(ភ្នំពេញ)៖ លោក សោម សូរីដា អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ថា គ.ជ.ប ប្រកាន់ជំហរផ្នែកច្បាប់ដដែលលើមន្រ្តីជាន់ខ្ពស់ម្នាក់ក្នុងគណបក្ស LDP ដែលប្រមាថលើខ្លួន បន្ទាប់មន្រ្តីរូបនេះបានប្រមាថ និងបានចោទប្រកាន់មកស្ថាប័នជាតិមួយនេះដោយពុំមានឯកសារ និងគតិយុត្តិច្បាស់លាស់។
ការប្រកាសជំហរផ្នែកច្បាប់របស់ គ.ជ.ប បានឡើងបន្ទាប់ពី គ.ជ.ប បានប្តឹង លោក អ៉ី សាំងឡេង ចំនួន៣ បទល្មើស គឺបទបរិហារកេរ្តិ៍ជាសាធារណៈ ជេរប្រមាថជាសាធារណៈ និងបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ជាដើម។
យ៉ាងណាក៏ដោយគ.ជ.ប ប្រកាសថា គ្រប់គណបក្សនយោបាយទាំងអស់ចំនួនជាង៤០ ដែលបានចុះបញ្ជីនោះ គឺសុទ្ធតែជាដៃគូដ៏ល្អ ជាមួយស្ថាប័ននេះ ហើយគ.ជ.ប គាំទ្រជានិច្ចសម្រាប់មតិយោបល់ និងការរិះគន់ដើម្បីស្ថាបនា ប៉ុន្តែការប្រមាថមើលងាយ នឹងមិនលើកលែងឱ្យនោះឡើយ ហើយនឹងត្រូវចាត់វិធានការទៅតាមច្បាប់ដូច្នេះដែរ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ លោក សោម សូរីដា បានលើកឡើងថា គ.ជ.ប. ជាអាជ្ញាកណ្តាលមួយសម្រាប់លើកិច្ចការងារបោះឆ្នោត ហើយស្ថាប័ននេះពុំបានយកគណបក្សនយោបាយណាមួយធ្វើជាសត្រូវនោះឡើយ ប៉ុន្តែមន្រ្តីមួយរួបនៃគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដែលបានចោទប្រកាន់ និងជេរប្រមាថយ៉ាងគឃ្លេីនមកលើស្ថាប័នជាតិមួយនេះ នឹងមិនលើកលែងឱ្យនោះឡើយ ហើយ គ.ជ.ប. នឹងចាត់វិធានការតាមផ្លូវច្បាប់ ដូចអ្វីដែល គ.ជ.ប បានប្រកាសនាពេលកន្លងមក។
មន្ត្រីជាន់ខ្ពស់ គ.ជ.ប រូបនេះ បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «គ.ជ.ប មិនយកគណបក្សណាមួយធ្វើជាសត្រូវនោះទេ អញ្ចឹងសម្រាប់សម្ព័ន្ធដើម្បីប្រជាធិបតេយ្យ LDP គឺនៅតែជាដៃគូ ឬក៏ជាភាគីពាក់ព័ន្ធដ៏សំខាន់មួយរបស់ គ.ជ.ប ប៉ុន្តែ ចំពោះបុគ្គល ខ្ញុំចង់ញែកបុគ្គល និងគណបក្សនយោបាយ...! ចំពោះបុគ្គលដែលប្រមាថដល់ស្ថាប័នជាតិ គឺ គ.ជ.ប មានចំណាត់ការតាមផ្លូវតុលាការ ពីព្រោះនៅពេលដែលស្ថាប័នជាតិមួយត្រូវបានរងការប្រមាថបែបនេះ គឺយើងមិនអាចទទួលយកបានចំពោះអំពើប្រមាថនេះនោះទេ»។
«ខ្ញុំលើកជាក់ស្តែង ដែលប្រមាថថា គ.ជ.ប ជាចោរអញ្ចឹងបើស្ថាប័ន គ.ជ.ប ជាចោរនោះមានន័យថា ការបោះឆ្នោតកន្លងមកនេះ មិនអាចទទួលយកបាននោះទេ គ.ជ.ប ត្រូវបានតែងតាំងដោយរដ្ឋសភា រដ្ឋសភាត្រូវបានបោះឆ្នោតដោយប្រជាពលរដ្ឋ មានន័យថាចោទ គ.ជ.ប ជាចោរស្មើនឹងប្រមាថមើលងាយស្ថានប័នជាតិ រួមទាំងមើលងាយដល់ប្រជាពលរដ្ឋផង»។ លោកសោម សូរីដា បន្ថែម។
ទន្ទឹមនឹងនេះដែរ លោក សោម សូរីដា បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធ ចូលរួមផ្ដល់មតិយោបល់ និងកែសម្រួល ករណីមាន កំហុសឆ្គង ក្នុងន័យរិះគន់ដើម្បីស្ថាបនា ដែលពោរពេញដោយការគោរពសិទ្ធិអ្នកដទៃ មានការយោគយល់គ្នាទៅវិញ ទៅមក ហើយត្រូវប្រកបដោយសេចក្ដីស្មោះត្រង់ និងការលើកទឹកចិត្ត។
អគ្គលេខខាធិការរងរូបនេះ បានបន្ថែមថា ក្នុងនាម គ.ជ.ប លោកស្នេីគ្រប់ភាគីពាក់ព័ន្ធបន្តចូលរួមជាមួយ គ.ជ.ប បន្តទៀត នៅក្នុងឆ្នាំ២០២១ និងឆ្នាំខាងមុខ ដើម្បីគោរពឱ្យខាងតែបាននូវសិទ្ធិរបស់ម្ចាស់ឆ្នោត និងធានាថាគ្មានទេអស្ថិរភាពក្រោយការបោះឆ្នោត ដោយតម្កល់សន្តិភាព និងការអភិវឌ្ឍជាធំ។
លោក សោម សូរីដា បានគូសបញ្ជាក់ថា «ជាការកត់សម្គាល់របស់ គ.ជ.ប មេរៀនទាំងឡាយខាងលើនេះ គ្មានពណ៌សម្បូរនយោបាយក្នុងនោះទេ គឺសុទ្ធតែជាគំនិតមេរៀន សម្រាប់គ្រប់ភាគីប្រកាន់យកសំដៅកសាងប្រទេសឱ្យចៀសផុតពីការស្អប់ខ្ពើម ជាតិសាសន៍ឯងដោយយកគ្នាសត្រូវស្លាប់រស់ ដែលខ្មែរធ្លាប់ភ្លក់រសជាតិរាប់ទសវត្សរួចមកហើយ កុំភ្លេចឱ្យសោះមេរៀនប្រវត្តិសាស្ត្រនេះ»។
លោកបានអះអាងថា «គ្មានភាគីណាមួយដែលធ្វើឱ្យ គ.ជ.ប បោះបង់ចោលអំពើល្អ និងយុត្តិធម៌បំផុត ចំពោះម្ចាស់ឆ្នោតបាននោះទេ ទោះក្នុងកាលៈទេសៈណាក៏ដោយ»។
សូមបញ្ជាក់ថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅ បានសម្រេចដាក់ពាក្យបណ្តឹងទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ប្តឹងលោកអ៊ី សាំងឡេង អនុប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បន្ទាប់ពីមន្រ្តីរូបនេះបានហៅស្ថាប័ន គ.ជ.បថា ជា«ចោរ» ពាក់ព័ន្ធនឹងដំណើរការចុះឈ្មោះបោះឆ្នោត និងអ្នកសង្កេតការណ៍បោះឆ្នោត នៅក្នុងឆ្នាំ២០២០នេះ៕