(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ អនុសាខាកាកបាទក្រហមខណ្ឌចំការមន បានរៀបចំពិធីចែកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់គ្រួសារដែលមានជីវភាពខ្វះខាតចំនួន ២០គ្រួសារ រស់នៅក្នុងសង្កាត់ទន្លេបាសាក់ ក្រោមអធិបតីភាពលោក ថេង សុថុល ប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌចំការមន។
ក្នុងឱកាសនោះ លោក ថេង សុថុល បានផ្តាំផ្ញើសាកសួរសុខទុក្ខ និងក្ដីនឹករលឹកពីសំណាក់លោក ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ជាពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្ដេចតែងតែគិតគូរយកចិត្តទុកដាក់ ចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋក្រីក្រ ដែលមានទុក្ខលំបាក ជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់ រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។
ជាមួយគ្នានោះដែរ លោកប្រធានអនុសាខា បានមានមតិផ្ដាំផ្ញើអំពីការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ នាពេលបច្ចុប្បន្ន ត្រូវថែរក្សាអនាម័យអោយបានល្អ ដោយត្រូវពាក់ម៉ាស លាងដៃជាមួយ អាល់កុល ជែល ឬលាងដៃជាមួយសាប៊ូ ឲ្យបានស្អាតល្អ និងត្រូវរក្សាគម្លាតយ៉ាងតិច ១.៥០ម៉ែត្រពីគ្នា ព្រមទាំងចូលរួមថែរក្សាបរិស្ថាន ដោយត្រូវចេះវិចខ្ចប់និងទុកដាក់សំរាមឲ្យបានត្រឹមត្រូវផងដែរ។
ដោយសង្កេតឃើញថា រដូវនេះជារដូវរំហើយ និងខណៈដែលអាកាសធាតុត្រជាក់ កំពុងគ្របដណ្ដប់នៅទូទាំងប្រទេស ក៏ដូចនៅរាជធានីភ្នំពេញ លោកអភិបាលខណ្ឌ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ប្រុងប្រយ័ត្នចំពោះបញ្ហា អគ្គិភ័យ ដោយនៅមុនពេលចេញពីផ្ទះសូមពិនិត្យមើលភ្លើងចង្ក្រាន ទាន ធូប បញ្ហាចរន្តអគ្គិសនី សូមចៀស វាងកុំដាក់ដាំបាយ ដាំទឹក ទុកចោលជាដើម ហើយលោកអភិបាលខណ្ឌ ក៏បានប្រាប់ឲ្យលោកតា លោកយាយ បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមថែរក្សាសុខភាពទាំងអស់គ្នា។
ជាមួយគ្នានេះលោក ថេង សុថុល ក៏បានប្រាប់បងប្អូនដែរថា បើមានបញ្ហាអ្វីកើតឡើងនៅក្នុងមូលដ្ឋាន សូមទំនាក់ទំនងមករដ្ឋបាលសង្កាត់ ឬមករដ្ឋបាលខណ្ឌដោយផ្ទាល់ ដើម្បីឲ្យក្រុម ការងារសង្កាត់-ខណ្ឌ ធ្វើការដោះស្រាយជូនបងប្អូនឱ្យបានទាន់ពេលវេលា។
លោក ស៊ុន សិទ្ឋី នាយករដ្ឋបាល បានឲ្យដឹងថា អំណោយដែលទទួលបានក្នុង១គ្រួសាររួមមាន៖ អង្ករ ០១ប៉ាវ, ទឹកត្រី ទឹកស៊ីអ៉ីវ ត្រីខ សាប៊ូ, មី, ក្រម៉ា និងថវិកា ៤០,០០០រៀល (ខណ្ឌ ២០,០០០រៀល, សង្កាត់ ២០,០០០រៀល)៕