(ភ្នំពេញ)៖ ក្រសួងធម្មការ និងសាសនា បានអំពាវនាវថ្នាក់ដឹកនាំមន្ទីរធម្មការ និងសាសនា ថ្នាក់ដឹកនាំសង្ឃនៅតាមទីអារាម ព្រមទាំងប្រជាពុទ្ធបរិស័ទខ្មែររៀបចំតុបតែង និងចូលរួមប្រារព្ធពិធីបុណ្យមាឃបូជា ឱ្យបានអធិកអធមជាមួយការប្រកាន់ខ្ជាប់នូវស្មារតីបង្ការការចម្លងជំងឺកូវីដ១៩។
ពិធីបុណ្យមាឃបូជា នៅឆ្នាំនេះ នឹងត្រូវប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ នាថ្ងៃព្រហស្បតិ៍ ១៥កើត និងថ្ងៃសុក្រ ១រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៨ និងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១។ បុណ្យ មាឃបូជា គឺជាបុណ្យមួយក្នុងបណ្ដាបុណ្យធំៗទាំងឡាយ ក្នុងព្រះពុទ្ធសាសនា ដែលប្រទេសកាន់ព្រះពុទ្ធសាសនាលើសកលលោក តែងតែប្រារព្ធធ្វើពុំដែលខាន។
ពិធីនេះប្រារព្ធធ្វើឡើងដើម្បីរម្លឹកដល់អភិលក្ខិតសម័យទាំងពីរនៃសាសនាព្រះសម្មាសម្ពុទ្ធបរមគ្រូ ដែលកើតឡើង នៅថ្ងៃពេញបូណ៌មី ខែមាឃដូចគ្នា គឺថ្ងៃប្រជុំចតុរង្គសន្និបាត និងថ្ងៃដែលព្រះអង្គទ្រង់ប្រកាសដាក់ព្រះជន្មាយុសង្ខារ។
ជារៀងរាល់ឆ្នាំ ពុទ្ធសាសនិកខ្មែរតែងតែប្រារព្ធធ្វើបុណ្យមាឃបូជានេះ នៅគ្រប់វត្តអារាមទូទាំងប្រទេសដោយចាត់ទុកថា ជាការបំពេញកុសលដ៏ថ្លៃថ្លាបំផុត។
រាជរដ្ឋាភិបាល ក៏បានចាត់ចែងរៀបចំកម្មវិធីបុណ្យនេះនៅបរិវេណព្រះមហាសក្យមុនីចេតិយ ភ្នំព្រះរាជទ្រព្យ (ឧត្តុង្គ) ស្រុកពញាឮ ខេត្តកណ្ដាល ដោយមានថ្នាក់ដឹកនាំជាន់ខ្ពស់ ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល មន្ត្រីរាជការ អ្នកមុខអ្នកការ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និស្សិត សិស្ស សីលវន្ត សីលវតី និង ពុទ្ធបរិស័ទចូលរួមបំពេញកុសលតាមប្រពៃណីព្រះពុទ្ធសាសនា ស្របតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានចែងថា «ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ»។
ក្រសួងធម្មការ និងសាសនា បានណែនាំទៅគ្រប់មន្ទីរធម្មការ និងសាសនារាជធានី-ខេត្ត ត្រូវចាត់តាំងវត្តអារាមរៀបចំពិធីបុណ្យមាឃបូជាឱ្យបានមហាឡេរិក ស្របតាមទំនៀមទម្លាប់ និងប្រពៃណីជាតិ និងជ្រើសតាំងវត្តអារាមណាមួយប្រារព្ធពិធីបុណ្យមាឃបូជាជាផ្លូវការ។
ក្រសួង ក៏បានណែនាំទៅគ្រប់មន្ទីរធម្មការ និងសាសនារាជធានី-ខេត្ត សហការជាមួយព្រះមេគណ ព្រះអនុគណ ព្រះចៅអធិការ អាចារ្យ គណ:កម្មការវត្ត ធ្វើការបោស សម្អាតទីធ្លាក្នុងវត្ត ព្រះវិហារ កុដិ សាលាឆាន់ ឧបដ្ឋានសាលា និងកន្លែងគោរពសក្ការៈបូជារបស់ពុទ្ធបរិស័ទ ព្រមទាំងតុបតែងលម្អបរិវេណវត្តអារាមដោយផ្កាភ្ញី បំភ្លឺភ្លើង ផ្ទាំងប៉ាណូធំៗ ស្ដីពីព្រះពុទ្ធទ្រង់ប្រសូត ព្រះពុទ្ធទ្រង់ត្រាស់ដឹង ព្រះពុទ្ធទ្រង់បរិនិព្វាន និងលើកទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ ទង់រំយោល ទង់ក្លែប ព្រមទាំងបដាពាក្យស្លោក។
ក្រសួងក៏បានអំពាវនាវសប្បុរសជន ពុទ្ធបរិស័ទ ប្រជាពលរដ្ឋ អញ្ជើញចូលរួមបំពេញកុសលតាមសទ្ធាជ្រះថ្លា ដើម្បីជាគុណប្រយោជន៍ដល់ការថែរក្សានូវអត្តសញ្ញាណជាតិ ប្រពៃណីព្រះពុទ្ធសាសនា និងអនុមោទនាយកផល្លានិសង្ឃរៀងៗខ្លួន។
បើទោះបីជាយ៉ាងណាដោយសារកម្ពុជា កំពុងស្ថិតក្នុងដំណាក់កាលនៃការប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ១៩នោះ ក្រសួងធម្មការ និងសាសនា ក៏បានអំពាវនាវឱ្យមានការយកចិត្តទុកដាក់អនុវត្តតាមគោលការណ៍របស់រាជរដ្ឋាភិបាល និងវិធាននានារបស់ក្រសួងសុខាភិបាល ជាពិសេសត្រូវអនុវត្តន៍ឱ្យបានខ្ជាប់ខ្លួនតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាក្នុងការប្រយុទ្ធប្រឆាំង និងបង្កាការចម្លងចម្លងជំងឺកូវីដ១៩៕