(ភ្នំពេញ)៖ អភិបាលខណ្ឌចំការមន ជម្រុញអោយអាជ្ញាធរពាក់ព័ន្ធពិនិត្យលើបញ្ហា គ្រឿងញៀន និងក្មេងទំនើង បញ្ហាសណ្តាប់ធ្នាប់ ជាពិសេសការរំលោភយកចិញ្ចើមផ្លូវសាធារណៈ និងការតសំយ៉ាបយ៉ាងអនាធិបតេយ្យ ដែលធ្វើអោយបាត់បង់សោភណ្ឌភាពក្នុងទីក្រុង។
លោក ថេង សុថុល អភិបាលខណ្ឌចំការមនលើកឡើងបែបនេះ ក្នុងកិច្ចប្រជុំគណ:បញ្ជាការឯកភាពខណ្ឌដែលមានការចូលរួមពីលោក-លោកស្រីអភិបាលរងខណ្ឌ, លោកនាយក-នាយករងរដ្ឋបាលខណ្ឌ, អធិការនគរបាលខណ្ឌ, មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ និងមន្ត្រីពាក់ព័ន្ធកាលពីព្រឹកថ្ងៃទី១២មករានេះ។
លោក អភិបាលខណ្ឌចំការមនក្នុងកិច្ចប្រជុំ បានជម្រុញអោយអាជ្ញាធរពាក់ព័ន្ធ ពិនិត្យឡើងវិញពីបញ្ហាសន្តិសុខ គ្រឿងញៀន ក្មេងទំនើងនៅក្នុងទីតាំងម្តុំកោះពេជ្រ ដោយត្រូវបន្តចុះធ្វើរដ្ឋបាលត្រួតពិនិត្យអោយបាន២ដង ក្នុង១សប្តាហ៍ ពិសេសពិនិត្យមើលក្មេងទំនើងដែលតែងតែប្រមូលផ្តុំក្នុងដីឡូតិ៍ទំនេរអាចមានការជក់គ្រឿងញៀន ពិសេសក្នុងសង្កាត់ទន្លេបាសាក់ ដែលពេលខ្លះមានលាក់ទុកអាវុធនិងដាវ តែងតែបង្កអោយមានបញ្ហាជារឿយធ្វើអោយមានការភ័យខ្លាចដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានត្រូវបន្តដាក់ប៉ុស្តិ៍ ត្រួតពិនិត្យឆែកឆេរកអាវុធជាតិផ្ទុះនិងពិនិត្យជាតិអាល់កុលនៅពេលយប់ផងដែរ។
លោក ថេង សុថុល ក៏បានជម្រុញអោយអាជ្ញាធរត្រូវចាប់ផ្តើមចុះពិនិត្យលើបញ្ហាម៉ូតូកែរច្នៃបំពង់ស៊ីម៉ាំង មិនថាម៉ូតូតូចនិងម៉ូតូធំ ដែលបង្កជាសំឡេងរំខានដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន អាជ្ញាធរត្រូវចុះស្រង់ព័ត៌មានពីទីតាំងជួសជុលកែរច្នៃខុសបច្ចេកទេស និងអត្តសញ្ញាណព្រមទាំងអាសយដ្ឋានរបស់ម្ចាស់ម៉ូតូ រង់ចាំមានបទបញ្ជាជាថ្មីពីអាជ្ញាធរនិងមន្ទីរពាក់ព័ន្ធលើបញ្ហាការកែរស៊ីម៉ាំងម៉ូតូអោយមានសំលេងលឺខ្លាំងបង្ករជាការរំខាននេះ។ ក្នុងនោះផងដែរ ពាក់ព័ន្ធនិងបញ្ហាសណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន អាជ្ញាធរពាក់ព័ន្ធត្រូវបន្តពិនិត្យលើតំរាយផ្លូវទាំង១២ខ្សែររបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលបានដាក់ចេញកន្លងមក ពាក់ព័ន្ធការរំលោភចិញ្ចើមផ្លូវសាធារណ: ដាក់តាំងលក់ទំនិញផ្សងៗធ្វើអោយគ្មានផ្លូវសំរាប់ថ្មើរជើងដែលបង្កអោយមានការកកស្ទះចរាចរណ៍ជាពិសេសក្នុងសង្កាត់ទួលទំពូង២។ ត្រូវចាប់ផ្តើមបន្តអនុវត្តវិធានការណ៍រដ្ឋបាលក្នុងការចុះរុះរើសំយ៉ាបផ្ទះ និងការតយ៉ាកនៅតាមដងផ្លូវដែលសាងសង់សំណង់រឹងមាំបែបអនាធិបតេយ្យ បាត់បង់សោភណ្ឌភាពក្នុងទីក្រុងពិសេសតំបន់ផ្សារដើមថ្កូវ ត្រូវបន្តចាត់វិធានការណ៍លើជនមួយចំនួនដែលដើរបិទស្ទិគ័រ ផ្សព្វផ្សាយពាណិជ្ជកម្មដោយខុសច្បាប់នៅតាមបង្គោលភ្លើងធ្វើអោយបាត់បង់សោភណ្ឌភាពក្នុងនិងសណ្តាប់ធ្នាប់ក្នុងទីក្រុង។
លោក ថេង សុថុល បានបន្តអោយដឹងថា ត្រូវតែបន្តអនុវត្តវិធានការណ៍នេះជារៀងរហូតដើម្បីចូលរួមធ្វើអោយ ភូមិ សង្កាត់ មានសុវត្ថិភាពស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងដើម្បីសេចក្តីសុខទាំងផ្លូវកាយ និងផ្លូវចិត្តជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌចំការមនទាំងមូល៕