(ភ្នំពេញ)៖ យុវជនម្នាក់ខណៈបើករថយន្ត រួមដំណើរជាមួយស្រី្តម្នាក់ទៀត ដែលអាជ្ញាធរ អះអាងថា ជាបងប្អូនគ្នានោះ ត្រូវបានគេជួយសង្គ្រោះភ្លាមៗ ក្រោយពីរថយន្តរបស់ ពួកគេកំពុងជិះធ្លាយហ្គាសចេញផ្សែង បណ្តាលឲ្យពុលឈ្លក់ស្ទើរសន្លប់ទាំង២នាក់ នៅវេលាម៉ោងប្រមាណ៨៖២០នាទី យប់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ស្ថិតនៅតាមផ្លូវព្រះមុនីរ៉េត មុខសាលាបឋមសិក្សាភូមិឫស្សី ក្នុងភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
ប៉ុន្តែជនរងគ្រោះទាំង២នាក់ ត្រូវបានអាជ្ញាធរ និងសមត្ថកិច្ចជួយទាន់ ដឹកយកទៅមន្ទីរពេទ្យនៅក្បែរនោះ។ អាជ្ញាធរសង្កាត់ស្ទឹងមានជ័យ រហ័សនាម៣៣ បានប្រាប់ Fresh News ថា មុនពេលកើតហេតុជនរងគ្រោះទាំង២នាក់ បានធ្វើដំណើរតាមរថយន្ត Hylander មួយគ្រឿងពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ 2L-5600 ទិសដៅពីភ្នំពេញមកចំការដូង លុះពេលធ្វើដំណើរ ដល់សាលាភូមិឫស្សី ស្រាប់តែហ្គាសធ្លាយចេញមកហើយចូលម៉ាស៊ីនបណ្តាល ឲ្យពុលរហូតឈ្លក់សន្លប់តែម្តង។
ក្រោយមានករណីនេះកើតឡើង ជនរងគ្រោះទាំង២នាក់ ត្រូវបានអាជ្ញាធរ និងសមត្ថកិច្ចជួយសង្គ្រោះ ដោយដឹកយក ទៅកាន់មន្ទីរព្យាបាលសួគ៌ានៅក្បែរនោះ កុំអីជួបគ្រោះធ្ងន់ធ្ងរជាក់ជាមិនខាន៕