(ភ្នំពេញ)៖ ជាការចូលរួមចំណែកក្នុងការបង្ការទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ១៩ ដែលកំពុងតែគំរាមកំហែងសុខភាព និងជីវភាពរស់នៅរបស់ប្រជាជនជុំវិញពិភពលោក ពិសេសសុខភាពរបស់សិស្សានុសិស្ស ក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានចែកអាល់កុល និងសម្ភារមួយចំនួនទៀតដល់គ្រឹះស្ថានអប់រំរបស់រដ្ឋចំនួន២៨ នៅក្នុងខណ្ឌច្បារអំពៅ។
ក្នុងពិធីនេះ អភិបាលខណ្ឌបានសំណេះសំណាល និងផ្តាំផ្ញើឲ្យលោកគ្រូអ្នកគ្រូ ដែលជានាយកសាលា ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជូនតាមការណែនាំរបស់ក្រសួងសុខាភិបាល។ ថ្វីត្បិតតែប្រទេសយើងទទួលបានចំណាត់ថ្នាក់លេខ១ នៅលើពិភពលោកក្នុងកិច្ចការពារជំងឺឆ្លងកូវីដ-១៩យ៉ាងណាក៏ដោយ ក៏យើងមិនត្រូវធ្វេសប្រហែសឡើយ ត្រូវរួមគ្នាបង្ការ ទប់ស្កាត់ ការរីករាលដាលជំងឺឆ្លងកូវីដ-១៩តទៅទៀត។
លោកអភិបាលបានបន្តថា ជំងឺឆ្លងកូវីដ១៩ អាចហៅម៉្យាងទៀតថា ជាជំងឺកូរ៉ូណា បើយើងធ្វេសប្រហែសបន្តិច អាចឲ្យយើងមរណា គ្មានថ្ងៃវិលវិញនោះទេ ដូច្នេះហើយយើងត្រូវរួមគ្នាបង្ការ ទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩ កុំឲ្យរីករាលដាល តទៅទៀត តាមរយៈការអនុវត្តន៍ជាប្រចាំតាមគោលការណែនាំរបស់ក្រសួងសុខាភិបាល រួមមាន អនុវត្តនូវវិធានទាំង៣រួមមាន៖
*ទី១៖ ឧស្សាលាងដៃជាមួយ សាប៊ូ អាល់កុល ឬជែល
*ទី២៖ អង្គុយគម្លាតពីគ្នាចាប់១,៥០ម៉ែត្រ
*ទី៣៖ កុំប្រមូលផ្តុំគ្នាច្រើន។
ដោយឡែកនៅព្រឹកថ្ងៃដដែលនេះដែរ បន្ទាប់ពីចែលអាល់កុល និងជែល ដល់គ្រឹះស្ថានសិក្សារួចមក លោកអភិបាលខណ្ឌបានដឹកនាំប្រតិភូអនុសាខាកាកបាទក្រហមខណ្ឌច្បារអំពៅ នាំយកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន២០គ្រួសារ រស់នៅភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅផងដែរ។
ជាមួយគ្នានេះលោកអភិបាលខណ្ឌ បានផ្តាំផ្ញើសួរសុខទុក្ខប្រជាពលរដ្ ឋពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតផងដែរ៕