(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១នេះ បានបន្ថែមការឧបត្ថម្ភថវិកាចំនួន៥០០លានរៀល និងជំនួយមួយចំនួនបន្ថែមទៀតដល់ខេត្តបន្ទាយមានជ័យ ដើម្បីរៀបចំការ ធ្វើចត្តាឡីស័កសម្រាប់ពលករខ្មែរ ដែលត្រឡប់មកពីប្រទេសថៃ។ នេះបើតាមការបញ្ជាក់របស់លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលជូនដល់បណ្តាញព័ត៌មាន Fresh News។
លោកស្រី យក់ សម្បត្តិ បានបន្តថា ក្រៅពីបន្ថែមថវិកា៥០០លានរៀល សម្តេចតេជោ ហ៊ុន សែន ក៏បានឧបត្ថម្ភជំនួយមួយចំនួនទៀតខេត្តបន្ទាយមានជ័យ ដូចជា ឃីតចំនួន៥ពាន់ឃីត មីចំនួន៥ពាន់កេស និងទឹកសុទ្ធចំនួន១ម៉ឺនកេស ដែលថវិកា និងជំនួយទាំងនេះ ត្រូវបានក្រសួងសុខាភិបាលចាត់ចែង ដឹកជញ្ជូនទៅប្រគល់ជូនគណៈអភិបាលខេត្តបន្ទាយមានជ័យនៅយប់នេះតែម្តង។
សូមបញ្ជាក់ថា កាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១ កន្លងទៅ សម្តេចតេជោ ហ៊ុន សែន ទើបតែបន្ថែមថវិកាសរុប៧០០លានរៀលទៀត ដល់ខេត្តជាប់ព្រំដែនចំនួន៤ ដើម្បីរៀបចំធ្វើចត្តាឡីស័ក សម្រាប់ពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ។ ខេត្តជាប់ព្រំដែនចំនួន៤នោះមាន ខេត្តប៉ៃលិនទទួលបានថវិកាបន្ថែម២០០លានរៀល ខេត្តបាត់ដំបងទទួលបាន២០០លានរៀល ខេត្តបន្ទាយមានជ័យទទួលបាន២០០លានរៀល និងខេត្តឧត្តរមានជ័យទទួលបានថវិកាបន្ថែម១០០លានរៀល។
ខេត្តចំនួន៤នេះ ក៏ទទួលបានថវិកាបន្ថែមសរុបចំនួន ៦៥០លានរៀល និងសម្ភារមួយចំនួនទៀត កាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០២១ កន្លងទៅ ដើម្បីធ្វើយ៉ាងណារៀបចំសម្រួលដល់ការធ្វើចត្តាឡីស័កសម្រាប់ពលករដែលមកពីប្រទេសថៃ។
បើតាមក្រសួងសុខាភិបាល, រហូតដល់ពេលនេះ មានពលករជាង១,២ម៉ឺននាក់ បានត្រឡប់ពីប្រទេសថៃ ហើយត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័ក នៅខេត្តជាប់ព្រំដែន ក្នុងប្រទេសកម្ពុជា បន្ទាប់ពីប្រទេសថៃ មានការផ្ទុះរីករាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍យ៉ាងគំហុក នៅខេត្តសាមុតសាខន ហើយបន្តរាលដល់ខេត្តមួយចំនួនជាប់ព្រំដែន៕