(ភ្នំពេញ)៖ ឧត្តមសេនីយ៍ត្រី អេង ហ៉ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឲ្យដឹងថា បុរសម្នាក់ដែលមិនមែនជាមន្ត្រីអាវុធហត្ថ និងបានដកកាំភ្លើងភ្ជង់យុវជនម្នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ នៅម្តុំផ្សារថ្មី រាជធានីភ្នំពេញ ត្រូវបានឃាត់ខ្លួនហើយ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១។
ឧត្តមសេនីយ៍ត្រី អេង ហ៉ី បានបញ្ជាក់ថា បុគ្គលដែលបង្កហេតុដកកាំភ្លើង និងបានអះអាងខ្លួនជាអាវុធហត្ថ កើតហេតុនៅចំណុចផ្ដុំផ្សារថ្មី ស្ថិតនៅសង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ ដែលមានឈ្មោះ សុខ ណាម៉ាលីដូ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរបុគ្គលិករោងចក្រកាត់ដេរ ទីលំនៅផ្ទះលេខ១២ អឺសូន្យ ផ្លូវលេខ៨៨ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ត្រូវបានមន្ត្រីនគរបាលយុត្តិធម៌នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួន នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១។ ការឃាត់ខ្លួន ធ្វើឡើងក្រោមការដឹកនាំ និងសម្របសម្រួលដោយលោក ប្លង់ សុផល ព្រះរាជអាជ្ញារង តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
ឧត្តមសេនីយ៍ត្រី អេង ហ៉ី បន្ថែមថា កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ កន្លងទៅនេះ កងរាជអាវុធហត្ថបានចេញសេចក្តីប្រកាសព័ត៌មាន និងបានបញ្ជាក់ច្បាស់ថា ក្នុងករណីបុគ្គលណាប្រព្រឹត្តល្មើសច្បាប់ ត្រូវតែបញ្ជូនបុគ្គលនោះទៅតុលាការផ្តន្ទាទោសតាមច្បាប់ ដូចទិសស្លោកដែលបានដាក់ចេញ៖ «ចំពោះប្រទេសជាតិត្រូវតែការពារ! ចំពោះប្រជាត្រូវតែបម្រើ! ច្បាប់ត្រូវតែគោរព! បទល្មើសត្រូវតែបង្ក្រាប!»។
កងរាជអាវុធហត្ថ ក៏បានអំពាវនាវដល់បុគ្គលគ្រប់រូប សូមចូលរួមគោរពច្បាប់ទាំងអស់គ្នា ដើម្បីរក្សាបានសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម៕