(ភ្នំពេញ)៖ លោក កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបញ្ជាក់ថា ឆ្នាំ២០២០កន្លងទៅ ក្រុមមេធាវីស្ម័គ្រចិត្តរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបំពេញភារកិច្ចរបស់ខ្លួន ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងរហ័ស ជូនដល់ប្រជាពលរដ្ឋក្រីក្រ ដែលគ្មានលទ្ធភាពពឹងពាក់មេធាវីឯកជន ដោយមិនយកកម្រៃ។
ផ្តល់បទសម្ភាសតាមរយៈទូរស័ព្ទជាមួយអង្គភាពព័ត៌មាន Fresh News លោក កែវ រ៉េមី បានបញ្ជាក់យ៉ាងដូច្នេះថា៖ «យើងមានក្រុមមេធាវីស្ម័គ្រចិត្តគណៈកម្មាធិការសិទ្ធិមនុស្សដែលបានចូលរួមយ៉ាងសកម្ម ក្នុងការប្រឹក្សា ផ្តល់យោបល់ច្បាប់តាមទូរស័ព្ទដោយមិនគិតលុយ ហើយចេញទៅការពារក្តី ក្នុងសវនការការពារជនរងគ្រោះស្ត្រីដែលជាកូនក្តីនៅតាមពន្ធនាគារ ដែលមានកូនតាមម្តាយ និយាយរួមគឺអ្នកដែលគ្មានលទ្ធភាពរកមេធាវីការពារក្តីបាន គណៈកម្មាធិការសិទ្ធិមនុស្សបានចូលរួមយ៉ាងសកម្មក្នុងការឡើងសវនាការតវ៉ាក្តី»។
ជាមួយនឹងកិច្ចការងារលើវិស័យសិទ្ធិមនុស្សនេះដែរ លោក កែវ រ៉េមី បានគូសបញ្ជាក់ថា គណៈកម្មាធិការសិទ្ធិមនុស្សបានបញ្ជូនក្រុមមេធាវីស្ម័គ្រចិត្តឱ្យការពារក្តីជូនស្រ្តីឈ្មោះ ពេជ្រ សូណែត ដែលត្រូវបានសាលាដំបូងកាត់ទោសឱ្យជាប់ពន្ធនាគារ១៦៦ឆ្នាំនោះ រួចផុតបទចោទចំនួន៨សំណុំរឿង។ ការរួចផុតបទចោទ៨រឿងនេះ បានធ្វើឱ្យស្រ្តីខាងលើនៅសល់ទោសតែ ២សំណុំរឿងប៉ុណ្ណោះ ដែលត្រូវអនុវត្តទោសចំនួន១៩ឆ្នាំ ក្នុងពន្ធនាគារ។
លោកបានឱ្យដឹងបន្ថែមថា ក្នុងកិច្ចអន្តរាគមន៍ផ្នែកមនុស្សធម៌ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានធ្វើការទំនាក់ទំនង
ជាមួយអង្គការដៃគូផ្សេងៗដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីទទួលយកកូនប្រុសអាយុ៣ឆ្នាំ របស់ស្ត្រីជាប់ឃុំ ពេជ្រ សូណែត ទៅចិញ្ចឹមបីបាច់ថែរក្សា ផ្តល់ការអប់រំ និងរស់នៅក្នុងបរិយាកាសដែលប្រសើរ។ ជាលទ្ធផល ក្រោមការសម្របសម្រួលពីគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជាមួយគ្រប់ភាគីពាក់ព័ន្ធ កុមារាដែលជាកូនរបស់ស្ត្រីជាប់ឃុំ ត្រូវបានប្រគល់ជូនអង្គការ «ការអភិវឌ្ឍន៍កុមារកម្ពុជា» ស្ថិតនៅភូមិព្រែកត្រែង ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្តាល ដើម្បីចិញ្ចឹមបីបាច់ថែរក្សា និងផ្តល់ការអប់រំ កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩។
ប្រធានគណៈកម្មាធិការសិទ្ធិមមនុស្សកម្ពុជារូបនេះ បានឱ្យដឹងថា រហូតមកពេលនេះមានកុមារតូចតាមម្តាយដែលជាប់ក្នុងពន្ធនាគារចំនួន៣នាក់ហើយ ត្រូវបានយកមកឱ្យស្នាក់នៅជាមួយអង្គការ «ការអភិវឌ្ឍន៍កុមារកម្ពុជា» ដើម្បីឱ្យទទួលបានការសិក្សារៀនសូត្រដូចកុមារដទៃ ដែលអាចធ្វើឱ្យជីវិតរបស់កុមារទាំងនោះមានភាពភ្លឺថ្លាទៅថ្ងៃអនាគតជាដើម។
លោក កែវ រ៉េមី ក៏បានបន្ថែមថា ក្រៅពីការការពារក្តីជូនជនរងគ្រោះនៅក្នុងសវនការ ក្រុមមេធាវីស្ម័គ្រចិត្តរបស់គណៈកម្មាធិការសិទ្ធិមនុស្ស បានដោះស្រាយបណ្តឹងរបស់ជនរងគ្រោះដែលមានបុគ្គលមួយចំនួនតូចបានប្រើប្រាស់អំណាចរបស់ខ្លួនមករំលោភទៅលើអ្នកទន់ខ្សោយ ដើម្បីជួយដោះស្រាយផងដែរ។ ក្រៅពីនេះក្រុមការងារគណៈកម្មាធិការសិទ្ធិមនុស្សចុះត្រួតពិនិត្យជាប្រចាំតាមពន្ធនាគារ មណ្ឌលអប់រំកែប្រែ ដោយបានរៀបចំមើលសកម្មភាពសហការជាមួយអ្នកទទួលខុសត្រូវនៅតាមពន្ធនាគារ ទូទាំង២៥រាជធានី-ខេត្ត ក្នុងប្រទេស។
ជាមួយនឹងសមិទ្ធផលដែលទទួលបានជោគជ័យលើការផ្តល់ជំនួយផ្នែកច្បាប់ដោយមិនយកម្រៃនេះដែរ លោក កែវ រ៉េមី បានលើកទឹកចិត្តដល់អ្នកច្បាប់ និងក្រុមមេធាវីរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ត្រូវខិតខំបន្តក្នុងការបំពេញភារកិច្ចនេះបន្តទៅទៀត ដើម្បីជាប្រយោជន៍ដល់សង្គមជាតិទាំងមូល រួមទាំងការថែរក្សាឱ្យបាននូវយុត្តិធម៌នៅក្នុងសង្គមជាតិ ជាដើម។
បនបន្ថែមពីនេះ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានសម្រេចផ្តល់មេធាវីការពារក្តីដោយឥតគិតថ្លៃជូនស្ត្រីជាប់ឃុំ ដែលមានកូនតូចនៅជាមួយនៅមណ្ឌលអប់រំកែប្រែទី២ (ម២) ដែលទារិកាអាយុ៥ខែនោះ បានស្លាប់នៅមន្ទីរពេទ្យដោយជំងឺរលាកសួតធ្ងន់ធ្ងរ។
លោក កែវ រ៉េមី បានបញ្ជាក់ថា ដោយមានការគាំទ្រពីសម្តេចតេជោ ហ៊ុន សែន ក្រុមការងារគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចូលរួមដោះស្រាយករណីការធ្វើទារុណកម្មលើអ្នកជាប់ពន្ធនាការក្នុងខេត្តបន្ទាយមានជ័យ រហូតបាត់បង់ជីវិត និងបាននាំយកជនដែលប្រព្រឹត្តល្មើសយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ព្រមទាំងករណីជាច្រើនទៀតត្រូវបានដោះស្រាយបានយ៉ាងល្អដោយឈរលើគោលការណ៍ច្បាប់ និងសិទ្ធិមនុស្ស៕