(កំពង់ចាម)៖ មន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និង បង្ក្រាបការក្លែងបន្លំខេត្តកំពង់ចាម (ក ប ប) នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០នេះ បានសហការ ជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្ម ចុះត្រួតពិនិត្យទំនិញ ឧបភោគ បរិភោគ នៅផ្សារ៧មករា និងដេប៉ូចែកចាយ ស្ថិតនៅឃុំសំបូមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម។
លោក ស៊ាន ស៊ីណាត ប្រធាន ក ប ប ខេត្តកំពង់ចាម បានឲ្យដឹងថា គោលបំណង នៃការត្រួតពិនិត្យ គឺដើម្បីស្រាវជ្រាវ ទប់ស្កាត់ការចរាចរណ៍ ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា ផុតកំណត់កាលបរិច្ឆេទប្រើប្រាស់ និងមានសារធាតុគីមីហាមឃាត់ ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។
ក្នុងនោះ បានធ្វើតេស្តបឋមលើទំនិញ ចំនួន៥មុខ ដើម្បីរកសារធាតុហាមឃាត់ ដែលប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។ ក្រោយពេលធ្វើតេស្ត រកឃើញពពុះ សណ្តែក១០គីឡូក្រាម មានសារធាតុគីមីហាមឃាត់ Borax នឹងគុយទាវសរសៃធំ២គីឡូក្រាម មានសារធាតុគីមី Borax ហើយដកហូតយកទៅកំទេចចោល។
ជាមួយគ្នានេះ មន្ដ្រីជំនាញ បានចែកផ្សាយនូវរូបភាព Poster និងផ្សព្វផ្សាយដល់អាជីវករអ្នកលក់ដូរ អ្នកប្រើប្រាស់ឲ្យបានយល់ ដឹងអំពីផលវិបាក ដែលបណ្តាលមកពីការ បរិភោគអាហារ ហួសកាលបរិច្ឆេទ ប្រើប្រាស់ និងការដាក់លាយបន្ថែមសារធាតុគីមី ហាមឃាត់ចូលក្នុងម្ហូបអាហារផងដែរ។
ប្រធាន ក ប ប ខេត្តកំពង់ចាម ក៏បានអំពាវនាវដល់អាជីវករ អ្នកលក់ដូរទាំងអស់ ឲ្យប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់ ចំពោះការចែកចាយ ព្រមទាំងនាំចូលទំនិញមកលក់បន្ដ៕