជួបនឹងវិបត្តិ នៅឆ្នាំ២០២០ កន្លងទៅ។
The Banker បានកត់សម្គាល់ថា កម្ពុជាបានគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព។ ទោះយ៉ាងណា កម្ពុជាក៏បានរងផលប៉ះពាល់ ដោយសារការធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរ នៃចំណូលវិស័យទេសចរណ៍ និងបានទទួលរងគ្រោះទឹកជំនន់រយៈពេលខ្លី។ កំណើនសេដ្ឋកិច្ចត្រូវបានរំពឹងថា នឹងអាចធ្លាក់ចុះដល់ -១,៩% នៅឆ្នាំ២០២០។ ដើម្បីចូលរួមកាត់បន្ថយផលប៉ះពាល់ នៃការធ្លាក់ចុះ និងបញ្ហាប្រឈមទាំងនេះ ធនាគារជាតិនៃកម្ពុជាបានដាក់ចេញនូវវិធានការគាំទ្រមួយចំនួន ដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក្នុងនោះរួមមាន ការរៀបចំឥណទានឡើងវិញ ដែលបានដាក់ឱ្យអនុវត្តកាលពីខែមីនា ឆ្នាំ២០២០កន្លងមក និងបន្តអនុវត្តដល់ដំណាច់ខែមិថុនា ឆ្នាំ២០២១នេះ។
ការរៀបចំឥណទានឡើងវិញ ត្រូវបានអនុញ្ញាតរហូតដល់ទៅបីដង ដោយមិនមានប៉ះពាល់ដល់ចំណាត់ថ្នាក់ឥណទាននោះទេ។ បទប្បញ្ញត្តិបន្ថែមរួមមាន៖ ការកាត់បន្ថយអត្រាការប្រាក់ និងការលើកលែងថ្លៃសេវា ជាដើម។ ការដាក់ចេញនេះបានធ្វើឱ្យឥណទាន មិនដំណើរការស្ថិតក្នុងកម្រិតទាប ២,៥%។ កម្ពុជាក៏បានជំរុញការប្រើប្រាស់ប្រព័ន្ធធនាគារឌីជីថល។
ធនាគារជាតិនៃកម្ពុជា បានដាក់ឱ្យដំណើរការជាផ្លូវការនូវប្រព័ន្ធបាគង កាលពីខែតុលា ឆ្នាំ២០២០ ដែលបានរួមចំណែកលើកកម្ពស់ បរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា ដោយសារមានក្រុមហ៊ុនឯកជនជាច្រើន បើកប្រាក់បៀវត្សរ៍ជូនបុគ្គលិករបស់ខ្លួន ជាសាច់ប្រាក់នៅឡើយ។
ប្រព័ន្ធបាគងត្រូវបានបង្កើតឡើង ដោយប្រើប្រាស់បច្ចេកវិទ្យាប្លុកឆេន និងអាចធ្វើប្រតិបត្តិការទូទាត់បានទាំងជាប្រាក់រៀល និងប្រាក់ដុល្លារអាមេរិក តាមរយៈទូរស័ព្ទដៃ ដោយអ្នកប្រើប្រាស់អាចស្កេនលេខកូដ ឬវាយបញ្ចូលលេខទូរស័ព្ទរបស់អ្នកទទួលប្រាក់។ ប្រព័ន្ធបាគងមានសមាជិកប្រមាណ ២០ធនាគារ។
ម៉្យាងទៀត រូបិយវត្ថុជាតិក៏ត្រូវបានជំរុញឱ្យប្រើប្រាស់យ៉ាងខ្លាំងក្លាផងដែរ សំដៅជំរុញកំណើនប្រកបដោយចីរភាព និងអភិវឌ្ឍប្រព័ន្ធធនាគារប្រកបដោយប្រសិទ្ធភាព និងជាពិសេសកាត់បន្ថយការពឹងផ្អែក លើប្រាក់ដុល្លារអាមេរិក។ បច្ចុប្បន្ន ការទូទាត់ដែលមានទឹកប្រាក់តិចជាង១០០ដុល្លារអាមេរិក ត្រូវបានធ្វើឡើងជាប្រាក់រៀល ខណៈដែលការប្រើប្រាស់ក្រដាសប្រាក់ដុល្លារអាមេរិក ដែលមានទំហំទឹកប្រាក់តូច បានថយចុះជាបណ្តើរៗ។
សម្រាប់ព័ត៌មានបន្ថែម៖ https://www.thebanker.com/Awards/Central-Bank-Governor-of-the-Year/Central-Banker-of-the-Year-2021