(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ ២០២១ស្អែកនេះ សាលាដំបូងរាជធានីភ្នំពេញ នឹងបន្តសវនាការលើសំណុំរឿងទណ្ឌិត សម រង្ស៊ី និងបក្ខពួក ៦៦នាក់ផ្សេងទៀត ពាក់ព័ន្ធនឹងករណី «រួមគំនិតក្បត់ និង ញុះញុង់បង្កឱ្យមានភាពវិកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ក្នុងផែនការប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ (ផែនការ ០៩ វិច្ឆិកា)។ នេះបើតាមលោក គុជ គឹមឡុង អ្នកពាក្យស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News។
ក្នុងអង្គសវនាការនាថ្ងៃស្អែកនេះ មានលោក សេង ហៀង ជាតំណាងអយ្យការ និង ក្រុមប្រឹក្សារជំនុំជម្រះមាន លោក រស់ ពិសិដ្ឋ ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ លោក អ៊ឹម វណ្ណៈ និងលោក កើត សាំង ជាចៅក្រមប្រឹក្សា។
ទណ្ឌិត សម រង្ស៉ី និងបក្ខពួក៨នាក់ រួមមាន លោក អេង ឆៃអ៊ាង, លោកស្រី មួរ សុខហួរ, លោក អ៊ូ ច័ន្ទឬទិ្ធ, លោក ហូរ វ៉ាន់, លោកឡុង រី, លោក ម៉ែន សុថាវរិន្ទ្រ, លោកស្រី ជូឡុង សួមួរ៉ា និង លោក នុត រំដួល កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៩ កន្លងទៅ ត្រូវបានអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចោទប្រកាន់រួចហើយពីបទ «ឧបឃាត» ផងដែរ ពាក់ព័ន្ធនឹងការប៉ុនប៉ងធ្វើរដ្ឋប្រហារផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ក្រោមឧបាយកលជាផែនការ នៃការវិលត្រឡប់ចូលប្រទេសកម្ពុជា អំឡុងព្រឹត្តិការណ៍ ៩ វិច្ឆិកា ២០១៩។
ផែនការ នៃការវិលចូលប្រទេសកម្ពុជាវិញរបស់ ទណ្ឌិត សម រង្ស៉ី មេចលនាឧទ្ទាម កាលពីឆ្នាំ២០១៩ បានអំពាវឱ្យកងទ័ពបំបែកខ្លួនប្រឆាំងរដ្ឋាភិបាល គឺជា «រដ្ឋប្រហារ» ដែលជាអំពើវិទ្ធង្សនា និងជាឧក្រិដ្ឋកម្មធ្ងន់ធ្ងរប៉ះពាល់ដល់សន្តិសុខនៃរដ្ឋ។ នេះបើតាមសេចក្តីប្រកាសរបស់អ្នកនាំពាក្យក្រសួងយុត្តិធម៌ កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ កន្លងទៅ៕