(កំពង់ធំ)៖ លោក ម៉ាក់ ប៊ុនហុង អភិបាលក្រុងស្ទឹងសែន ខេត្តកំពង់ធំ បានអំពាវនាវឱ្យអាជ្ញាធរសង្កាត់បង្កើនការយកចិត្តទុកដាក់ខ្ពស់លើគុណភាព នៃការសាងសង់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធគម្រោងមូនិធិសង្កាត់ ដើម្បីឱ្យការអភិវឌ្ឍចំគោលដៅ និងសមស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។
ការអំពាវនាវបែបនេះរបស់លោក ម៉ាក់ ប៊ុនហុង បានធ្វើឡើងនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១នេះ ក្នុងពិធីបើកកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាក្រុងលើកទី១៩ អាណាត្តិទី៣។ លោក ក៏បានជំរុញដល់អាជ្ញាធរសង្កាត់ទាំង៨ ក្នុងក្រុងស្ទឹងសែន ឱ្យបង្កើនការយកចិត្តទុកដាក់បន្ថែមលើការអនុវត្តគម្រោងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធមូលនិធិឃុំ-សង្កាត់ ប្រកបដោយប្រសិទ្ធភាព។
លោកបានបន្តថា ការចុះពិនិត្យ និងតាមដានជាប្រចាំលើកាសាងសង់ផ្លូវគ្រប់ប្រភេទនៅតាមសង្កាត់នីមួយៗ នឹងធ្វើការអនុវត្តរបស់ក្រុមហ៊ុនម៉ៅការ កាន់តែមានការប្រុងប្រយ័ត្ន ធ្វើឱ្យគុណភាពផ្លូវអាចប្រើប្រាស់បានយូរអង្វែង ស្របពេលដែលរាជរដ្ឋាភិបាល បង្កើនថវិកាមូលនិធិឃុំសង្កាត់ ដើម្បីយកមកអភិវឌ្ឍន៍ស្របតាមតម្រូវកាជាក់ស្តែងរបស់ឃុំ-សង្កាត់ និងចំណុចដែលប្រជាពលរដ្ឋត្រូវការជាចាំបាច់។ ដើម្បីឱ្យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ទាំងអស់នេះ មានគុណភាពតាមស្តង់ដារ ក្រុមហ៊ុនម៉ៅការសាងសង់ទាំងអស់ចាំបាច់ត្រូវអនុវត្តន៍តាមសៀវភៅណែនាំបទដ្ឋានបច្ចេកទេស (សៀវភៅភីម) ដែលសរសេរណែនាំយ៉ាងច្បាស់អំពីដំណើរ នៃប្រតិបត្តិការអនុវត្តន៍គម្រោង ហើយសៀវភៅនេះក៏មានក្នុងដៃរបស់អាជ្ញាធរសង្កាត់ គ្រប់សង្កាត់ផងដែរ។
លោកអភិបាលក្រុងបានបញ្ជាក់ថា ការសាងសង់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ប្រកបដោយគុណភាព មិនត្រឹមតែបង្កភាពងាយស្រួលក្នុងការធ្វើដំណើរទៅមករបស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ, ប៉ុន្តែក៏បង្កើននូវសេដ្ឋកិច្ចគ្រួសារ តាមរយៈការសន្សំសម្ចៃ ការបន្ថយការខូចខាតយាន្តជំនិះរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន រួមជាមួយការប្រើប្រាស់ថវិការជាតិប្រកបដោយភាពត្រឹមត្រូវ ចំគោលដៅដែលប្រមុខនៃរាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ ឈានទៅរកការជួយបង្កើនសេដ្ឋកិច្ចជាតិ ហើយរាល់ការសាង់សង់ហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុងទាំងអស់ចាំបាច់ត្រូវគិតគូរឱ្យបានច្បាស់លាស់លើការរៀបចំប្រព័ន្ធលូររំដោះទឹកភ្លៀង ដើម្បីការពារការកកស្ទះនាំឱ្យខូចខាតផ្លូវផងដែរ។
ជាមួយគ្នានេះលោកស្នើឱ្យមន្ត្រីបច្ចេកទេហេដ្ឋារចនាសម្ព័ន្ធខេត្តកំពង់ធំ ចុះពិនិត្យ និងវាយតម្លៃគុណភាពស្តង់ដារប្រកបដោយភាពត្រឹមត្រូវ ច្បាស់លាស់ ទៅតាមដំណាក់កាលនីមួយៗ និងពន្យល់ឱ្យបានច្បាស់ទៅកាន់អាជ្ញាធរសង្កាត់ ដែលពាក់ព័ន្ធ ដើម្បីឲ្យពួកគាត់បានទទួលសមិទ្ធផលប្រកបដោយគុណភាព និងប្រើប្រាស់បានយូរអង្វែង៕