(ភ្នំពេញ)៖ ពេញមួយឆ្នាំ២០២០ មកនេះ ទោះបីជាខ្សត់ភ្ញៀវចូលស្នាក់នៅ និងរងផលប៉ះពាល់ជាច្រើនពីវិបត្តិជំងឺកូវីដ-១៩ យ៉ាងណាក៏ដោយ ក៏បណ្ដាសណ្ឋាគារ និងរីសតនានា ដែលជាសមាជិកសមាគមសណ្ឋាគារកម្ពុជា នៅតែត្រៀមខ្លួនជានិច្ចក្នុងទទួលភ្ញៀវទេសចរឡើងវិញសម្រាប់ឆ្នាំ២០២១នេះ ដោយថែមទាំងខិតខំកែលម្អសោភ័ណភាពទីតាំងរបស់ខ្លួន ពង្រីកគោលដៅទស្សនាឱ្យកាន់តែសម្បូរបែបជាងមុន និងមានការលើកទឹកចិត្តជាច្រើនដល់ភ្ញៀវទេសចរក្នុងស្រុកផងដែរ។
ដូចយើងដឹងស្រាប់ហើយថាដោយសារតែវិបត្តិនៃជំងឺកូវីដ-១៩ បានបង្កផលប៉ះពាល់ធ្ងន់ធ្ងរជាសកល ទាំងអាយុជីវិរបស់មនុស្សជាតិ វិបត្តិសង្គម និងសេដ្ឋកិច្ចរបស់ពិភពលោក ក្នុងនោះប្រទេសកម្ពុជាក៏រងផលប៉ះពាល់ធ្ងន់ធ្ងរផងដែរ។ ក្រៅពីបង្កការឆ្លងរីករាលដាលដល់ប្រជាពលរដ្ឋ ផលប៉ះពាល់នៃជំងឺនេះក៏បង្កជាវិបត្តិដល់វិស័យមួយចំនួនផងដែរ ពិសេសគឺវិស័យការងារ និងវិស័យទេសចរណ៍ ដែលរងផលប៉ះពាល់ធ្ងន់ជាងគេ។
ថ្លែងប្រាប់ Fresh News នាថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១នេះ លោកស្រី ខៃ ចិន្តា ប្រធានសមាគមសណ្ឋាគារកម្ពុជា (CHA) បានឱ្យដឹងថា ស្ទើរតែពេញមួយឆ្នាំ២០២០ សណ្ឋាគារ រីសត (Resort) និងទីតាំងទេសចរណ៍នានារបស់សមាជិកនៃសមាគមសណ្ឋាគារកម្ពុជា មិនមានភ្ញៀវទេសចរបរទេសចូលស្នាក់នៅ និងទស្សនាទាន់តែសោះ មានតែភ្ញៀវទេសចរក្នុងស្រុកបន្តិចបន្តួច ដែលចូលស្នាក់នៅពេលមានពិធីបុណ្យទានជាដើម ប៉ុន្តែនៅតែមិនអាចទ្រទ្រង់ការចំណាយនៅក្នុងសណ្ឋាគារបានគ្រប់គ្រាន់នោះឡើយ។
លោកស្រីបានថ្លែងយ៉ាងដូច្នេះថា «នៅដើមឆ្នាំ២០២០ ដូចជានៅខែ១ ខែ២ ទទួលបានភ្ញៀវទេសចរបរទេសខ្លះដែរ តែចូលដល់ចុងខែ២ គឺលែងទទួលបានតែម្ដង ដោយសារការរីករាលដាលជំងឺកូវីដទូទាំងពិភពលោកវាយលុកខ្លាំងពេក....យើងទទួលបានភ្ញៀវក្នុងស្រុកបានបន្តិចបន្តួចដែរ ពេលបុណ្យទានម្ដងៗ តែវាអត់អាចបំពេញតម្រូវការចំណាយ ដើម្បីប្រតិបត្តិការ Hotel ទេ ខាតរាល់ខែ គ្រាន់តែខាតតិច ខាតច្រើនតែប៉ុណ្ណឹង»។
ប្រធានសមាគមសណ្ឋាគារកម្ពុជាបានលើកឡើងអំពីមូលហេតុមួយថា ក្រោយពេលរដ្ឋាភិបាលប្រទេសមួយចំនួនតម្រូវឱ្យភ្ញៀវទេសចរធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃ មុនចេញពីប្រទេសខ្លួន ឬមុនពេលចូលប្រទេសគេនោះមក មិនមានភ្ញៀវបរទេសណាហ៊ានតស៊ូចេញទៅទស្សនាក្រៅប្រទេសឡើយ មានតែជម្រើសឋិតនៅក្នុងប្រទេសរៀងៗខ្លួនតែប៉ុណ្ណោះ។ លោកស្រីថា នៅតំបន់អឺរ៉ុប រដ្ឋាភិបាលពួកគេមិនទាន់អនុញ្ញាតឱ្យប្រជាជនចេញដើរក្រៅប្រទេសបាននៅឡើយ ហើយក៏មានការបិទប្រទេស ឬបិទតំបន់ជាច្រើន ដូចជានៅប្រទេសបារាំង គឺមានតំបន់ខ្លះត្រូវអាជ្ញាធរបិទបើកៗ ដោយសារតែការយាយីពីជំងឺកូវីដ១៩ ម្ដងហើយម្ដងទៀត។
លោកស្រីប្រធានសមាគម CHA បានបន្តថា នៅពេលជួបនឹងបញ្ហាវិបត្តិនេះហើយ និយោជកខ្វះលុយបើកប្រាក់ខែឱ្យបុគ្គលិក ខ្លះលុយចំណាយលើការថែទាំសណ្ឋាគារ រីសត និងការបង់ថ្លៃទឹក អគ្គិសនីជាដើម ចំណែកឯបុគ្គលិក-និយោជិតទៀតសោត បើកាលណាសណ្ឋាគារអត់ភ្ញៀវហើយ និយោជកជួបនូវការខាតបង់ ច្បាស់ជាត្រូវបង្ខំចិត្តកាត់បន្ថយប្រាក់ខែបុគ្គលខ្លះ ដើម្បីរក្សាការងារទាំងអស់គ្នា ដោយគ្រប់គ្នាសង្ឃឹមថា នៅឆ្នាំ២០២១ ស្ថានភាពនឹងល្អឡើងវិញ ហើយទាំងនិយោជក និងបុគ្គលិកអាចនៅបន្តអាជីវកម្ម និងឱកាសការងាររបស់ខ្លួនបាន។
ចំពោះការផ្សព្វផ្សាយអំពីផលិតទេសចរណ៍របស់សមាគមសណ្ឋាគារកម្ពុជាវិញ ត្រូវបានលោកស្រីប្រធានលើកឡើងថា សមាគមត្រូវខកខានក្នុងការផ្សព្វផ្សាយទៅកាន់ទីផ្សារទេសចរណ៍ក្រៅប្រទេស តួយ៉ាងកាលពីខែមីនា ឆ្នាំ២០២០ កន្លងទៅនោះ ក្រសួងទេសចរណ៍ ព្រមទាំងសមាគមមួយចំនួនដែលពាក់ព័ន្ធនឹងវិស័យទេសចរណ៍នៅកម្ពុជា បានត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើដំណើរទៅចូលរួមក្នុងពិព័រណ៍ទេសចរណ៍អន្តរជាតិ (ITE) នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម ដោយត្រៀមនឹងជួបជាមួយធុរជនក្នុងវិស័យទេសចរណ៍នៅក្រៅប្រទេសជាច្រើន ប៉ុន្តែដោយការឆ្លងរីករាលដាលជំងឺកូវីដ-១៩ វាយលុកខ្លាំងនៅទូទាំងសកលលោក ក៏គម្រោងការនោះត្រូវបានខកខានទាំងស្រុង។ បន្ទាប់ពីនោះមក ក៏មានការខកខានការចូលរួមផ្សព្វផ្សាយក្នុងការតាំងពិព័រណ៍នៅបរទេសផ្សេងៗទៀតដែរ។ សម្រាប់ឆ្នាំ២០២១នេះ ភាគីទាំងឡាយក្នុងវិស័យទេសចរណ៍អាចជួបពិភាក្សាគ្នា និងចរចាជាមួយគ្នាបានត្រឹមតែតាមរយៈប្រព័ន្ធវីដេអូប៉ុណ្ណោះ ប៉ុន្តែទោះជាយ៉ាងណាក៏ងាយស្រួល ហើយក៏មិនសូវមានប្រសិទ្ធភាពដូចការជួបគ្នាផ្ទាល់នោះដែរ។
បើតាមប្រធានសមាគមខាងលើ គិតត្រឹមពាក់កណ្ដាលខែមករា ឆ្នាំ២០២១នេះ ក្រុមហ៊ុនដែលជាសមាជិករបស់សមាគមសណ្ឋាគារកម្ពុជា នៅមិនទាន់ទទួលបានការកក់កន្លែងស្នាក់ពីសំណាក់ភ្ញៀវបរទេសណាម្នាក់នៅឡើយទេ គឺស្ងាត់ឈឹងតែម្ដង។
ទោះបីប្រឈមនឹងភាពខ្សត់ភ្ញៀវទេសចរស្ទើរតែពេញមួយឆ្នាំកន្លងទៅនេះ សណ្ឋាគារជាច្រើនបានចេញគោលការណ៍លើកទឹកចិត្តដល់ភ្ញៀវទេសចរ ពិសេសគឺភ្ញៀវក្នុងស្រុក ដោយមានការបញ្ចុះតម្លៃស្នាក់នៅចាប់ពី ២០-៥០ ភាគរយ ព្រមទាំងខិតខំរៀបចំសោភ័ណភាព ការរចនាទីតាំងរបស់ខ្លួនឱ្យកាន់តែស្អាតជាងមុន តួយ៉ាងដូចនៅតាមរីសតមួយចំនួនបានខិតខំពង្រីកគោលដៅទស្សនាថ្មីៗបន្ថែម សំដៅធ្វើយ៉ាងណាបង្កើនភាពទាក់ទាញសម្រាប់ប្រជាពលរដ្ឋដែលមានចំណូលមធ្យម ឬចំណូលសមរម្យអាចចូលទស្សនា និងស្នាក់នៅសណ្ឋាគារលំដាប់់ផ្កាយក្នុងប្រទេសរបស់ខ្លួនបាន។
លោកស្រី ខៃ ចិន្តា បានបញ្ជាក់ថា បណ្ដាក្រុមហ៊ុនសមាជិករបស់ CHA បានខិតខំបណ្ដើរៗក្នុងការពង្រីកសកម្មភាពទេសចរណ៍ជាចម្បងនៅតាមរមណីយដ្ឋាន ឬ Resort តំបន់អេកូទេសចរណ៍ កសិទេសចរណ៍ជាដើម ដើម្បីជៀសវាងការប្រមូលផ្ដុំគ្នាច្រើនដូចនៅតាមទីប្រជុំជន ក៏ដូចជាចូលរួមអនុវត្តវិធានសុវត្ថិភាពទេសចរណ៍របស់ក្រសួងទេសចរណ៍ និងវិធានការបង្ការ-ទប់ស្កាត់ការចម្លងជំងឺកូវីដ១៩ ដែលណែនាំដោយក្រសួងសុខាភិបាលជាដើម។ ក្រៅពីនេះ សមាគមក៏បានបង្កើនទិសដៅទស្សនានៅតាមតំបន់ទេសចរណ៍ ឬតាមបណ្ដាខេត្តផ្សេងៗ ដើម្បីបំពេញតម្រូវការរបស់ភ្ញៀវទេសចរឱ្យកាន់តែសម្បូរបែប។
លោកស្រីបានបង្ហាញពីការលើកទឹកចិត្តយ៉ាងដូច្នេះថា «ពេលមិនទាន់មានជំងឺកូវីដ ប្រជាពលរដ្ឋខ្មែរយើងបានទៅទស្សនាក្រៅប្រទេស ទាំងការជិះយន្តហោះ ការជួលសណ្ឋាគារស្នាក់ផ្កាយ៣ ផ្កាយ៤ ផ្កាយ៥ ការទិញទំនិញផ្សេងៗជាដើមនោះ គឺពិតជាត្រូវចំណាយថវិកាយ៉ាងច្រើន ដូច្នេះស្របពេលដែលនៅក្រៅប្រទេសមិនទាន់មានសុវត្ថិភាពពីជំងឺកូវីដ ពួកគាត់អាចដើរកម្សាន្តឱ្យបានច្រើននៅតាមគោលដៅទេសចរណ៍នានា ហើយអាចភ្លក្សរសជាតិស្នាក់នៅក្នុងសណ្ឋគារលំដាប់ផ្កាយនៅក្នុងប្រទេសខ្លួនវិញម្ដង ទាន់ពេលសណ្ឋាគារនៅបញ្ចុះតម្លៃ»។
សូមជម្រាបថា បច្ចុប្បន្ន សមាគមសណ្ឋាគារកម្ពុជា (CHA) មានសមាជិកនៅក្នុងដៃជាង ១០០ ក្រុមហ៊ុនហើយ ខណៈលោកស្រី ខៃ ចិន្ដា បានបញ្ជាក់ថា ក្រុមហ៊ុនខ្លះមានសណ្ឋាគារលើសពីមួយកន្លែងឡើងទៅ ក្រៅពីនោះនៅមានដូចជារមណីយដ្ឋានទេសចរណ៍ឯកជន (Resort) អេកូទេសចរណ៍ កសិទេសចរណ៍ជាដើម៕