(ភ្នំពេញ)៖ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានអង្គប្រជុំ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១នេះ បានបើកកិច្ចប្រជុំជាថ្មីម្តងទៀត ដើម្បីពិនិត្យទៅលើវឌ្ឍនភាពការងាររបស់គណៈកម្មការ លេខាធិការដ្ឋាន និងក្រុមការងាររៀបចំវេទិកា «សេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុប» លើកទី១ ដែលនឹងធ្វើឡើងនៅកម្ពុជា។
ក្នុងកិច្ចប្រជុំនេះលោករដ្ឋមន្ត្រីពាណិជ្ជកម្ម បានគូសបញ្ជាក់ថា វេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុប គឺជាវេទិកាអមមួយក្នុងក្នុងចំណោមវេទិកាទាំង៧ នៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប (ASEM)។
លោករដ្ឋមន្ត្រី បន្តថា កិច្ចប្រជុំកំពូលនេះ ជាវេទិកាដ៏សំខាន់មួយសម្រាប់កិច្ចសហប្រតិបត្ដិការរវាងតំបន់ និងតំបន់ ដែលផ្ដល់ប្រយោជន៍ជាច្រើនដល់កម្ពុជាដូចជា ឱកាសល្អក្នុងការលើកកម្ពស់មុខមាត់នៅលើឆាកអន្តរជាតិ, ឱកាសក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា ជាមួយសមាជិកដទៃទៀត តាមរយៈកិច្ចប្រជុំកម្រិតខ្ពស់នានានៃដំណើរការរបស់ ASEM និងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យជាក់លាក់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា រួមមានការផ្លាស់ប្តូរពាណិជ្ជកម្ម ការវិនិយោគ ទេសចរណ៍ និងវប្បធម៌ជាដើម។
លើសពីនេះ កិច្ចប្រជុំនេះ ក៏រួមចំណែកលើកស្ទួយការអភិវឌ្ឍធនធានមនុស្សរបស់កម្ពុជា ទាំងក្នុងវិស័យសាធារណៈ និងឯកជន និងការលើកកម្ពស់ការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន នៅក្នុងបរិបទដែលតំបន់អាស៊ី-អឺរ៉ុប កំពុងមានការតភ្ជាប់គ្នាកាន់តែខ្លាំងឡើងៗ។
លោក ប៉ាន សូរស័ក្តិ បន្ដថា កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប ជាវេទិកាសម្រាប់កិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការរវាងទ្វីបអាស៊ីនិងអឺរ៉ុប ដែលផ្តោតលើការពង្រឹងភាពជាដៃគូជំរុញឱ្យមានសន្តិភាព និងសន្តិសុខ និងលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព។ លើសពីនេះកិច្ចប្រជុំនេះ មានវិសាលភាពគ្របដណ្តប់លើទិដ្ឋភាពនយោបាយ និងសន្តិសុខ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងទិដ្ឋភាពវប្បធម៌-សង្គម ហើយយន្តការនេះក៏ជាវេទិកាដ៏ល្អប្រសើរសម្រាប់ថ្នាក់ដឹកនាំដោះស្រាយបញ្ហាប្រឈមសកលនានាផងដែរ។
ក្នុងកិច្ចប្រជុំពិនិត្យការងារនេះ លោករដ្ឋមន្ត្រី បានណែនាំឱ្យមានការត្រៀមរៀបចំវេទិកាជាលក្ខណៈ Virtual និង Physical។ ការអញ្ចើញត្រូវពិនិត្យឱ្យបានច្បាស់លាស់ព្រោះអ្នកចូលរួមសុទ្ធតែមានសក្ដានុពលខ្ពស់ ព្រមទាំងត្រៀមវីដេអូឱ្យបានរួចរាល់ជាមុន។
ម្យ៉ាងវិញទៀត ដោយបច្ចុប្បន្នស្ថិតក្នុងបរិការណ៍នៃការរាតត្បាតជំងឺ COVID-19 ត្រូវគិតគូពីឧបករណ៍សុវត្ថិភាពដើម្បីត្រៀមរៀបចំវេទិកាដ៏មានសារៈសំខាន់នេះ ព្រមទាំងចំនួនភ្ញៀវចូលរួមបន្ទប់ប្រជុំ គម្លាតសុវត្ថិភាព ម៉ាស ទឹកអាល់កុល ឬជែលលាងដៃ និងឧបករណ៍ថតសីតុណ្ហភាព ដោយអនុលោមតាមវិធានការរបស់ក្រសួងសុខាភិបាល។ ជាពិសេសត្រូវត្រៀមគ្រូពេទ្យសម្រាប់សង្គ្រោះនៅពេលមានបញ្ហាអ្វីមួយកើតឡើង។
លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងរបស់មន្ត្រីនៅក្នុងគណៈកម្មការ លេខាធិការដ្ឋាន ព្រមទាំងក្រុមការងារ និងតំណាងមកពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបានខិតខំចំណាយពេលវេលាអស់រយៈពេលជាច្រើនខែកន្លងមក ដើម្បីត្រៀមរៀបចំវេទិកានេះ ឱ្យទទួលបានជោគជ័យ និងផ្លែផ្កា នៅពេលខាងមុខនេះ៕