(រតនគិរី)៖ លោក ថង សាវុន អភិបាលខេត្តរតនគិរី បានផ្តាំផ្ញើដល់សិស្សានុសិស្សទាំងអស់ត្រូវខិតខំរៀនសូត្រឲ្យក្លាយជាកូនល្អ សិស្សល្អ ពលរដ្ឋល្អ មិត្តល្អ និងត្រូវចៀសឲ្យឆ្ងាយពីអំពើអបាយមុខផ្សេងៗ ដែលបង្កអសន្តិសុខដល់សង្គម។
លោក ថង សាវុន បានថ្លែងផ្តាំផ្ញើដូចនេះនៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធី បើកបវេសនកាលឆ្នាំថ្មី២០២០-២០២១ នៅវិទ្យាល័យ ប៊ូ ថង អូរជុំ នៅស្រុកអូរជុំ ខេត្តរតនគិរី ដោយមានការចូលរួមពីលោកមេបញ្ជាការកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ, លោកប្រធាន-អនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ, បុគ្គលិកអប់រំ និងសិស្សានុសិស្សប្រមាណ៣០០នាក់។
លោក ថង សាវុន បានឱ្យដឹងទៀតថា ការបើកបវេសនកាលឆ្នាំថ្មីនេះ បានធ្វើឡើងស្របពេលដែលកម្ពុជា កំពុងតែរួមគ្នាធ្វើសកម្មភាពប្រយុទ្ធប្រឆាំងទប់ស្កាត់ នឹងជំងឺ កូវីដ-១៩។ ដូច្នេះហើយក្រសួងអប់រំយុវជន និងកីឡាបានរៀបចំគន្លងជីវិតថ្មីនៅតាមគ្រឹះស្ថានសិក្សា ដោយអនុវត្តតាមគោលការណ៍ប្រតិបត្តិស្តង់ដា SOP សម្រាប់ដំណើរ ការសាលារៀនក្នុងបរិបទកូវីដ-១៩ និងពង្រឹងការអនុវត្តវិធានការការពារ និងទប់ស្កាត់កូវីដ-១៩។
ជាមួយគ្នានេះលោក ថង សាវុន ក៏បានស្នើឲ្យលោកគ្រូ អ្នកគ្រូ ត្រូវខិតខំបន្ថែមទៀត ដោយផ្តល់សេវាអប់រំដល់សិស្សានុសិស្សឱ្យបានស្មើៗគ្នា ដោយពុំមានការរើសអើង ផងដែរ។
លោក ខាត់ សាម៉ាល់ ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តរតនគិរី បានឱ្យដឹងថា ក្រសួងអប់រំយុវជន និងកីឡា បានរៀបចំនិងអនុវត្តកម្មវិធីសិក្សាបំព្រួញ ដោយកំណត់ មុខវិជ្ជាកាតព្វកិច្ច និងមុខវិជ្ជាជម្រើសមេរៀនសិក្សាក្នុងថ្នាក់រៀន និងមេរៀនស្វ័យសិក្សា ដើម្បីធានាថាការរៀនសូត្ររបស់សិស្សានុសិស្ស បានពេញលេញផ្តោតលើចំណុច សំខាន់ៗនិងស៊ីជម្រៅ។ ជាពិសេសគ្រឹះស្ថានសិក្សាត្រូវបន្តកសាងបរិស្ថានសាលារៀនស្អាត សាលារៀនបៃតង មានទឹកស្អាត មានបង្គន់អនាម័យ កន្លែងលាងដៃ និងសួនធម្មជាតិធ្វើយ៉ាងណា ឲ្យសក្តិសមជាកន្លែង សម្រាប់ការអប់រំ និងបណ្តុះបណ្តាលគំនិតស្អាតស្អំនិងឥរិយាបទល្អ។
ក្នុងឱកាសនេះដែរលោក ថង សាវុន ក៏បានឧបត្ថម្ភថវិកា១លានរៀល និងចែកប័ណ្ណសរសើរដល់លោកគ្រូ អ្នកគ្រូចំនួន៦នាក់ និងសិស្សានុសិស្សរៀនពូកែ ចំនួន៥នាក់ ផងដែរ៕