(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យមួយ ស្ដីពីការបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិត នៅក្នុងប្រទេសកម្ពុជា។
ព្រះរាជក្រឹត្យនេះ មានគោលដៅកំណត់ អំពីពិធីបុណ្យ លក្ខខណ្ឌ បែបបទ និងនីតិវិធីក្នុងការបន្ធូរបន្ថយទោស និងលើកលែងទោស ចំពោះទណ្ឌិតក្នុងគោលបំណង ដើម្បីធ្វើសមាហរណកម្មទណ្ឌិតនោះ ឱ្យចូលទៅរួមរស់ក្នុងសង្គមវិញឬក្នុងគោលបំណងផ្នែកមនុស្សធម៌។
ព្រះរាជក្រឹត្យនេះ ក៏មានវិសាលភាពគ្របដណ្ដប់ទៅលើការបន្ធូរបន្ថយទោស និងលើកលែងទោស ចំពោះទណ្ឌិតទាំងអស់ដែលត្រូវបានផ្ដន្ទាទោសដាក់ពន្ធនាគារ ដោយសាលក្រម ឬសសាលដីកាស្ថាពររបស់តុលាការកម្ពុជា និងចំពោះទណ្ឌិត ដែលត្រូវបានផ្ដន្ទាទោសដាក់ពន្ធនាគារ ដោយអំណាចតុលាការនៃរដ្ឋបរទេស ប៉ុន្តែត្រូវបានបញ្ជូនឲ្យមកអនុវត្តទោសនៅកម្ពុជា ដោយផ្អែកតាមការព្រមព្រៀងរវាងព្រះរាជាណាចក្រកម្ពុជា និងរដ្ឋបរទេសនោះ។
តាមរយៈព្រះរាជក្រឹត្យនេះ ជារៀងរាល់ឆ្នាំពិធីបុណ្យដែលអាចស្នើសុំការបន្ធូរបន្ថយទោសនិងលើកលែងទោសដល់ទណ្ឌិតបានមានចំនួន ៥ ពិធីបុណ្យ ក្នុងនោះមានដូចជា៖
១៖ ទិវាជ័យជំនះលើរបបប្រល័យពូជសាសន៍
២៖ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ
៣៖ ពិធីបុណ្យវិសាខបូជា
៤៖ ពិធីបុណ្យឯករាជ្យជាតិ
៥៖ ពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក៕
ខាងក្រោមនេះជាព្រះរាជក្រឹត្យព្រះមហាក្សត្រ៖