(ភ្នំពេញ)៖ លោក ធឹម សំអាន អភិបាលខណ្ឌបឹងកេងកង និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌបឹងកេងកង និងលោកស្រី ស៉ិន រតនា អភិបាលរងខណ្ឌបឹងកេងកង ដោយបានជួបសំណេះសំណាល និងចែកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ក្រុមគ្រួសារប្រជាជនដែលពួកគាត់មានជីវភាពខ្វះខាតចំនួន ២០គ្រួសារ ក្នុងសង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ក្នុងសកម្មភាពដែលបានធ្វើឡើងនៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១នេះ លោកស្រី ស៉ិន រតនា ថ្លែងថា ចំពោះអំណោយដែលបានចែកជូនប្រជាជនក្រីក្រនាពេលនេះដោយក្នុង ០១គ្រួសារៗទទួលបានអង្ករ ២៥គីឡូ ទឹកត្រី២ដប, ទឹកស៊ីអ៉ីវ២ដប ទឹកដោះគោ១កំប៉ុង, ស្កសរ ១កញ្ចប់, សារ៉ុង១, ម៉ាស់១ដុំ, អាល់កុល១ដប, មី១០កញ្ចប់ និងថវិកា ២០,០០០ម៉ឺនរៀល។
នាឱកាសនោះដែរលោក ធឹម សំអាន បានមានមតិលើកឡើងថា ជានិច្ចកាលកាកបាទក្រហមកម្ពុជាដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានកាកបាទក្រហមកម្ពុជា តែងតែយកចិត្តទុកដាក់ខ្ពស់ និងបានគិតគូរជានិច្ចទៅដល់ប្រជាជន ទោះបីស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ គឺតែងបានផ្ដល់នូវភាពកក់ក្ដៅដល់បងប្អូនជានិច្ចក្នុងគ្រាដែលពុក ម៉ែ បង ប្អូន ប្រជាជនជួបនូវការលំបាកនានាពិសេសផ្នែកជីវភាពរស់នៅប្រចាំថ្ងៃពោល គឺទីណាមានការលំបាក ទីនោះតែងតែមានវត្តមានកាកបាទក្រហមកម្ពុជាជាក់ស្ដែងដូចជានៅពេលនេះ គឺសម្ដេចទាំងទ្វេរដោយមិនបណ្ដែតបណ្ដោយទុកពុកម៉ែ បងប្អូន ណាម្នាក់ស្លាប់បាត់បង់ជីវិតដោយដាច់ស្បៀងអាហារ ឬអត់អាហារនោះទេ។
លោកបន្តថា សកម្មការងារមនុស្សធម៌នេះ ធ្វើឡើងដោយមិនប្រកាន់បក្សពួកនិន្នាការនយោបាយ និងសាសនាឡើយ៕